ជាតិ
សម្តេច ហ៊ុន សែន ត្រៀមជួបលោក Trump ដើម្បីប្រាប់រឿងដែលគេមិនចូលចិត្តអាមេរិក
× សម្តេច ហ៊ុន សែន បានប្រកាសថា លោកត្រៀមជួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) ដើម្បីរៀបរាប់អំពីអ្វីដែលគេមិនចូលចិត្តអាមេរិក។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ត្រៀមជួបលោក ដូណាល់ ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលគ្រោងនៅខែវិច្ឆិកា។
សម្តេច ហ៊ុន សែន ទំនងជាបានដឹងរឿងរ៉ាវច្រើនដែលទាក់ទងនឹងការរអ៊ូរទាំ និងការមិនចូលចិត្តសហរដ្ឋអាមេរិកពីសំណាក់មនុស្សម្នាជាច្រើន។ ហើយសម្តេចត្រៀមយកបញ្ហាទាំងនេះទៅប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយផ្ទាល់តែម្តង។ ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាបញ្ញាសាស្ត្រនៅព្រឹកថ្ងៃទី១៥ខែមិថុនានេះ សម្តេចនាយករដ្ឋមន្ត្រីគ្រោងជួបលោក ត្រាំ នៅក្នុងជំនួបកំពូលអាស៊ាន អាមេរិក ដែលគ្រោងប្រព្រឹត្តទៅប្រទេសហ្វីលីពីន នៅក្នុងខែវិច្ឆិកាខាងមុខនេះ។
បញ្ហាមួយដែលអាចនៅក្នុងបញ្ជីនៃបញ្ហាជាច្រើន ដែលសម្តេច ហ៊ុន សែន នឹងអាចលើកឡើងជាមួយលោកប្រធានាធិបតីអាមេរិក គឺបញ្ហាតម្លៃទិដ្ឋាកាអាមេរិក។
សម្តេច ហ៊ុន សែន បានព្រលយយ៉ាងដូច្នេះ៖«ឆ្នាំនេះអាចដូណាល់ ត្រាំ មកប្រជុំអាស៊ានអាមេរិក ខ្ញុំនឹងប្រាប់ ដូណាល់ ត្រាំ ថា តើអ្វីទៅដែលគេមិនចូលចិត្តអាមេរិក? អ្នកទាំងអស់គ្នាប្រហែលជាដឹងហើយថាទៅសុំទិដ្ឋាកាអាមេរិក ត្រូវយក១៥០ដុល្លារទៅជាមួយ។ បើជាប់ (បានទិដ្ឋាកា) ក៏អស់១៥០ដុល្លារ បើមិនជាប់ក៏អស់១៥០ដុល្លារ។ ខ្ញុំនឹងសួរ ដូណាល់ ត្រាំ លើរឿងហ្នឹងថាអាចសម្រួលបានទេ?»។
ប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រាប់ឲ្យដឹងផងដែរថា លោកធ្លាប់ចង់លើកបញ្ហាទាំងនេះជាមួយអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដែរ កាលពីកិច្ចប្រជុំអាស៊ាននៅក្នុងប្រទេសឡាវ ក៏ប៉ុន្តែលោកបានសម្រេចចិត្តមិននិយាយពីប្រធានបទនេះវិញដោយគិតថា ពេលនោះ លោក អូបាម៉ា ជិតផុតអាណត្តិហើយ។
Tag:
ហ៊ុន សែន
Donald Trump
© រក្សាសិទ្ធិដោយ thmeythmey.com