កីឡាជាតិ
ជាតិ
អត្ត​ព​លិ​កជាង​៥​ពាន់​នាក់​ចូលរួម​រត់ប្រណាំង​អបអរ​បុណ្យចម្រើនព្រះជន្ម​សម្តេច​យាយ​នៅ​ព្រឹក​នេះ​
18, Jun 2017 , 4:51 am        
រូបភាព
ដោយ:
​អត្ត​ព​លិ​កជាង​៥​ពាន់​នាក់​មកពី​៣៣​ប្រទេស​ចូលរួម​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ភ្នំពេញ ដើម្បី​អបអរ​បុណ្យចម្រើនព្រះជន្ម​ព្រះមហា​ក្សត្រិយ៍​វរ​រាជ្យ​មាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ នៅមុខ​ព្រះបរមរាជវាំង​នា​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា នេះ​។ ម្យ៉ាងវិញទៀត ទិវា​រត់ប្រណាំង​នេះ​រៀបចំឡើង​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ប្រែក្លាយ​ទី​ភ្នំពេញ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​នៅ​កម្ពុជា​។ អត្ត​ព​លិ​ក​ចូលរួម​ឆ្នាំនេះ មានការ​កើនឡើង​ប្រមាណ​ជា​២០​ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំមុន ហើយ​វា​ដូច​ទៅនឹង​ការរំពឹងទុក​របស់​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​។​



​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​ចំនួន​៥,៣៥២​នាក់​បាន​ចូលរួម​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ភ្នំពេញ ដើម្បី​អបអរ​បុណ្យចម្រើនព្រះជន្ម​សម្តេចព្រះ​មហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ និង​ដើម្បី​ស្វែង​ស្វែងរក​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅមុខ​ព្រះបរមរាជវាំង​នា​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា នេះ​។ អត្ត​ព​លិ​ក​ទាំងនេះ​មកពី​៣៣​ប្រទេស​ទូទាំង​ពិភពលោក ក្នុងនោះ​អត្ត​ព​លិ​ក​បរទេស​មាន​ចំនួន​៥២៣​នាក់ និង​កម្ពុ​ជាមាន​ចំនួន​៤,៨២៩​នាក់​។​



​បើ​យោងតាម លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា អត្ត​ព​លិ​ក​ចូលរួម​ឆ្នាំនេះ​មានការ​កើនឡើង​ប្រមាណ​ជា​២០​ភាគរយ ខណៈ​ឆ្នាំមុន​មាន​ត្រឹមតែ​ជាង​៣​ពាន់​នាក់​តែប៉ុណ្ណោះ​។ ការកើនឡើង​នេះ វា​ដូច​ទៅនឹង​អ្វីដែល លោក បាន​រំពឹងទុក​តាំងពី​ចាប់ផ្តើម​ចុះឈ្មោះ​ដំបូង​។ តាមរយៈ​សន្ទុះ​កើនឡើង​យ៉ាង​ឆាប់រហ័ស​របស់​អ្នកចូលរួម អគ្គលេខាធិការ​នៃ​គណកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រូបនេះ​បាន​អះអាងថា លោក នឹង​ប្រែក្លាយ​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​នេះ​ទៅជា​ព្រឹត្តិការណ៍​ម៉ារ៉ាតុន​ដ៏​ល្បីល្បាញ​មួយ​ទៅ​ថ្ងៃ​អនាគត​។​





​បន្ថែម​លើ​នេះ ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ភ្នំពេញ​ក្រោម​ប្រធាន​«​បរិស្ថាន​ស្អាត ទីក្រុង​បៃតង​»​ឆ្នាំនេះ ក៏​ដើម្បី​ប្រែក្លាយ​រាជធានី​ភ្នំពេញ​ជាទី​ក្រុង​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​របស់​កម្ពុជា បន្ថែម​លើ​គោលដៅ​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​។ គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ភ្នំពេញ​កាលពី​ឆ្នាំ​២០១៦ ប្រមូល​ថវិកា​បាន​ចំនួន​១​ម៉ឺន​សម្រាប់​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​៕​

Tag:
 ពាក់កណ្តាល​ម៉ារ៉ាតុន​
  ព្រះមហា​ក្សត្រិយ៍ ន​រោ​ត្ត មុនីនាថ សីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com