កីឡាជាតិ
ជាតិ
លោក ជា​ ច័ន្ទបរិបូរណ៍​៖ កីឡា E-Sport នឹងដាក់​ឲ្យ​ប្រកួត​ក្នុង​កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា​
17, Jun 2017 , 3:10 pm        
រូបភាព
ដោយ:
​ពី​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ និង​ចែករំលែក​បទពិសោធន៍​កីឡា​អេឡិចត្រូនិក​(E-Sport)​ក្នុងប្រទេស​សហគម​អាស៊ាន ដែល​រៀបចំ​លើកដំបូង​នៅ​កម្ពុជា លោក ជា​ ច័ន្ទបរិបូរណ៍ អនុប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​អះអាងថា កីឡាករ E-Sport នឹងមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ប្រភេទ​កីឡា​នេះ ក៏​នឹង​គ្រោង​ដាក់បញ្ចូល​នា​ប្រកួត​កីឡា​អូឡាំពិក​នៅ​រុស្ស៊ី​ផងដែរ​។



​ទោះបី​ប្រភេទ​កីឡា E-Sport ត្រូវបាន​ដាក់​ឲ្យ​ប្រកួតប្រជែង​ជា​លក្ខណៈ​ពិភពលោក​ក៏ដោយ ប៉ុន្តែ​គេ​សង្កេតឃើញ​កីឡា​នេះ​មិនទាន់មាន​វត្តមាន​ក្នុងការ​ប្រកួត​កីឡា Asian Game និង SEA Game នោះទេ​។ យ៉ាងណាមិញ លោក ជា​ច័ន្ទ បរិបូរណ៍ អនុប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​បញ្ជាក់ថា ប្រភេទ​កីឡា E-Sport នឹងមាន​វត្តមាន​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ការអះអាង​បែបនេះ ធ្វើឡើង​នា​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ និង​ចែករំលែក​បទពិសោធន៍​កីឡា​អេឡិចត្រូនិក​ក្នុងប្រទេស​សហគម​អាស៊ាន​ដែលមាន​ភាគី កម្ពុជា វៀតណាម និង​សិង្ហ​បុរី​ចូលរួម​កាលពី​ព្រឹក​ថ្ងៃទី​១៧ មិថុនា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។ 



​ការប្រកាស​បែបនេះ​រប​ស់​អនុប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ដើម្បី​ជា​សារ​ដាស់តឿន​សម្រាប់​សហព័ន្ធ ក៏ដូចជា​កីឡាករ​នៅតាម​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បង្កើន​ការហ្វឹកហាត់​ពង្រឹងសមត្ថភាព បច្ចេកទេស និង​រៀបចំខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ត្រៀម​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​មួយ​នេះ​។ តែ​យ៉ាងណា បើតាម​លក្ខខណ្ឌ​របស់​កីឡា​ស៊ី​ហ្គេម​កីឡា​មួយ​អាច​ចូលរួម​ប្រកួត​បាន​លុះត្រា​តែមាន​សហព័ន្ធ​កីឡា E-Sport អន្តរជាតិ​អាស៊ាន​ជាមុនសិន​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ជា​ ច័ន្ទបរិបូរណ៍ បាន​អះអាងថា វា​មិនមែនជា​បញ្ហា​ចោទ​នោះទេ ព្រោះ​បច្ចុប្បន្ន​ក្នុងចំណោម​ប្រទេស​ទាំង​១០​ក្នុង​តំបន់​អាស៊ាន​មាន​៧​ប្រទេស​លេង​កីឡា​មួយ​នេះ​លើកលែងតែ ព្រុយ​ណេ មី​យ៉ាន់​ម៉ា និង​ឡាវ តែប៉ុណ្ណោះ​។ ដូច្នេះ លោក គិតថា ការបង្កើត​សហព័ន​កី​ឡាអេ​ឡិច​ត្រ​និក​អន្តរជាតិ​អាស៊ាន​មិន​ពិបាក​នោះទេ​ឲ្យ​តែ​ភាគ​ទាំងអស់​ឯកភាពគ្នា​។ លោក​បាន​បន្ត អ្វី​ដែលជា​បញ្ហា​ប្រឈម​សម្រាប់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​នោះ គឺ​ការបណ្តុះបណ្តាល​ធនធាន​កីឡាករ​ថ្នាល គ្រូបង្វឹក ចៅក្រម និង​អាជ្ញាកណ្តាល ព្រោះ​បច្ចុប្បន្ន​សហព័ន្ធ​មិនទាន់មាន​ធនធាន​ទាំងអស់នេះ​នោះទេ​។



​បើ​យោងតាម អនុប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​រូបនេះ ក្រោយ​ចប់​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ និង​ចែករំលែក​បទពិសោធន៍​នេះ សហព័ន្ធ​នឹង​ចុះ​អនុសារណៈ​យោគយល់​គ្នា​ជាមួយ​ប្រទេស​សិង្ហ​បុរី ដើម្បី​ជា​ជំនួយ​បច្ចេកទេស តាមរយៈ​ការបញ្ជូន​កីឡាករ គ្រូបង្វឹក ចៅក្រម ឬ​អាជ្ញាកណ្តាល​ទៅ​បណ្តុះបណ្តាល​នៅ​ទីនោះ ឬ​ហៅ​អ្នកជំនាញ​មក​បណ្តុះបណ្តាល​នៅ​កម្ពុជា​។  





​លោក ជា​ ច័ន្ទបរិបូរណ៍ ក៏បាន​អះអាង​ផងដែរ​ថា ប្រភេទ​កីឡា E-Sport នឹងមាន​វត្ត​មានការ​ប្រកួត​កីឡា Asian Game នាពេល​ដ៏​ខ្លី​ខាងមុខនេះ និង​ការប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រទេស​រុស្ស៊ី ដែល​ម្ចាស់ផ្ទះ​រុស្ស៊ី​បាន​អះអាង​កាលពីពេល​ថ្មីៗ​កន្លងទៅ​៕​

Tag:
 E-Sport
  ជា​ច័​ន្ត បរិបូរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com