អន្តរជាតិ
ពូទីន ថាទណ្ឌកម្មថ្មីរបស់អាមេរិកមិនអាចធ្វើអ្វីរុស្ស៊ីបានទេ តែទំនាក់ទំនងទ្វេភាគីនឹងកាន់តែយ៉ាប់
× ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន មិនបានភ្ញាក់ផ្អើលអ្វីឡើយពេលដឹងថាព្រឹទ្ធសភាអាមេរិកអនុម័តទណ្ឌកម្មថ្មីមកលើរុស្ស៊ី។ ក្រៅពីភ្ញាក់ផ្អើលនោះ លោក ពូទីន ក៏និយាយដែថា ទណ្ឌកម្មថ្មីនេះដែលត្រូវរង់ចាំការសម្រេចពីរដ្ឋសភា និងប្រធានាធិបតី ដូណាល់ ត្រាំ នឹងមិនអាចធ្វើអ្វីរុស្ស៊ីបានឡើយ ដោយរុស្ស៊ីនឹងចាត់វិធានការឆ្លើយតបមិនខាន។ ប៉ុន្តែទណ្ឌកម្មនេះ ធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែអាក្រក់ទៅវិញ។
ដោយសំឡេង៩៨ ទល់២ ព្រឹទ្ធសភាអាមេរិក បានអនុម័តទណ្ឌកម្មថ្មីទៀតលើរុស្ស៊ី។ ទណ្ឌកម្មមួយកញ្ចប់នេះ មានគោលដៅចម្បងពិន័យរុស្ស៊ីដែលហ៊ានលូកលាន់ចូលក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ ការក្រសោបយកទឹកដី Crimea ក៏ដូចជាគាំទ្ររបបដឹកនាំស៊ីរីផងដែរ។ យ៉ាងណាក្ដី រុស្ស៊ី ហាក់មិនខ្វល់ខ្វាយទណ្ឌកម្មនេះឡើយ ព្រោះវាមិនមែនជាលើកទីមួយឡើយ តែអ្វីដែលប់ះពាល់ធ្ងន់ធ្ងរនោះ គឺចំណងមិត្តភាពរុស្ស៊ី-អាមេរិកទៅវិញទេ។
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៧ ខែមិថុនា និយាយថា ទណ្ឌកម្មថ្មីនេះ នឹងធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែយ៉ាប់យ៉ឺន ខណៈទណ្ឌកម្មនេះ ក៏មិនអាចបង្អាក់ដំណើរការរបស់រុស្ស៊ីដែរ។ បើតាមសារព័ត៌មាន RT លោក ពូទីន បញ្ជាក់ច្បាស់ថា គេកំពុងចាំមើលទណ្ឌកម្មលើកនេះនឹងផ្ដល់ផលជាអ្វីត្រឡប់មកវិញ ប៉ុន្តែបើទោះជាមានរឿងអ្វីកើតឡើង ហើយអាមេរិកសម្រេចចិត្តយ៉ាងណាក៏ដោយ ទណ្ឌកម្មនេះមិនអាចធ្វើអ្វីលើរុស្ស៊ីឡើយ។
ទំនងជាការព្រមានអាមេរិកទុកមុន ប្រធានាធិបតីរុស្ស៊ីនិយាយទៀតថា ប្រសិនបើក្រុងវ៉ាស៊ីនតោនអនុវត្តតាមទណ្ឌកម្មថ្មីនេះមែន រដ្ឋាភិបាលក្រុងមូស្គូនឹងផ្លាស់ប្ដូរនយោបាយរបស់ខ្លួនខ្លួះៗ ក៏ដូចជាចាត់វិធានការតបតវិញដែរ។ ដោយអះអាងថាទណ្ឌកម្មមិនអាចធ្វើអ្វីរុស្ស៊ីបាន លោក ពូទីន លើកឡើងថា ទំនាក់ទំនងរុស្ស៊ី និងអាមេរិក ប្រាកដជារងគ្រោះដោយសារទណ្ឌកម្មនេះ ហើយអាចនឹងពិបាកស្ដារឡើងវិញទៀតផង។
ជាការកត់សម្គាល់នោះ ទណ្ឌកម្មលើកនេះ ដាក់រឹតត្បិតអំណាចប្រធានាធិបតីដែរ។ ក្រោមអំណាចច្បាប់ថ្មីនេះ ប្រធានាធិបតីដែលធ្លាប់មានអំណាចលុបចោលទណ្ឌកម្មនោះ ចាំបាច់ត្រូវស្វែងរកការយល់ព្រមពីសភាជាមុនសិន ទើបអាចលុប ព្យួរ ឬបន្ថយទណ្ឌកម្មប្រឆាំងរុស្ស៊ីបាន។ បញ្ញត្តិរបៀបនេះ បង្កជាការលំបាកខ្លាំងសម្រាប់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលកំពុងស្វែងរកការរឹតចំណងមិត្តភាពជាមួយរុស្ស៊ី។
ជាមួយគ្នានេះ គេមិនទាន់ដឹងថា ការបោះឆ្នោតអនុម័តច្បាប់នេះនៅរដ្ឋសភា អាចនឹងត្រូវរៀបចំឲ្យបានមុនពេលសមាជិកសភាឈប់សម្រាករដូវក្តៅឬអត់ឡើយ ខណៈ រដ្ឋបាលលោក ត្រាំ ព្យាយាមរារាំងការអនុម័តច្បាប់នេះ។ នៅរដ្ឋសភា បក្សសាធារណៈរដ្ឋកាន់កាប់អាសនៈភាគច្រើនសរុប ២៣៨ ឯបក្សប្រជាធិបតេយ្យកាន់កាប់ត្រឹមតែ ១៩៨ អាសនៈប៉ុណ្ណោះ។ ដូច្នេះហើយកញ្ចប់ទណ្ឌកម្មដែលមានចែងក្នុងច្បាប់នេះប្រហែលជាត្រូវកែតម្រូវច្រើន ដើម្បីអាចចេញរួច៕
Tag:
រុស្ស៊ី
អាមេរិក
វ្ល៉ាឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com