ជាតិ
សៀមរាប៖ ផ្លូវ «​កូ​ម៉ៃ​» មាន​ប្រវត្តិ​ទាក់ទង​នឹង​អ្នក​អភិរក្ស​អង្គរ​ដំបូង​គេ​នៅ​សម័យ​បារាំង​
08, May 2021 , 2:39 pm        
រូបភាព
​សៀមរាប​៖ គេ​អាច​ដឹង​ពី​ឈ្មោះ​វិថី ឬ​ផ្លូវ​មួយចំនួន ដូចជា មហាវិថី​ព្រះ​នរោត្តម មហាវិថី​ព្រះមុនីវង្ស  ផ្លូវ​ស៊ី​វុត្ថា ផ្លូវ​ទេព​ផន ផ្លូវ​កម្ពុជា​ក្រោម​... ដែល​ឈ្មោះ​ទាំងនោះ យោងទៅតាម​ព្រះនាម​ព្រះមហាក្សត្រ​ខ្មែរ ទីកន្លែង ឬ​ថ្នាក់ដឹកនាំ​ណាមួយ​ជាដើម​។ ដូចគ្នានេះដែរ ផ្លូវ​មួយ​ខ្សែ​នៅ​ទីក្រុង​សៀមរាប ដែល​គេ​ឲ្យ​ឈ្មោះថា​ផ្លូវ «​ហ្ស​ង់ កូ​ម៉ៃ​» ឬ​អ្នក​សៀមរាប​តែង​ហៅ​ខ្លី «​ផ្លូវ​កូ​ម៉ៃ​» ក៏មាន​ប្រវត្តិ​ទាក់ទង​នឹង​បុគ្គល​ឆ្នើម​ម្នាក់​ផងដែរ​។ ឈ្មោះ​នេះ​យោងទៅជនជាតិ​បារាំង​ម្នាក់ ដែល​ត្រូវបាន​រាជការ​ចាត់តាំង​ឲ្យ​មើល​ការងារ​ខុសត្រូវ​នៅ​តំបន់​អង្គរ និង​ជា​អ្នក​អភិរក្ស ក្នុង​អភិរក្ស​ដ្ឋា​ន​អង្គរ ដំបូង​គេ​បង្អស់ ដែល​រាជការ​បារាំង​បាន​បង្កើតឡើង​នា​សម័យ​នោះ​។​



​នៅ​ដើម​សតវត្សរ៍​ទី​២០ ក្នុងសម័យ​អាណានិគមនិយម​បារាំង រាជការ​បាន​បង្កើត​អភិរក្ស​ដ្ឋា​ន​អង្គរ​ដំបូងបង្អស់​នៅ​ឆ្នាំ ១៩០៧​។ នៅពេលនោះ​ហើយ ដែល​លោក Jean Commaille (​ហ្ស​ង់ កូ​ម៉ៃ​) ត្រូវបាន​រាជការ​ចាត់តាំង​ឲ្យ​មក​មើល​ការខុសត្រូវ​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ​។ លោក កូ​ម៉ៃ បាន​នាំ​គ្រួសារ​មក​រស់នៅ​ជាមួយ និង​បាន​សង់ផ្ទះ​ឈើ​ប្រក់​ស្បូវ​មួយ​ខ្នង​ក្នុង​បរិវេណ​អង្គរ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្តារបែន​ប្រាសាទអង្គរវត្ត​។ ហេតុផល ដែល​លោក កូ​ម៉ៃ សង់ផ្ទះ​នៅ​អង្គរ ក៏​ដោយសារតែ​នៅពេលនោះ ផ្លូវថ្នល់​ដែល​ត​ភ្ជាប់​ពី​ក្រុង​សៀមរាប​ចូលទៅ​ប្រាសាទ​អង្គរ​មិនទាន់​ស្ថាបនា​បានល្អ​ប្រសើរ​នៅឡើយ​។

​តាម​ការរៀបរាប់​ពី​ដំណើររឿង លោក អ៊ឹម សុខ​រិទ្ធី អ្នកស្រាវជ្រាវ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា  ពេលមកដល់​អង្គរ លោក កូ​ម៉ៃ បាន​ជួល​អ្នកស្រុក​អង្គរ ដែល​រស់នៅ​ក្បែរ​អង្គរវត្ត​ធ្វើជា​គូលី ដើម្បី​ត្រួស​ព្រៃ សម្អាត​ប្រាសាទ រើ​ថ្ម ទល់​ទ្រ​ប្រាសាទ ជាដើម ដែល​នេះ​សុទ្ធសឹង​ជាការ​ងារ​របស់​អ្នក​អភិរក្ស​។

