អន្តរជាតិ
អតីតមន្ត្រី​ជាន់ខ្ពស់ UN ក្លាយជា​រដ្ឋមន្ត្រីការបរទេស​ស្ត្រី​ដំបូង​គេ​របស់​កូរ៉េខាងត្បូង​
18, Jun 2017 , 10:19 pm        
រូបភាព
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​១៨ ខែមិថុនា បានតែងតាំង​លោកស្រី Kang Kyung-Hwa ជា​រដ្ឋមន្ត្រីការបរទេស បើទោះជា​មានការ​ជំទាស់​ខ្លះ​ពី​បក្សប្រឆាំង​ក្ដី​។ លោកស្រី Kang Kyung-Hwa គឺជា​អតីតមន្ត្រី​ជាន់ខ្ពស់​រប​ស់​អង្គការសហប្រជាជាតិ​លើ​ការងារ​សិទ្ធិមនុស្ស និង​កិច្ចការ​មនុស្សធម៌​អស់​ពេល​ជាច្រើន​ឆ្នាំ​។ លោកស្រី នឹងត្រូវ​ទទួល​ការងារ​ធ្ងន់ធ្ងរ​ដោយ​ត្រូវ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដែល​រក​ច្រកចេញ​មិនទាន់​ឃើញ​។



​លោកស្រី Kang Kyung-Hwa បាន​ក្លាយជា​រដ្ឋមន្ត្រីការបរទេស​ស្ត្រី​ដំបូង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កូរ៉េខាងត្បូង​។ លោកស្រី​ទទួលបាន​ការតែងតាំង​ពី​សំណាក់​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ក្រោយពី​សភា​ដែល​គ្រប់គ្រង​ដោយ​ក្រុមប្រឆាំង​មិនអាច​បញ្ចេញ​របាយការណ៍​ស្ដីពី​លក្ខណៈសម្បត្តិ​របស់លោក​ស្រី​បាន​។ ជា​ប្រមុខ​ការទូត​របស់​កូរ៉េខាងត្បូង លោកស្រី Kang Kyung-Hwa មាន​ការងារ​សំខាន់​ច្រើន​នៅ​រង់ចាំ​ជាពិសេស​វិបត្តិ​ជាមួយ​កូរ៉េខាងជើង​តែម្ដង​។​

​មុនពេល​ត្រូវបាន​ជ្រើសរើស​ជា​រដ្ឋមន្ត្រីការបរទេស លោកស្រី Kang Kyung-Hwa ធ្លាប់​បម្រើការ​នៅ​អង្គការសហប្រជាជាតិ ជា​ជំនួយ​អគ្គលេខាធិការរង​ទទួល​កិច្ចការ​មនុស្សធម៌ និង​ជា​អនុប្រធាន​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ផងដែរ​។ មុន​ទៅ​បំពេញការងារ​នៅ​ស្នាក់ការ​អង្គការសហប្រជាជាតិ លោកស្រី​ក៏​ធ្លាប់ជា​មន្ត្រី​នៅ​ក្រសួងការបរទេស​កូរ៉េខាងត្បូង​ដែរ​។ ដោយសារ​បទពិសោធន៍​ហើយ ទើប​លោក មូ​ន ចេ​អ៊ី​ន ជ្រើសរើស​លោកស្រី​សម្រាប់​តំណែង​នេះ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ប្រញាប់​តែងតាំង​លោកស្រី Kang ជា​រដ្ឋមន្ត្រីការបរទេស​ឲ្យ​មុន​ជំនួប​រវាង​លោក និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ដំណាច់​ខែមិថុនា​នេះ ក៏ដូចជា​កិច្ចប្រជុំ G-20 នៅ​អាល្លឺម៉ង់​ក្នុង​ខែកក្កដា​។ លោក មូ​ន ចេ​អ៊ី​ន បញ្ជាក់ថា​លោក​មិនអាច​ទុក​តំណែង​សំខាន់​នេះ​ឲ្យ​ទំនេរ​បានឡើយ ព្រោះ​មាន​កិច្ចប្រជុំ​ច្រើន​កំពុង​រង់ចាំ​លោកស្រី Kang Kyung-Hwa ។​

​ជាមួយគ្នានេះ ការិយាល័យ Cheong Wa Dae របស់លោក មូ​ន ចេ​អ៊ី​ន ក៏​និយាយ​ដែរ​ថា បទពិសោធន៍​របស់លោក​ស្រី Kang Kyung-Hwa នឹង​ជួយ​នាំ​ផ្លូវ​កូរ៉េខាងត្បូង ក៏ដូចជា​ដោះស្រាយ​បញ្ហា​ជាមួយ​សម្ព័ន្ធមិត្ត និង​អ្នកជិតខាង​របស់ខ្លួន​។

​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ផែនការ​ពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស THAAD ជា​បញ្ហា​ធំ​ពីរ​ដែល​លោកស្រី Kang Kyung-Hwa ត្រូវ​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​។ ក្រុង​សេ​អ៊ូ​ល​បា​នស​ម្រេ​ចិត្ត​ពន្យារពេល​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD មួយរយៈ​ដើម្បី​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​សិន បើទោះជា​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​កើនឡើង​ក៏ដោយ ហើយ​យ​រឿងនេះ​អាចជា​ប្រធានបទ​ក្ដៅ​ពេល​លោក មូ​ន ជួប​លោក ត្រាំ នៅ​អាមេរិក ព្រម​គ្នា​មហិច្ឆតា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​តែម្ដង​៕         


Tag:
 កូរ៉េខាងត្បូង​
  UN
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com