កីឡាជាតិ
ជាតិ
ក្រោយ​សម្រាក​២​សប្តាហ៍​លី​ក​កំពូល​កម្ពុជា​បើក​យុទ្ធនាការ​វិញ​នៅ​ថ្ងៃ​សៅរ៍​នេះ​
17, Jun 2017 , 9:25 am        
រូបភាព
ដោយ:
​ក្រោយ​សម្រាក​អស់​រយៈពេល​ពីរ​សប្តាហ៍​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ នឹង បើក​យុទ្ធនា​ការប្រកួត​នៅ​សៅរ៍​ទី​១៧ ខែមិថុនា នេះ​។ ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន​ស្វាគមន៍​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រនា​វេលា​ម៉ោង​៣​រសៀល មុន​ក្រុម​អាស៊ី​អឺរ៉ុប​ប្រើ​កីឡដ្ឋាន​ស្តា​ត​ចាស់​តទល់​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​ម៉ោង​៦​ល្ងាច និង​ក្រុម​ណាហ្គា​វើ​ល​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង​៦​ល្ងាច​ដូចគ្នា​។​



​នា​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៧ ខែមិថុនា នេះ ក្រុម​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន​ភ្នំពេញ ត្រូវ​ជួប​ប្រកួត​សងសឹក​ជាមួយ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ដែល​ពួកគេ​បាន​ចាញ់ ៣-២ កាលពី​ជើង​ទី​១​។ ប៉ុន្តែ​វា​មិនមែនជា​ការងាយស្រួល​ស​ម្រា​ប់​វេ​ស្ទើ​ន​ភ្នំពេញ​នោះទេ ព្រោះ​៥​ប្រកួត​កន្លងមក​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​មិនដែល​ស្គាល់​ពាក្យ​ចាញ់​នោះឡើយ​។ នា​ការប្រកួត​ជើង​ទី​២​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ក្រុម​នេះ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២​។

​ចំណែក ក្រុម​ឈរ​លេខ​រៀង​ទី​៩​អាស៊ី​អឺរ៉ុប​ត្រូវ​តទល់​ជាមួយ​ក្រុម​ឈរ​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង​នា​វេលា​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ សម្រាប់​ជំនួប​នេះ​ព្រះខ័ន​រាជ​ស្វាយរៀង​អាច​បន្ត​ឈរ​កំពូល​តារាង​ប្រចាំ​សប្តាហ៍​ទី​១៣ ព្រោះ​ក្រុម​អាស៊ី​អឺរ៉ុប​ពួកគេ​ធ្លាប់​យកឈ្នះ ៤-៣ កាលពី​ជើង​ទី​១​។

​ដោយឡែក ក្រុម​ឈរ​លេខ​រៀង​ទី​៣​ណាហ្គា​វើ​ល​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ ស្វាគមន៍ ក្រុម​ឈរ​បាត​តារាង​គីរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង​៦​ល្ងាច​។ ណាហ្គា​វើ​ល អាច​ទទួលបាន​៣​ពិន្ទុ​បន្ថែម​ដើម្បី​ពង្រឹង​ទីតាំង​ដែល​ខ្លួន​កំពុង​ឈរ ព្រោះ​ពួកគេ​ធ្លាប់​យកឈ្នះ ៣-១ លើ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ម្តង​រួចមកហើយ​កាលពី​ជើង​ទី​១៕ 


Tag:
 Cambodian League 2017
  ព្រះខ័ន​រាជ​ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com