អន្តរជាតិ
អ៊ីរ៉ង់​ផ្លោង​មី​ស៊ី​ល​ដាក់​ទីតាំង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី សងសឹក​ការវាយប្រហារ​ភេរវកម្ម​នៅ​តេ​ហេ​រ៉ង់​
19, Jun 2017 , 11:41 am        
រូបភាព
​យោធា​អ៊ីរ៉ង់ បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​មួយ​គ្រាប់​សំដៅ​ទីតាំង​ក្រុម​ភេរវ​ករ​នៅឯ​តំបន់​ភាគ​ខាងកើត​របស់​ស៊ី​រី ហើយ​នេះ​ជាការ​ឆ្លើយតប​នឹង​ហេតុការណ៍​បាញ់ប្រហារ​ក្នុង​រដ្ឋធានី​តេ​ហេ​រ៉ង់​កាលពីដើម​ខែមិថុនា ដែល​សម្លាប់​មនុស្ស​អស់​១៨​នាក់​។ ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម (IS) ឬ​ដែ​ស្ហ (Daesh) បានប្រកាស​ទទួលខុស​ត្រូវ​ចំពោះ​សកម្មភាព​ភេរវកម្ម​នេះ ខណៈ​ក្រុង​តេ​ហេ​រ៉ង់​បែរជា​ចោទ​អាមេរិក និង​អា​រ៉ា​ប៊ី​សា​អូឌីត​ទៅវិញ​។​



​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បាន​បាញ់​មី​ស៊ី​ល​ដាក់​ទីតាំង​ក្រុម​ភេរវ​ករ​នៅឯ​ខេត្ត Deir-ez Zor ភាគ​ខាងកើត​ស៊ី​រី ដើម្បី​សងសឹក​សកម្មភាព​ភេរវកម្ម​នៅ​រដ្ឋសភា និង​ផ្នូរ​មេដឹកនាំ​កំពូល​ក្នុង​ទីក្រុង​តេ​ហេ​រ៉ង់​។ សារព័ត៌មាន​អ៊ីរ៉ង់ Tasnim ផ្សាយ​ថា មី​ស៊ី​ល​បាលី​ស្ទិ​ករ​យៈ​ចម្ងាយ​មធ្យម Zulfiqar ត្រូវបាន​បាញ់​ចេញពី​ទីតាំងនៅ​ភាគ​ខាងលិច​ប្រទេស សំដៅ​មូលដ្ឋាន​ក្រុម​ភេរ​វករ​នៅ​ភាគ​ខាងកើត​ស៊ី​រី​ដែល​អ៊ីរ៉ង់​ចោទថា​នៅ​ពីក្រោយ​ហេតុការណ៍​វាយប្រហារ​ថ្ងៃទី​៧ ខែមិថុនា​។​

​ប្រភពព័ត៌មាន​ខាងលើ​បន្តថា ទីតាំង និង​ទីស្នាក់ការ​របស់​ក្រុម​ភេរវ​ករ​រដ្ឋ​ឥស្លាម​នៅ​ទឹកដី​ស៊ី​រី ត្រូវបាន​កម្ទេច ហើយ​ពួក​ភេរវ​ករ​ជាច្រើន​នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​បាញ់​មី​ស៊ី​ល​សងសឹក​នេះ​។ មី​ស៊ី​ល Zulfiqar នេះ ជា​ប្រភេទ​មី​ស៊ី​ល​ប្រើប្រាស់​ថាមពល​ឥន្ធនៈ ហើយ​មាន​សមត្ថភាព​បាញ់​គោលដៅ​នៅ​រយៈ​ចម្ងាយ​៧០០​គីឡូម៉ែត្រ​បាន​។

​ក្រុម​រដ្ឋ​ឥស្លាម​បានប្រកាស​ទទួលខុសត្រូវ​ហេតុការណ៍​បាញ់ប្រហារ និង​បំផ្ទុះ​គ្រាប់បែក​នៅ​ផ្នូរ​លោក Khomeini ដែលជា​អតីត​មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​។ ខេត្ត Deir-ez Zor នៅ​ភាគ​ខាងកើត​ស៊ី​រី គឺជា​មូលដ្ឋាន​ក្រុម​រដ្ឋ​ឥស្លាម ក្នុងចំណោម​ទីតាំង​ច្រើន​ដែល​នៅ​សេសសល់​របស់​ក្រុម​នេះ ខណៈ​បាន​បាត់បង់​ទឹកដី​ជាច្រើន​រួចមក​។
 
​បន្ទាប់ពី​ការវាយប្រហារ​មក​នោះ កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បាន​សន្យា​សងសឹក​រាល់​ក្រុម​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​ចលនា​ភេរវកម្ម​នេះ ហើយ​អះអាងថា​ឈាម​មនុស្ស​ស្លូតត្រង់ នឹងមិន​ហូរ​ដោយ​ឥតប្រយោជន៍​ឡើយ​។ អ៊ីរ៉ង់​ក៏បាន​ដាក់បន្ទុក​លើ​អា​រ៉ា​ប៊ី​សា​អូឌីត និង​អាមេរិក​ជុំវិញ​ការវាយប្រហារ​ភេរវកម្ម​នៅ​អ៊ីរ៉ង់​នេះ​ថែមទៀត​។ ដូច្នេះ តិច ឬក៏​ច្រើន ការផ្ទុះ​ឡើង​នៃ​អំពើ​ភេរវកម្ម​នៅ​អ៊ីរ៉ង់ ក៏​នឹង​បង្ក​ឲ្យ​ជម្លោះ​មជ្ឈិមបូព៌ា​កាន់តែ​រីក​ធំ និង​កើន​កម្តៅ​ខ្លាំង​ផង​នៅពេល​ខាងមុខនេះ​។​

​ច្បាស់​ណាស់​ថា ការបាញ់​មី​ស៊ី​ល​លើក​នេះ គឺជា​សារ​សម្រាប់​សត្រូវ​របស់​អ៊ីរ៉ង់​ទាំងអស់ ដែលមាន​គំនិត​ចង់​វាយប្រហារ​លើ​អ៊ីរ៉ង់​នោះ​។ សកម្មភាព​យោធា​ពេលនេះ ក៏បាន​បង្ហាញ​សមត្ថភាព​របស់​យោធា​អ៊ីរ៉ង់​ដែលមាន​ទាំង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ផង ហើយ​អាចឆ្លើយតប​នឹង​ទង្វើ​ព្រហើន​ណាមួយ​មកលើ​ខ្លួន​នោះ​។ ម្យ៉ាងទៀត នេះ​ក៏​ជា​សារ​សម្រាប់​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​គូប្រជែង​ក្នុង​តំបន់​ផងដែរ ដ្បិត​អា​រ៉ា​ប៊ី​សា​អូឌីត​មិន​នៅ​ឆ្ងាយ​ពី​អ៊ី​រ់ង់​ឡើយ​៕


Tag:
 អ៊ីរ៉ង់​
  ស៊ី​រី​
  ក្រុម​រដ្ឋ​ឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com