ជាតិ
សេដ្ឋកិច្ច
ក្រសួងរ៉ែ ស្នើឲ្យក្រុមហ៊ុនជប៉ុនទិញដំឡូងមីពីកម្ពុជា យកទៅផលិតប្រេងអេតាណុលនៅថៃ
× ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានស្នើឲ្យក្រុមហ៊ុនផលិតប្រេងអេតាណុល (អាកុល) មួយរបស់ជប៉ុនដែលមានមូលដ្ឋានផលិតកម្មនៅប្រទេសថៃ ឲ្យជួយទិញដំឡូងមីពីកម្ពុជា ស្របពេលដែលកសិផលប្រភេទនេះកំពុងត្រូវការទីផ្សារបន្ថែម។
ការស្នើឲ្យក្រុមហ៊ុនជប៉ុនជួយទិញដំឡូងមីនេះ គឺធ្វើឡើងនាឱកាសដែលតំណាងក្រុមហ៊ុន Idemitsu Kosan ជប៉ុននេះបានជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់របស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៣ខែមិថុនា។ ក្រុមហ៊ុននេះបានបង្ហាញបំណងរបស់ខ្លួនលើការវិនិយោគរោងចក្រចម្រាញ់ប្រេងអេតាណុលពីដំឡូងមីនៅកម្ពុជា។
លោក ឌិត ទីណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល និងជាអ្នកដឹកនាំកិច្ចពិភាក្សានេះ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ចំណាប់អារម្មណ៍បោះទុនលើការផលិតប្រេងអេតាណុលនៅកម្ពុជារបស់ក្រុមហ៊ុនជប៉ុននេះ មិនទាន់អាចអនុវត្តជាក់ស្ដែងបាននោះទេ ដោយសារតម្លៃប្រេងបានធ្លាក់ចុះ។ លោកថ្លែងយ៉ាងដូច្នេះថា៖«ពួកគាត់ក៏មានការប្រយ័ត្នប្រយែងដែរ ព្រោះ គេយកប្រេងអេតាណុលទៅលាយជាមួយប្រេងសាំងបន្ថែម ដល់ថ្លៃប្រេងទាប ពួកគាត់ត្រូវគិតគូរឲ្យបានច្រើន»។
ដោយសារតែគម្រោងចម្រាញ់ប្រេងរបស់ក្រុមហ៊ុននេះ ស្ថិតក្នុងដំណាក់កាលវែងឆ្ងាយ លោក ឌិត ទីណា បានស្នើឲ្យក្រុមហ៊ុនទិញដំឡូងមីកម្ពុជាយកទៅចម្រាញ់ក្នុងរោងចក្រនៅប្រទេសថៃ។ លោកប្រាប់យ៉ាងដូច្នេះថា៖«យើងស្នើដល់គាត់ថាក្នុងពេលបច្ចុប្បន្ននេះ គាត់អាចទទួលយកបានទេនូវដំឡូងមីខ្មែរមួយចំនួន ដើម្បីយកទៅចម្រាញ់នៅរោងចក្រដែលគាត់មានស្រាប់ គឺកុំឲ្យយើងចាំរហូតដល់មានរោងចក្រនៅកម្ពុជាបានយើងមានទីផ្សារនោះ»៕
© រក្សាសិទ្ធិដោយ thmeythmey.com