អន្តរជាតិ
សមាជិកអាស៊ាននឹងចាប់ផ្តើមល្បាតអាកាសរួមគ្នាដើម្បីប្រឆាំងចលនាភេរវកម្មតំបន់
× រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីលោក Hishammuddin Hussein បង្ហើបថា សមាជិកអាស៊ានទាំងអស់នឹងចូលរួមល្បាតផ្លូវអាកាសរួមគ្នានៅពេលខាងមុខ ដើម្បីទប់ស្កាត់អំពើភេរវកម្មក្នុងតំបន់ជាពិសេសគំរាមកំហែងសន្តិសុខដែលបង្កឡើងដោយក្រុមភេរវជនដែស្ហឬក្រុមរដ្ឋឥស្លាមនោះ។ រដ្ឋតូចៗដូចជាសិង្ហបុរី និងព្រុយណេ នឹងធ្វើជាអ្នកសង្កេតការណ៍ក្នុងប្រតិបត្តិការរួមគ្នានេះផងដែរ។
ការល្បាតតាមផ្លូវអាកាសរួមគ្នារវាងសមាជិកអាស៊ាននឹងត្រូវរៀបចំឡើងឆាប់ៗនេះ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមផ្នែកសន្តិសុខដែលបង្កឡើងដោយក្រុមភេរវជន។ នេះជាការលើកឡើងរបស់រដ្ឋ មន្ត្រីការពារជាតិម៉ាឡេស៊ីលោក Hishammuddin Hussein នៅក្រុង Kuantan នៃរដ្ឋ Pahang នាថ្ងៃអង្គារទី ១៣ មិថុនា។
យោងតាមសារព័ត៌មាន The Straits Times ប្រមុខការពារជាតិម៉ាឡេស៊ីរូបនេះ បានសង្កត់ធ្ងន់ថា អាស៊ានទាំងមូលត្រូវតែជួយគ្នាទៅវិញទៅមុខទប់ស្កាត់វត្តមានរបស់ក្រុមភេរវជនដែស្ហឬក្រុមរដ្ឋឥស្លាមនៅក្នុងតំបន់។
ថ្លែងក្នុងពិធីស្រាយបួសដោយជួបជុំជាមួយមន្ត្រីជាន់ខ្ពស់យោធា លោកបានបញ្ជាក់ដូច្នេះថា៖«យើងប្ដេជ្ញាចិត្តថានឹងចាប់ផ្ដើមការល្បាតតាមសមុទ្ររួមគ្នាក្នុងតំបន់ក្នុងពេលឆាប់ៗខាងមុខផង។ បន្ទាប់ពីនេះ យើងនឹងចាប់ផ្ដើមសហការគ្នាល្បាតតាមផ្លូវអាកាសនៅក្នុងតំបន់ដោយសារតែការកើនឡើងនៃការគំរាមកំហែងពីក្រុមភេរវជនដែស្ហឬក្រុមរដ្ឋឥស្លាម។ ប្រសិនជាគ្មានចូលត្រួតពិនិត្យទេ ប្រទេសជិតខាងរបស់អាស៊ានក៏នឹងត្រូវរងការគំរាមកំហែងដូចគ្នា ក្នុងនោះមានទាំងចិន អូស្ត្រាលី និងណូវែលសេឡង់ផងដែរ»។
បើតាមសម្តីរដ្ឋមន្ត្រីម៉ាឡេស៊ីខាងលើ ប្រទេសតូចៗដូចជាសិង្ហបុរី និងព្រុយណេ ក៏នឹងត្រូវអញ្ជើញឲ្យចូលរួមធ្វើជាអ្នកអង្កេតការណ៍ក្នុងប្រត្តិបត្តិការល្បាតផ្លូវអាកាសនេះដែរ។ ហើយ យុទ្ធសាស្ត្រដែលត្រូវបានគេកំណត់ និងចង់យកមកអនុវត្តនៅក្នុងសមុទ្រ Sulu នោះក៏មានប្រសិទ្ធភាពនៅក្នុងការប្រឆាំងចោរសមុទ្រនៅម្តុំជ្រោយ ម៉ាឡាកា ផងដែរ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តំបន់អាស៊ីអាគ្នេយ៍ទាំងមូលប្រឈមការគំរាមកំហែងខ្លាំងជាពិសេសចលនាភេរវជនជ្រុលនិយមតែម្តង។ ដូចឃើញស្រាប់ក្រុមភេរវជន Maute ដែលជាបណ្តាញក្រុមដែស្ហនោះ បានវាយដណ្តើមយកទីក្រុង Marawi កាលពីចុងខែឧសភាកន្លងទៅ និងបន្តច្បាំងប្រឆាំងទាហានរដ្ឋាភិបាលហ្វីលីពីនថែមទៀតផង។ អ្វីដែលគួរឲ្យបារម្ភជាងនេះ ឥណ្ឌូណេស៊ីធ្លាប់ប្រកាសថា បណ្តាញភេរវជនដែស្ហ មាននៅស្ទើរគ្រប់ខេត្តទូទាំងប្រទេសឥណ្ឌូណេស៊ីរួចទៅហើយ នៅឡើយតែមិនទាន់ចេញធ្វើសកម្មភាពប៉ុណោះ៕
Tag:
ម៉ាឡេស៊ី
Hishammuddin Hussein
អាស៊ាន
ដែស្ហ
© រក្សាសិទ្ធិដោយ thmeythmey.com