អន្តរជាតិ
សមាជិក​អាស៊ាន​នឹង​ចាប់ផ្តើម​ល្បាត​អាកាស​រួមគ្នា​ដើម្បី​ប្រ​ឆាំង​ចលនា​ភេរវកម្ម​តំបន់​
18, Jun 2017 , 9:39 pm         1598
រូបភាព
​រដ្ឋមន្ត្រី​ការពារជាតិ​ម៉ាឡេស៊ី​លោក Hishammuddin Hussein បង្ហើប​ថា សមាជិក​អាស៊ាន​ទាំងអស់​នឹងចូលរួម​ល្បាតផ្លូវ​អាកាស​រួមគ្នា​នៅពេល​ខាងមុខ ដើម្បី​ទប់ស្កាត់​អំពើ​ភេរវកម្ម​ក្នុង​តំបន់​ជាពិសេស​គំរាមកំហែង​សន្តិសុខ​ដែល​បង្កឡើង​ដោយ​ក្រុម​ភេរវជន​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​នោះ​។ រដ្ឋ​តូចៗ​ដូចជា​សិង្ហ​បុរី និង​ព្រុយ​ណេ នឹង​ធ្វើជា​អ្នកសង្កេតការណ៍​ក្នុង​ប្រតិបត្តិការ​រួមគ្នា​នេះ​ផងដែរ​។​


​ការ​ល្បាត​តាមផ្លូវ​អាកាស​រួមគ្នា​រវាង​សមាជិក​អាស៊ាន​នឹងត្រូវ​រៀបចំឡើង​ឆាប់ៗ​នេះ ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ដែល​បង្កឡើង​ដោយ​ក្រុម​ភេរវជន​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ     មន្ត្រី​ការពារជាតិ​ម៉ាឡេស៊ី​លោក Hishammuddin Hussein នៅ​ក្រុង Kuantan នៃ​រដ្ឋ Pahang នា​ថ្ងៃ​អង្គារ​ទី ១៣ មិថុនា​។

​យោងតាម​សារព័ត៌មាន The Straits Times ប្រមុខ​ការពារជាតិ​ម៉ាឡេស៊ី​រូបនេះ បាន​សង្កត់ធ្ងន់ថា អាស៊ាន​ទាំងមូល​ត្រូវតែ​ជួយ​គ្នា​ទៅវិញ​ទៅមុខ​ទប់ស្កាត់​វត្តមាន​របស់​ក្រុម​ភេរវជន​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​តំបន់​។​

​ថ្លែង​ក្នុង​ពិធី​ស្រាយ​បួស​ដោយ​ជួបជុំ​ជាមួយ​មន្ត្រីជាន់ខ្ពស់​យោធា លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ប្ដេជ្ញាចិត្ត​ថា​នឹង​ចាប់ផ្ដើម​ការ​ល្បាត​តាម​សមុទ្រ​រួមគ្នា​ក្នុង​តំបន់​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ផង​។ បន្ទាប់​ពីនេះ យើង​នឹង​ចាប់ផ្ដើម​សហការគ្នា​ល្បាត​តាមផ្លូវ​អាកាស​នៅក្នុង​តំបន់​ដោយសារតែ​ការកើនឡើង​នៃ​ការគំរាមកំហែង​ពី​ក្រុម​ភេរវជន​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​។ ប្រសិនជា​គ្មាន​ចូល​ត្រួតពិនិត្យ​ទេ ប្រទេសជិតខាង​របស់​អាស៊ាន​ក៏​នឹងត្រូវ​រង​ការគំរាមកំហែង​ដូចគ្នា ក្នុងនោះ​មាន​ទាំង​ចិន អូស្ត្រាលី និង​ណូ​វែ​ល​សេ​ឡង់​ផងដែរ​»​។​

​បើតាម​សម្តី​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ខាងលើ ប្រទេស​តូចៗ​ដូចជា​សិង្ហ​បុរី និង​ព្រុយ​ណេ ក៏​នឹងត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ធ្វើជា​អ្នក​អង្កេត​ការណ៍​ក្នុង​ប្រ​ត្តិ​ប​ត្តិ​ការ​ល្បាត​ផ្លូវអាកាស​នេះដែរ​។ ហើយ យុទ្ធសាស្ត្រ​ដែល​ត្រូវបាន​គេ​កំណត់ និង​ចង់​យកមកអនុវត្ត​នៅក្នុង​សមុទ្រ Sulu នោះ​ក៏មាន​ប្រសិទ្ធភាព​នៅក្នុង​ការប្រឆាំង​ចោរ​សមុទ្រ​នៅ​ម្តុំ​ជ្រោយ ម៉ា​ឡា​កា ផងដែរ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​ប្រឈម​ការគំរាមកំហែង​ខ្លាំង​ជាពិសេស​ចលនា​ភេរវជន​ជ្រុលនិយម​តែម្តង​។ ដូច​ឃើញស្រាប់​ក្រុម​ភេរវជន Maute ដែលជា​បណ្តាញ​ក្រុម​ដែ​ស្ហ​នោះ បាន​វាយ​ដណ្តើមយក​ទីក្រុង Marawi កាលពី​ចុងខែ​ឧសភា​កន្លងទៅ និង​បន្ត​ច្បាំង​ប្រឆាំង​ទាហាន​រដ្ឋាភិបាល​ហ្វីលីពីន​ថែម​ទៀតផង​។ អ្វីដែល​គួរ​ឲ្យ​បារម្ភ​ជាង​នេះ ឥណ្ឌូណេស៊ី​ធ្លាប់​ប្រកាសថា បណ្តាញ​ភេរវជន​ដែ​ស្ហ មាននៅ​ស្ទើរ​គ្រប់​ខេត្ត​ទូទាំងប្រទេស​ឥណ្ឌូណេស៊ី​រួចទៅហើយ នៅឡើយ​តែ​មិនទាន់​ចេញ​ធ្វើ​សកម្មភាព​ប៉ុ​ណោះ​៕

Tag:
 ម៉ាឡេស៊ី​
  Hishammuddin Hussein
 ​ អាស៊ាន​
  ដែ​ស្ហ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next