​លោក អ៊ឹម សុខ​រិទ្ធី បន្ថែមទៀតថា ប៉ុន្មាន​ឆ្នាំ​ក្រោយមក គឺ​នៅ​ថ្ងៃទី​២៦ មេសា ឆ្នាំ​១៩១៦ លោក កូ​ម៉ៃ ក៏ត្រូវ​បាន​គេធ្វើឃាត​។ ករណីនេះ​មាន​អំណះអំណាង​ពីរ​ផ្សេងគ្នា​។ ទីមួយ គេ​យល់ថា ដោយសារ​ការគាបសង្កត់ ជិះជាន់​ពលរដ្ឋ​ខ្មែរ​ពី​សំណាក់​លោក កូ​ម៉ៃ ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទ្រាំលែងបាន សម្លាប់​លោក​តែម្តង​។ ករណីនេះ​ដូចគ្នា​ទៅនឹង ករណី​លោក បា​ដេ​ស ក្នុង​រឿង​ភូមិ​តិរច្ឆាន ដែល​ត្រូវ​ពលរដ្ឋ​ព្រួត​គ្នា​សម្លាប់ ពេល​ចុះ​ទារពន្ធ​យ៉ាង​ដូច្នោះ​ដែរ​។ ទី​ពីរ យោងតាម​កំណត់ហេតុ​រាជការ​បារាំង គេ​យល់ថា លោក កូ​ម៉ៃ ស្លាប់​ដោយ​អំពើ​ប្លន់​របស់​ក្រុមមនុស្ស​មួយក្រុម ដែលមាន​អ្នក​ខាងក្រៅ​ចូល​ដៃ​គ្នា​ជាមួយ​ក្រុម​គូលី ពេលដែល​លោក យកប្រាក់​ទៅ​បើកប្រាក់​ខែ​ឲ្យ​គូលី​ក្នុង​អង្គរ ហើយក៏​ត្រូវគេ​ស្ទាក់ផ្លូវ​សម្លាប់​តែម្តង​។​

​ក្រោយពេល​ស្លាប់ សព​លោក កូ​ម៉ៃ ត្រូវបាន​បញ្ចុះ​នៅ​តំបន់​អង្គរ ក្រោយមក​ក៏ត្រូវ​គេ​ដឹក​ទៅ បារាំង​វិញ​។ ជា​អនុស្សាវរីយ៍​ដល់​លោក កូ​ម៉ៃ ក្នុងការ​បម្រើការ​អភិរក្ស​អង្គរ គេ​បាន​សង់​ចេតិយ មួយ ដើម្បី​ឧទ្ទិស​ដល់​លោក ហើយ​សព្វថ្ងៃនេះ​ចេតិយ​នោះ ស្ថិតនៅ​ជ្រុង​និរតី​នៃ​ប្រាសាទ បាយ័ន​។


                        ចេតិយលោក ហ្សង់ កូម៉ៃ នៅជិតប្រាសាទបាយ័ន

​ក្រោយមកទៀត ក៏មាន​ការស្ថាបនា​ផ្លូវ​មួយ​ខ្សែ ត​ភ្ជាប់​ពី​ទីក្រុង​សៀមរាប​មក​អង្គរ ចាប់ពី​ចំណុច​សណ្ឋាគារ​សុខា តាម​បណ្តោយ​វត្ត​ថ្មី ឬ​វត្ត​ក្បាល​ខ្មោច ទៅដល់​អង្គរវត្ត ហើយ​គេ​ក៏បាន​ដាក់ឈ្មោះ​ផ្លូវ​នោះ​ថា «​ហ្ស​ង់ កូ​ម៉ៃ​» តែម្តង ដើម្បី​ជាការ​ដឹងគុណ​លោក កូ​ម៉ៃ​។ ដោយសារ ពលរដ្ឋ​ខ្មែរ​ចូលចិត្ត​ហៅ​ឈ្មោះ​កាត់ ក្រោយមក ឈ្មោះ​នេះ​ក៏ត្រូវ​គេ​ហៅ​កាត់​ខ្លី​ថា កូ​ម៉ៃ រហូតមកដល់​សព្វថ្ងៃ​នេះ​។​


                      «ផ្លូវ ហ្សង់ កូម៉ៃ មើលពីត្បូងទៅជើង ឆ្ពោះទៅប្រាសាទអង្គរវត្ត»

​យ៉ាងណាក៏ដោយ លោក អ៊ឹម សុខ​រិទ្ធី មិនអាច​ដឹង​ពី​ឆ្នាំ​នៃ​ការស្ថាបនា​ផ្លូវ ហ្ស​ង់ កូ​ម៉ៃ​បានទេ តែ​លោក​គ្រាន់តែ​បានដឹងថា ផ្លូវ​នេះ​ធ្វើ​មុន​ផ្លូវ​ហ្សា​ល​ដឺ​ហ្គោល ដែល​យោងតាម​ឈ្មោះ​ប្រធានាធិបតី​បារាំង ដែល​ស្និទ្ធ​នឹង​អតីតព្រះមហាក្សត្រ​ខ្មែរ សម្តេច នរោត្តម សីហនុ​។ លោក​បន្ថែមទៀតថា ក្រោយ​ការស្លាប់​លោក កូ​ម៉ៃ ផ្ទះ​របស់លោក​ក៏ត្រូវ​បាន​រាជការ​រើចេញ​ពី​អង្គរ ដោ​យមក​បង្កើត មន្ទីរ​អភិរក្ស​ដ្ឋា​ន​អង្គរ​នៅក្នុង​ក្រុង​វិញ​រហូតដល់​សព្វថ្ងៃនេះ​៕

Tag:
 ​ផ្លូវ​កូ​ម៉ៃ​
  អ៊ឹម សុខ​រិទ្ធី​
© រក្សាសិទ្ធិដោយ thmeythmey.com