ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​ដាក់ចេញ​«​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ ២០១៦-២០២៥»
15, Jun 2017 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល នៅ​ថ្ងៃទី​១៥​ខែមិថុនា បានប្រកាស​ដាក់ចេញ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ ២០១៦-២០២៥ ដើម្បី​បន្ត​ជំរុញ​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​កាន់​តែ​ប្រសើ​ឡើង​។



​រដ្ឋាភិបាល​បានរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​លើកដំបូង​នៅ​ឆ្នាំ​២០០១ ព្រមទាំង​ធ្វើ​បច្ចុប្បន្នភាព​ឯកសារ​យុទ្ធសាស្ត្រ​នេះ​រាល់​៥​ឆ្នាំ​ម្ដង​ចំនួន​ពីរ​លើ​រួចមកហើយ​។ ការ​ហើយ​ដាក់ចេញ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ ២០១៦-២០២៥ នេះ​គឺជា​ឯកសារ​ដែល​ត្រូវបានធ្វើ​បច្ចុប្បន្នភាព​លើក​ទី​៣ និង​ត្រូវ​បានអនុម័ត​ដោយ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ខែតុលា​ឆ្នាំ​២០១៦ ។​

​ទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា លោក ជា ចាន់តូ ថ្លែង​ក្នុង​ពិធី​សម្ពោធ​នេះ​ថា ដោយសារ​មាន​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់ វិស័យ​ហិរញ្ញវត្ថុ​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​បាន​គាំទ្រ​សេដ្ឋកិច្ច​ឲ្យ​មាន​កំណើន​ខ្ពស់​ប្រមាណ ៧​ភាគរយ​ក្នុង​មួយឆ្នាំ​។ លោក​បន្តថា វិស័យ​ហិរញ្ញវត្ថុ​បានរួម​ចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ជា​លំដាប់ ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​នៃ​ប្រជាជន​ពេញវ័យ​ដែល​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ (​រួមមាន​សេវា​ឥណទាន បញ្ញើ និង​ទូទាត់​) ដែល​ប្រមាណ ៥៤​ភាគរយ ធៀប​នឹង​ប្រមាណ​ទាប​ជាង ១០​ភាគរយ កាល​ដើម​ទ​ស្សវត​ស្សរ៍​ឆ្នាំ​២០០០​។

​លោក ជា ចាន់តូ បន្ថែមថា ឯកសារ​យុទ្ធសាស្ត្រ​នេះ​បាន​រំលេច​ពី​ទស្សនវិស័យ​រយៈពេល​វែង ក៏ដូចជា​សមិទ្ធផល បញ្ហា​ប្រឈម និង​ផែនការ​សកម្ម​ភាពជា​ជំហានៗ សំដៅ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​មួយ​ដ៏​រឹងមាំ ដោយ​ឈរលើ​មូលដ្ឋាន​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មួយ​ផ្អែកលើ​គោលការណ៍​ទីផ្សារ ដែល​គាំទ្រ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។​

​លោក អូន ព័ន្ធមុនីរ័ត្ន ឲ្យ​ដឹងថា ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ ២០១៦-២០២៥​នេះ បង្ហាញ​ពី​ប្ដេជ្ញា​របស់​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ដោយ​ផ្អែកលើ​គោលការណ៍​ទីផ្សារ ដើម្បី​ផ្ដល់​លទ្ធភាព និង​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការផ្ដល់សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ឲ្យ​បាន​ទូលំទូលាយ ជឿនលឿន និង​ប្រសិទ្ធភាព​ខ្ពស់​។ លោក​បន្ថែមថា ឯកសារ​យុទ្ធសាស្ត្រ​នេះ​នឹង​ក្លាយជា​ផែនទី​ម​គ្គុ​ទេស​ក៏​បច្ចុប្បន្ន​កម្ម ក្នុង​ការជំរុញ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​សេវា និង​ផលិតផល​ហិរញ្ញវត្ថុ ការពង្រឹង​ប្រសិទ្ធភាព ព្រមទាំង​ការធ្វើសមាហរណកម្ម​នៅ​ថ្នាក់​តំបន់​។​

​លោកស្រី សូ ផន​ណា​រី អនុប្រធាន​នាយក​ប្រិត​ប​ត្តិ​ធនាគារ​អេស៊ីលីដា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ក្នុង​ការធ្វើផែនការ​ផ្ទាល់ខ្លួន​របស់​ធនាគារ​អេស៊ីលីដា ក៏ដូចជា​វិស័យ​ឯកជន​ផ្សេងទៀត​ដែរ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នេះ គឺ​អនុលោម​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​៕


Tag:
 ឥណទាន​
  ហិរញ្ញវត្ថុ​
© រក្សាសិទ្ធិដោយ thmeythmey.com