ជាតិ
សម្តេច ហ៊ុន សែន ត្រៀម​ជួប​លោក Trump ដើម្បី​ប្រាប់​រឿង​ដែល​គេ​មិន​ចូលចិត្ត​អាមេរិក​
15, Jun 2017 , 10:26 am        
រូបភាព
​សម្តេច ហ៊ុន សែន បានប្រកាសថា លោក​ត្រៀម​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ (Donald Trump) ដើម្បី​រៀបរាប់​អំពី​អ្វីដែល​គេ​មិន​ចូលចិត្ត​អាមេរិក​។ សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា ត្រៀម​ជួប​លោក ដូ​ណា​ល់ ត្រាំ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក ដែល​គ្រោង​នៅ​ខែវិច្ឆិកា​។​



​សម្តេច ហ៊ុន សែន ទំនងជា​បានដឹង​រឿងរ៉ាវ​ច្រើន​ដែល​ទាក់ទង​នឹង​ការ​រអ៊ូរទាំ និង​ការមិន​ចូលចិត្ត​សហរដ្ឋអាមេរិក​ពី​សំណាក់​មនុស្សម្នា​ជាច្រើន​។ ហើយ​សម្តេច​ត្រៀម​យក​បញ្ហា​ទាំងនេះ​ទៅប្រាប់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ដោយផ្ទាល់​តែម្តង​។ ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកល​វិទ្យា​បញ្ញា​សាស្ត្រ​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែមិថុនា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី​គ្រោង​ជួប​លោក ត្រាំ នៅក្នុង​ជំនួប​កំពូល​អាស៊ាន អាមេរិក ដែល​គ្រោង​ប្រព្រឹត្តទៅ​ប្រទេស​ហ្វីលីពីន នៅក្នុង​ខែវិច្ឆិកា​ខាងមុខនេះ​។​

​បញ្ហា​មួយ​ដែល​អាច​នៅក្នុង​បញ្ជី​នៃ​បញ្ហា​ជាច្រើន ដែល​សម្តេច ហ៊ុន សែន នឹង​អាច​លើកឡើង​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក គឺ​បញ្ហា​តម្លៃ​ទិដ្ឋាកា​អាមេរិក​។​

​សម្តេច ហ៊ុន សែន បាន​ព្រលយ​យ៉ាង​ដូច្នេះ​៖«​ឆ្នាំនេះ​អាច​ដូ​ណា​ល់ ត្រាំ មក​ប្រជុំ​អាស៊ាន​អាមេរិក ខ្ញុំ​នឹង​ប្រាប់ ដូ​ណា​ល់ ត្រាំ ថា តើ​អ្វី​ទៅ​ដែល​គេ​មិន​ចូលចិត្ត​អាមេរិក​? អ្នក​ទាំងអស់គ្នា​ប្រហែលជា​ដឹង​ហើយ​ថា​ទៅសុំ​ទិដ្ឋាកា​អាមេរិក ត្រូវយក​១៥០​ដុល្លារ​ទៅជា​មួយ​។ បើជា​ប់ (​បាន​ទិដ្ឋាកា​) ក៏​អស់​១៥០​ដុល្លារ បើ​មិន​ជាប់​ក៏​អស់​១៥០​ដុល្លារ​។ ខ្ញុំ​នឹង​សួរ ដូ​ណា​ល់ ត្រាំ លើ​រឿង​ហ្នឹង​ថា​អាច​សម្រួល​បានទេ​?»​។​

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា លោក​ធ្លាប់​ចង់​លើក​បញ្ហា​ទាំងនេះ​ជាមួយ​អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ដែរ កាលពី​កិច្ចប្រជុំ​អាស៊ាន​នៅក្នុង​ប្រទេស​ឡាវ ក៏ប៉ុន្តែ​លោក​បាន​សម្រេចចិត្ត​មិន​និយាយ​ពី​ប្រធានបទ​នេះ​វិញ​ដោយ​គិតថា ពេលនោះ លោក អូ​បា​ម៉ា ជិត​ផុត​អាណត្តិ​ហើយ​។​
 


Tag:
 ហ៊ុន សែន
  Donald Trump
© រក្សាសិទ្ធិដោយ thmeythmey.com