English-Français
ជាតិ
សេដ្ឋកិច្ច
អ្នកជំនួញ​ជើងចាស់ US ម្នា​ក់ថា ខ្មែរ​ឬ​បរទេស បើ​បើក​ជំនួញ​មួយ​បរាជ័យ មិនគួរ​បាក់​ទឹកចិត្ត​ឡើយ​
17, Jun 2017 , 12:59 pm         3926
រូបភាព
​ភ្នំពេញ​៖ គិត​ចង់​ធ្វើ​ជំនួញ បោះទុន​បើក​ធ្វើ​ជំនួញ គឺជា​រឿង​លំបាក​ល្មម​។ ប៉ុន្តែ​ដើម្បី​ធ្វើ​ឲ្យ​ជំនួញ​ដំណើរ​ប្រកបដោយ​និរន្តរភាព គឺជា​រឿង​ដែល​លំបាក​បំផុត​។ និយាយ​ឲ្យ​សាមញ្ញ​មានន័យថា បើក​ធ្វើ​ជំនួញ​មិន​លំបាក​ទេ បោះទុន​ភ្លាម​បើក​បាន​ភ្លាម​។ ប៉ុន្តែ​ថែទាំ​ឲ្យ​ជំនួញ​នេះ​ដើរ​ទៅមុខ គឺជា​រឿង​លំបាក​បំផុត​។ អ្នកជំនួញ​ជនជាតិ​អាមេរិកកាំង​ម្នាក់​ឈ្មោះ លោក Peter Shepherd មាន​សញ្ញាបត្រ​ផ្នែក​ច្បាប់ ហើយ​ធ្លាប់​រកស៊ី​ផ្នែក​សំណង់​បាន​និយាយថា ជាធម្មតា បុគ្គល​នីមួយៗ​ចង់​ក្លាយជា​ម្ចាស់​កម្ម​សិទ្ធ​នៃ​អាជីវកម្ម​។ ដូច្នេះ ប្រសិនបើ​បើក​ជំនួញ​មួយ​ហើយ​បរាជ័យ លោក Peter Shepherd ជំរុញ​ឲ្យ​បុគ្គល​នោះ​កុំ​ទាន់​បាក់​ទឹកចិត្ត​។ តែ​ត្រូវ​ប្រឹងប្រែង​ធ្វើ​ក្នុង​វិស័យ​ផ្សេងទៀត​ដើម្បី​ជោគជ័យ​។ ខាងក្រោម​នេះ គឺជា​បទ​សម្ភាស​ខ្លី​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក Peter Shepherd នៅក្នុង​ទីក្រុង​ភ្នំពេញ​ដូចតទៅ​៖


​សំឡេង​ជា​ភាសា​អង់គ្លេស ៖




​លោក Peter Shepherd កើត​នៅក្នុង​ប្រទេស​អង់គ្លេស​, បច្ចុប្បន្ន​រស់នៅ​សហរដ្ឋអាមេរិក​, ធ្លាប់​រស់នៅ​ប្រទេស​បារាំង ហើយ​ឧស្សាហ៍​ចេញចូល​ប្រទេស​កម្ពុជា​ដោយ​ក្តី​ស្រឡាញ់​ប្រទេស​តូច​ច្រឡឹង​មួយ​នេះ បានលើកឡើង​ពី​សារៈសំខាន់​នៃ​សហគ្រាស​ខ្នាតតូច និង​មធ្យម​ក្នុង ខណៈពេលដែល​លោក​បាន និង​កំពុងស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​នៅពេលនេះ​។

