អន្តរជាតិ
អតីតមន្ត្រីជាន់ខ្ពស់ UN ក្លាយជារដ្ឋមន្ត្រីការបរទេសស្ត្រីដំបូងគេរបស់កូរ៉េខាងត្បូង
× ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅថ្ងៃទី១៨ ខែមិថុនា បានតែងតាំងលោកស្រី Kang Kyung-Hwa ជារដ្ឋមន្ត្រីការបរទេស បើទោះជាមានការជំទាស់ខ្លះពីបក្សប្រឆាំងក្ដី។ លោកស្រី Kang Kyung-Hwa គឺជាអតីតមន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិលើការងារសិទ្ធិមនុស្ស និងកិច្ចការមនុស្សធម៌អស់ពេលជាច្រើនឆ្នាំ។ លោកស្រី នឹងត្រូវទទួលការងារធ្ងន់ធ្ងរដោយត្រូវដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដែលរកច្រកចេញមិនទាន់ឃើញ។
លោកស្រី Kang Kyung-Hwa បានក្លាយជារដ្ឋមន្ត្រីការបរទេសស្ត្រីដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់កូរ៉េខាងត្បូង។ លោកស្រីទទួលបានការតែងតាំងពីសំណាក់ប្រធានាធិបតី មូន ចេអ៊ីន ក្រោយពីសភាដែលគ្រប់គ្រងដោយក្រុមប្រឆាំងមិនអាចបញ្ចេញរបាយការណ៍ស្ដីពីលក្ខណៈសម្បត្តិរបស់លោកស្រីបាន។ ជាប្រមុខការទូតរបស់កូរ៉េខាងត្បូង លោកស្រី Kang Kyung-Hwa មានការងារសំខាន់ច្រើននៅរង់ចាំជាពិសេសវិបត្តិជាមួយកូរ៉េខាងជើងតែម្ដង។
មុនពេលត្រូវបានជ្រើសរើសជារដ្ឋមន្ត្រីការបរទេស លោកស្រី Kang Kyung-Hwa ធ្លាប់បម្រើការនៅអង្គការសហប្រជាជាតិ ជាជំនួយអគ្គលេខាធិការរងទទួលកិច្ចការមនុស្សធម៌ និងជាអនុប្រធានឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងដែរ។ មុនទៅបំពេញការងារនៅស្នាក់ការអង្គការសហប្រជាជាតិ លោកស្រីក៏ធ្លាប់ជាមន្ត្រីនៅក្រសួងការបរទេសកូរ៉េខាងត្បូងដែរ។ ដោយសារបទពិសោធន៍ហើយ ទើបលោក មូន ចេអ៊ីន ជ្រើសរើសលោកស្រីសម្រាប់តំណែងនេះ។
បើតាមទីភ្នាក់ងារព័ត៌មាន Yonhap លោកប្រធានាធិបតី មូន ចេអ៊ីន ប្រញាប់តែងតាំងលោកស្រី Kang ជារដ្ឋមន្ត្រីការបរទេសឲ្យមុនជំនួបរវាងលោក និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅដំណាច់ខែមិថុនានេះ ក៏ដូចជាកិច្ចប្រជុំ G-20 នៅអាល្លឺម៉ង់ក្នុងខែកក្កដា។ លោក មូន ចេអ៊ីន បញ្ជាក់ថាលោកមិនអាចទុកតំណែងសំខាន់នេះឲ្យទំនេរបានឡើយ ព្រោះមានកិច្ចប្រជុំច្រើនកំពុងរង់ចាំលោកស្រី Kang Kyung-Hwa ។
ជាមួយគ្នានេះ ការិយាល័យ Cheong Wa Dae របស់លោក មូន ចេអ៊ីន ក៏និយាយដែរថា បទពិសោធន៍របស់លោកស្រី Kang Kyung-Hwa នឹងជួយនាំផ្លូវកូរ៉េខាងត្បូង ក៏ដូចជាដោះស្រាយបញ្ហាជាមួយសម្ព័ន្ធមិត្ត និងអ្នកជិតខាងរបស់ខ្លួន។
នុយក្លេអ៊ែរកូរ៉េខាងជើង និងផែនការពង្រាយប្រព័ន្ធការពារអាកាស THAAD ជាបញ្ហាធំពីរដែលលោកស្រី Kang Kyung-Hwa ត្រូវពិនិត្យឲ្យបានម៉ត់ចត់។ ក្រុងសេអ៊ូលបានសម្រេចិត្តពន្យារពេលពង្រាយប្រព័ន្ធការពារមីស៊ីល THAAD មួយរយៈដើម្បីវាយតម្លៃផលប៉ះពាល់បរិស្ថានសិន បើទោះជាការគំរាមកំហែងពីកូរ៉េខាងជើងកើនឡើងក៏ដោយ ហើយយរឿងនេះអាចជាប្រធានបទក្ដៅពេលលោក មូន ជួបលោក ត្រាំ នៅអាមេរិក ព្រមគ្នាមហិច្ឆតានុយក្លេអ៊ែរកូរ៉េខាងជើងតែម្ដង៕
Tag:
កូរ៉េខាងត្បូង
UN
មូន ចេអ៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com