កីឡាជាតិ
ជាតិ
បឹងកេត, ទ័ពសងសឹកបានសម្រេច ឯភ្នំពេញក្រោនលត់ស៊ីម៉ាក់ ១១-០
× នាការវិលមកជួបគ្នាក្នុងជើងទី២នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧ កាលពីល្ងាចថ្ងៃអាទិត្យ ទី១៨ មិថុនា ម្សិលមិញ ក្រុមបឹងកេត និងក្រសួងការពារជាតិ(ទ័ព)សុទ្ធតែសងសឹកបានសម្រេចលើដៃគូចាស់។ ចំណែកក្រុមភ្នំពេញប្រើភាពជាម្ចាស់ផ្ទះលត់ក្រុមស៊ីម៉ាក់ ១១-០ ដើម្បីបំបែកកំណត់ត្រាកាលពីជើងទី១។
ក្រុមបឹងកេតបានយកឈ្នះក្រុមប៉ូលិសយ៉ាងតានតឹងក្នុងលទ្ធផល ៣-២ នាជំនួបជើងទី២នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧ កាលល្ងាចថ្ងៃទី១៨ ខែមិថុនា នៅពហុកីឡដ្ឋានជាតិ។ ជ័យជម្នះនេះ មានន័យថា បឹងកេតសងសឹកបានសម្រេចលើក្រុមប៉ូលិសដែលពួកគេបានចាញ់ ២-១ កាលពីជើងទី១។ លើសពីនេះ វាបានជួយពង្រឹងទីតាំងដែលកំពុងឈរលេខរៀងទី៥របស់បឹងកេតថែមទៀតផង។
ជាមួយគ្នានេះ ក្រុមទ័ពសងសឹកក្រុមអគ្គិសនីកម្ពុជាដែលបានយកឈ្នះលើខ្លួនកាលពីជើងទី១បានសម្រេចផងដែរ បន្ទាប់ពីពួកគេបានប្រើកីឡដ្ឋានខេត្តស្វាយរៀងយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៥-០ សម្រាប់ការវិលមកជួមគ្នាក្នុងជើងទី២កាលពីម្សិលមិញ។ ជ័យជម្នះនេះ បានជួយឲ្យ ទ័ព បន្តឈរលេខរៀទី២ដោយមាន២៧ពិន្ទុ។
ដោយឡែក ក្រុមភ្នំពេញក្រោនបានបង្កភាពភ្ញាក់ផ្អើលដល់ទស្សនិកជននៅកីឡដ្ឋាន RSN បន្ទាប់ពីពួកគេបានប្រើភាពមានប្រៀបក្នុងនាមជាម្ចាស់ផ្ទះលត់ក្រុមស៊ីម៉ាក់ ដែលពួកគេធ្លាប់បញ្ចប់ត្រឹមស្មើក្នុងលទ្ធផល ១១-០។ ទោះបីជ័យជម្នះដ៏ធំធេងនេះ មិនអាចជួយឲ្យក្រុមនេះដណ្តើមបានកំពូលតារាងក៏ដោយ ប៉ុន្តែវាបានជួយពង្រឹងលេខរៀងទី៤ដែលពួកគេកំពុងឈរ។
សម្រាប់ការប្រកួតជើងទី២នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧ ក្នុងសប្តាហ៍ទី១៣ ក្រុមព្រះខ័នរាជស្វាយរៀងបានបន្តឈរកំពូលតារាងដោយមាន២៨ពិន្ទុ ដែលតាមពីក្រោយដោយទ័ពមាន២៧ពិន្ទុ ណាហ្គាវើលមាន២៥ពិន្ទុ និងភ្នំពេញក្រោនមាន២៤។ ចំណែកបឹងកេតបន្តឈរលេខរៀងទី៥ដោយមាន២៣ពិន្ទុ, ខេមបូឌានថាយហ្គឺរឈរលេខទី៦ដោយមាន១៩, ប៉ូលិសឈរលេខរៀងទី៧ដោយមាន១៦ពិន្ទុ, អគ្គិសនីកម្ពុជាឈរលេខរៀងទី៨ដោយមាន១៣ពិន្ទុ, វេស្ទើនភ្នំពេញឈរលេខរៀងទី៩ដោយមាន១៣ពិន្ទុ, អាស៊ីអឺរ៉ុបឈរលេខរៀងទី១០ដោយមាន១៣ពិន្ទុ, ស៊ីម៉ាក់ឈរលេខរៀងទី១១ដោយមាន១១ពិន្ទុ និងគីរីវង់សុខសែនជ័យឈរបាតតារាងដោយមាន២ពិន្ទុ៕
Tag:
បឹងកេត
ទ័ព
ភ្នំពេញក្រោន
ស៊ីម៉ាក់
ប៉ូលិស
Cambodian League 2017
© រក្សាសិទ្ធិដោយ thmeythmey.com