កីឡាជាតិ
ជាតិ
ក្រោយសម្រាក២សប្តាហ៍លីកកំពូលកម្ពុជាបើកយុទ្ធនាការវិញនៅថ្ងៃសៅរ៍នេះ
× ក្រោយសម្រាកអស់រយៈពេលពីរសប្តាហ៍ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧ នឹង បើកយុទ្ធនាការប្រកួតនៅសៅរ៍ទី១៧ ខែមិថុនា នេះ។ ក្រុមវេស្ទើនភ្នំពេញបើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមខេមបូឌានថាយហ្គឺរនាវេលាម៉ោង៣រសៀល មុនក្រុមអាស៊ីអឺរ៉ុបប្រើកីឡដ្ឋានស្តាតចាស់តទល់ជាមួយព្រះខ័នរាជស្វាយរៀងនៅម៉ោង៦ល្ងាច និងក្រុមណាហ្គាវើលបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុមគីរីវង់សុខសែនជ័យនាវេលាម៉ោង៦ល្ងាចដូចគ្នា។
នាវេលាម៉ោង៣រសៀលថ្ងៃទី១៧ ខែមិថុនា នេះ ក្រុមម្ចាស់ផ្ទះវេស្ទើនភ្នំពេញ ត្រូវជួបប្រកួតសងសឹកជាមួយក្រុមខេមបូឌានថាយហ្គឺរ ដែលពួកគេបានចាញ់ ៣-២ កាលពីជើងទី១។ ប៉ុន្តែវាមិនមែនជាការងាយស្រួលសម្រាប់វេស្ទើនភ្នំពេញនោះទេ ព្រោះ៥ប្រកួតកន្លងមកក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី ខេមបូឌានថាយហ្គឺរមិនដែលស្គាល់ពាក្យចាញ់នោះឡើយ។ នាការប្រកួតជើងទី២ជាមួយក្រុមព្រះខ័នរាជស្វាយរៀងក្រុមនេះបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២។
ចំណែក ក្រុមឈរលេខរៀងទី៩អាស៊ីអឺរ៉ុបត្រូវតទល់ជាមួយក្រុមឈរកំពូលតារាងព្រះខ័នរាជស្វាយរៀងនាវេលាម៉ោង៦ល្ងាចនៅកីឡដ្ឋានស្តាតចាស់។ សម្រាប់ជំនួបនេះព្រះខ័នរាជស្វាយរៀងអាចបន្តឈរកំពូលតារាងប្រចាំសប្តាហ៍ទី១៣ ព្រោះក្រុមអាស៊ីអឺរ៉ុបពួកគេធ្លាប់យកឈ្នះ ៤-៣ កាលពីជើងទី១។
ដោយឡែក ក្រុមឈរលេខរៀងទី៣ណាហ្គាវើលបើកទ្វារពហុកីឡដ្ឋានជាតិ ស្វាគមន៍ ក្រុមឈរបាតតារាងគីរីវង់សុខសែនជ័យនាវេលាម៉ោង៦ល្ងាច។ ណាហ្គាវើល អាចទទួលបាន៣ពិន្ទុបន្ថែមដើម្បីពង្រឹងទីតាំងដែលខ្លួនកំពុងឈរ ព្រោះពួកគេធ្លាប់យកឈ្នះ ៣-១ លើក្រុមគីរីវង់សុខសែនជ័យម្តងរួចមកហើយកាលពីជើងទី១៕
Tag:
Cambodian League 2017
ព្រះខ័នរាជស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com