អន្តរជាតិ
ពូ​ទីន ថា​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​មិនអាច​ធ្វើ​អ្វី​រុស្ស៊ី​បានទេ តែ​ទំនាក់ទំនង​ទ្វេភាគី​នឹង​កាន់តែ​យ៉ាប់​
18, Jun 2017 , 7:39 pm         1379
រូបភាព
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន មិនបាន​ភ្ញាក់ផ្អើល​អ្វី​ឡើយ​ពេល​ដឹងថា​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​ទណ្ឌកម្ម​ថ្មី​មកលើ​រុស្ស៊ី​។ ក្រៅពី​ភ្ញាក់ផ្អើល​នោះ លោក ពូ​ទីន ក៏​និយាយ​ដែ​ថា ទណ្ឌកម្ម​ថ្មី​នេះ​ដែល​ត្រូវ​រង់ចាំ​ការសម្រេច​ពី​រដ្ឋសភា និង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹងមិន​អាចធ្វើ​អ្វី​រុស្ស៊ី​បានឡើយ ដោយ​រុស្ស៊ី​នឹង​ចាត់វិធានការ​ឆ្លើយតប​មិន​ខាន​។ ប៉ុន្តែ​ទណ្ឌកម្ម​នេះ ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​អាក្រក់​ទៅវិញ​។​


​ដោយ​សំឡេង​៩៨ ទល់​២ ព្រឹទ្ធសភា​អាមេរិក បានអនុម័ត​ទណ្ឌកម្ម​ថ្មី​ទៀត​លើ​រុស្ស៊ី​។ ទណ្ឌកម្ម​មួយកញ្ចប់​នេះ មាន​គោលដៅ​ចម្បង​ពិន័យ​រុស្ស៊ី​ដែល​ហ៊ាន​លូកលាន់​ចូលក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦ ការ​ក្រសោប​យក​ទឹកដី Crimea  ក៏ដូចជា​គាំទ្រ​របប​ដឹកនាំ​ស៊ី​រី​ផងដែរ​។ យ៉ាងណាក្ដី រុស្ស៊ី ហាក់​មិន​ខ្វល់ខ្វាយ​ទណ្ឌកម្ម​នេះឡើយ ព្រោះ​វា​មិនមែនជា​លើកទីមួយ​ឡើយ តែ​អ្វីដែល​ប់ះ​ពាល់​ធ្ងន់ធ្ងរ​នោះ គឺ​ចំណងមិត្តភាព​រុស្ស៊ី​-​អាមេរិក​ទៅវិញ​ទេ​។​

​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​១៧ ខែមិថុនា និយាយថា ទណ្ឌកម្ម​ថ្មី​នេះ នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​យ៉ាប់យ៉ឺន ខណៈ​ទណ្ឌ​កម្មនេះ ក៏​មិនអាច​បង្អាក់​ដំណើរការ​របស់​រុស្ស៊ី​ដែរ​។ បើតាម​សារព័ត៌មាន RT លោក ពូ​ទីន បញ្ជាក់​ច្បាស់​ថា គេ​កំពុង​ចាំមើល​ទណ្ឌកម្ម​លើក​នេះ​នឹង​ផ្ដល់​ផល​ជា​អ្វី​ត្រឡប់មកវិញ ប៉ុន្តែ​បើទោះជា​មានរឿង​អ្វី​កើតឡើង ហើយ​អាមេរិក​សម្រេចចិត្ត​យ៉ាងណាក៏ដោយ ទណ្ឌកម្ម​នេះ​មិន​អាចធ្វើ​អ្វី​លើ​រុស្ស៊ី​ឡើយ​។​

​ទំនងជា​ការព្រមាន​អាមេរិក​ទុក​មុន ប្រធានាធិបតី​រុស្ស៊ី​និយាយទៀតថា ប្រសិនបើ​ក្រុង​វ៉ាស៊ីនតោន​អនុវត្តតាម​ទណ្ឌកម្ម​ថ្មី​នេះ​មែន រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​នឹង​ផ្លាស់ប្ដូរ​នយោបាយ​របស់​ខ្លួន​ខ្លួះៗ ក៏ដូចជា​ចាត់វិធានការ​តបត​វិញ​ដែរ​។ ដោយ​អះអាងថា​ទណ្ឌកម្ម​មិនអាច​ធ្វើ​អ្វី​រុស្ស៊ី​បាន លោក ពូ​ទីន លើកឡើងថា ទំនាក់ទំនង​រុស្ស៊ី និង​អាមេរិក ប្រាកដជា​រងគ្រោះ​ដោយសារ​ទណ្ឌ​កម្មនេះ ហើយ​អាច​នឹង​ពិបាក​ស្ដារឡើងវិញ​ទៀតផង​។​

​ជាការ​កត់សម្គាល់​នោះ ទណ្ឌកម្ម​លើក​នេះ ដាក់​រឹតត្បិត​អំណាច​ប្រធានាធិបតី​ដែរ​។ ក្រោម​អំណាចច្បាប់​ថ្មី​នេះ ប្រធានាធិបតី​ដែល​ធ្លាប់​មានអំណាច​លុបចោល​ទណ្ឌកម្ម​នោះ ចាំបាច់​ត្រូវ​ស្វែងរក​ការយល់ព្រម​ពី​សភា​ជាមុនសិន ទើប​អាច​លុប ព្យួរ ឬ​បន្ថយ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​បាន​។ បញ្ញត្តិ​របៀបនេះ បង្ក​ជាការ​លំបាក​ខ្លាំង​សម្រាប់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​កំពុង​ស្វែងរក​ការ​រឹតចំណង​មិត្តភាព​ជាមួយ​រុស្ស៊ី​។​

​ជាមួយគ្នានេះ គេ​មិនទាន់​ដឹងថា ការបោះឆ្នោត​អនុម័ត​ច្បាប់​នេះ​នៅ​រដ្ឋសភា អាច​នឹងត្រូវ​រៀបចំ​ឲ្យ​បាន​មុនពេល​សមាជិកសភា​ឈប់សម្រាក​រដូវក្តៅ​ឬ​អត់​ឡើយ ខណៈ រដ្ឋបាល​លោក ត្រាំ ព្យាយាម​រារាំង​ការអនុម័ត​ច្បាប់​នេះ​។ នៅ​រដ្ឋសភា បក្ស​សាធារណៈរដ្ឋ​កាន់កាប់​អាសនៈ​ភាគច្រើន​សរុប ២៣៨ ឯ​បក្ស​ប្រជាធិបតេយ្យ​កាន់កាប់​ត្រឹមតែ ១៩៨ អាសនៈ​ប៉ុណ្ណោះ​។ ដូច្នេះហើយ​កញ្ចប់​ទណ្ឌកម្ម​ដែល​មានចែង​ក្នុង​ច្បាប់​នេះ​ប្រហែលជា​ត្រូវ​កែតម្រូវ​ច្រើន ដើម្បី​អាច​ចេញរួច​៕

Tag:
 រុស្ស៊ី​
  អាមេរិក​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev123next