ជាតិ
មហាផ្ទៃផ្តល់អំណាចដល់អភិបាលរាជធានី-ខេត្ត ដើម្បីប្រកាសសុពលភាពក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មី
× ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាស ស្តីពី «កាធ្វើប្រតិភូកម្មអំណាចដល់អភិបាលរាជធានី-ខេត្ត ក្នុងការចាត់ចែងនូវដំណើរការនៃកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មី នាអាណត្តិទី៤នេះ»។ យោងតាមប្រកាសនេះ អភិបាលរាជធានី និងអភិបាលខេត្ត អាចបើកកិច្ចប្រជុំ ដើម្បីប្រកាសសុពលភាពនៃសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មី នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ប្រកាសរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងទៀតថា អភិបាលរាជធានី-ខេត្ត អាចចាត់តាំងតំណាង ដូចជា អភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត អភិបាល ឬអភិបាលរងនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ជាដើម ដើម្បីបើកកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មី។
បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤នេះ នឹងត្រូវប្រកាស នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានប្រាប់សារព័ត៌មានថ្មីៗថា កិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពនៃសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មី នឹងត្រូវធ្វើឡើង ក្រោយពីការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត រយៈពេល១៤ថ្ងៃ។
សូមបញ្ជាក់ថា គ.ជ.ប បានប្រកាសលទ្ធផលបឋម និងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់រួចហើយ។ ក្នុងដំណាក់កាលនេះ គ.ជ.ប កំពុងតែបន្តដោះស្រាយបណ្តឹងមួយចំនួន របស់គណបក្សនយោបាយ។ ក្រោយដោះស្រាយបណ្តឹងចប់សព្វគ្រប់ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត៕
Tag:
បោះឆ្នោតឃុំ-សង្កាត់
ប្រកាសសុពលភាព
© រក្សាសិទ្ធិដោយ thmeythmey.com