​ស្ថិតក្នុង​វ័យ​៨០​ឆ្នាំ ពោរពេញ​ទៅដោយ​បទពិសោធន៍​ជំនួញ បទពិសោធន៍​សង្គម​, លោក Peter Shepherd បាន​និយាយថា អ្នកជំនួញ​ខ្នាតតូច​នៅ​អាមេរិក ពិបាក​បង្កើត​ណាស់ ពីព្រោះ ពួកគេ​ពិបាក​ទទួលបាន​កម្ចី​ដើម្បី​ធ្វើ​ជំនួញ​។ ប្រសិនបើ​បាន​បង្កើត​សហគ្រាស​រួចហើយ សហគ្រាស​ខ្នាតតូច និង​មធ្យម ភាគច្រើន ត្រូវបាន​ក្រុមហ៊ុន​ធំៗ​ទិញ​ហ៊ុន​ឡើង ព្រោះ​ក្រុមហ៊ុន​ធំៗ​ទាំងនោះ មិន​ចង់​ចំណាយពេល​ច្រើន ហើយក៏​មិន​ចង់​ពង្រីក​ខ្សែរ​ចង្វាក់​ផលិតកម្ម​ខ្លួនឯង​ដែរ​។ «​សហគ្រាស​ខ្នាតតូច និង​មធ្យម​មាន​សារៈសំខាន់​ណាស់​សម្រាប់​សេដ្ឋកិច្ចជាតិ​។ នៅ​ភ្នំពេញ ខ្ញុំ​ឃើញ​មាន​ហាង​តូចៗ​នៅតាម​ផ្លូវ​ច្រើនណាស់ ដូចជា កន្លែង​ជួសជុល​ម៉ូតូ ហាង​ម៉ូតូ​។​ល​។​»​។ នេះ គឺជា​ការសង្កេត និង​អត្ថាធិប្បាយ​របស់លោក Peter Shepherd​។

​លោក Peter Shepherd ថា ក្នុង​បរិបទ​កម្ពុជា និង​គ្រប់​ប្រទេស ប្រសិនបើ​រដ្ឋាភិបាល​មាន​កញ្ចប់​ពិសេស សម្រាប់​ជួយ​ជ្រោមជ្រែង​សហគ្រាស​ខ្នាតតូច និង​មធ្យម គឺជា​ការប្រសើរ​មែនទែន​។ សម្រាប់​លោក Peter Shepherd, លោក​ជំរុញ​ឲ្យ​មានការ​បង្កើត ច្នៃប្រឌិត ឲ្យ​កាន់តែខ្លាំង ជាពិសេស ក្នុងចំណោម​យុវជន​។ ប្រសិនបើ​លោក Peter Shepherd ជំរុញ​ឲ្យ​បង្កើត​ជំនួញ​កាន់តែច្រើន ដូច្នេះ​ការប្រកួតប្រជែង​កាន់​ខ្លាំង  ពេលនោះ ជំនួញ​មួយចំនួន​នឹង​ដួល​ប៉ះ​ជើង​ហើយ​? លោក Peter Shepherd ឆ្លើយតប​ដោយ​ខ្លី​វិញ​ថា បុគ្គល​ម្នាក់ៗ​ប៉ង​ចង់​ក្លាយជា​ថៅកែ​ហាង​ម្នាក់​ដែរ​។



​ជនជាតិ​អាមេរិកកាំង​រូបនេះ បាន​បញ្ជាក់ថា បើ​បើក​ជំនួញ​មួយ​ដួល គួរតែ​បើក​មួយ​ផ្សេងទៀត​ដើម្បី​រក​ផ្លូវ​ជោគជ័យ​។ បើ​បរាជ័យ​ក្នុង​វិស័យ​មួយ គួរ​បើក​ក្នុង​វិស័យ​មួយ​ផ្សេងទៀត វា​នឹង អាច​ជោគជ័យ​ហើយ​។ លោក Peter Shepherd បាន​សង្កេតឃើញថា នៅ​អាស៊ី ដោយឡែក​ជាពិសេស​នៅ​កម្ពុជា វា​នៅមាន​ឱកាស​វិនិយោគ និង​សក្តានុពល​ច្រើនណាស់​។

​បើ​និយាយ​ពី​ធនធានមនុស្ស​សម្រាប់ធ្វើ​ជំនួញ ឬ​សម្រាប់​បម្រើ​ការងារ​នាពេល​បច្ចុប្បន្ននេះ​វិញ លោក Peter Shepherd វាយតម្លៃថា យុវជន​ខ្មែរ​ជំនាន់​ថ្មី​ពូកែ ឆ្លាត មានចំណេះដឹង​ច្រើនជាង​កាលពី​ពេលមុន​៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...2122next