អន្តរជាតិ
អ៊ីរ៉ង់ផ្លោងមីស៊ីលដាក់ទីតាំងក្រុមរដ្ឋឥស្លាមនៅស៊ីរី សងសឹកការវាយប្រហារភេរវកម្មនៅតេហេរ៉ង់
× យោធាអ៊ីរ៉ង់ បានបាញ់មីស៊ីលរយៈចម្ងាយមធ្យមមួយគ្រាប់សំដៅទីតាំងក្រុមភេរវករនៅឯតំបន់ភាគខាងកើតរបស់ស៊ីរី ហើយនេះជាការឆ្លើយតបនឹងហេតុការណ៍បាញ់ប្រហារក្នុងរដ្ឋធានីតេហេរ៉ង់កាលពីដើមខែមិថុនា ដែលសម្លាប់មនុស្សអស់១៨នាក់។ ក្រុមជ្រុលនិយមរដ្ឋឥស្លាម (IS) ឬដែស្ហ (Daesh) បានប្រកាសទទួលខុសត្រូវចំពោះសកម្មភាពភេរវកម្មនេះ ខណៈក្រុងតេហេរ៉ង់បែរជាចោទអាមេរិក និងអារ៉ាប៊ីសាអូឌីតទៅវិញ។
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបាញ់មីស៊ីលដាក់ទីតាំងក្រុមភេរវករនៅឯខេត្ត Deir-ez Zor ភាគខាងកើតស៊ីរី ដើម្បីសងសឹកសកម្មភាពភេរវកម្មនៅរដ្ឋសភា និងផ្នូរមេដឹកនាំកំពូលក្នុងទីក្រុងតេហេរ៉ង់។ សារព័ត៌មានអ៊ីរ៉ង់ Tasnim ផ្សាយថា មីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យម Zulfiqar ត្រូវបានបាញ់ចេញពីទីតាំងនៅភាគខាងលិចប្រទេស សំដៅមូលដ្ឋានក្រុមភេរវករនៅភាគខាងកើតស៊ីរីដែលអ៊ីរ៉ង់ចោទថានៅពីក្រោយហេតុការណ៍វាយប្រហារថ្ងៃទី៧ ខែមិថុនា។
ប្រភពព័ត៌មានខាងលើបន្តថា ទីតាំង និងទីស្នាក់ការរបស់ក្រុមភេរវកររដ្ឋឥស្លាមនៅទឹកដីស៊ីរី ត្រូវបានកម្ទេច ហើយពួកភេរវករជាច្រើននាក់ត្រូវបានសម្លាប់ក្នុងការបាញ់មីស៊ីលសងសឹកនេះ។ មីស៊ីល Zulfiqar នេះ ជាប្រភេទមីស៊ីលប្រើប្រាស់ថាមពលឥន្ធនៈ ហើយមានសមត្ថភាពបាញ់គោលដៅនៅរយៈចម្ងាយ៧០០គីឡូម៉ែត្របាន។
ក្រុមរដ្ឋឥស្លាមបានប្រកាសទទួលខុសត្រូវហេតុការណ៍បាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកនៅផ្នូរលោក Khomeini ដែលជាអតីតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់។ ខេត្ត Deir-ez Zor នៅភាគខាងកើតស៊ីរី គឺជាមូលដ្ឋានក្រុមរដ្ឋឥស្លាម ក្នុងចំណោមទីតាំងច្រើនដែលនៅសេសសល់របស់ក្រុមនេះ ខណៈបានបាត់បង់ទឹកដីជាច្រើនរួចមក។
បន្ទាប់ពីការវាយប្រហារមកនោះ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានសន្យាសងសឹករាល់ក្រុមទាំងឡាយណាដែលពាក់ព័ន្ធចលនាភេរវកម្មនេះ ហើយអះអាងថាឈាមមនុស្សស្លូតត្រង់ នឹងមិនហូរដោយឥតប្រយោជន៍ឡើយ។ អ៊ីរ៉ង់ក៏បានដាក់បន្ទុកលើអារ៉ាប៊ីសាអូឌីត និងអាមេរិកជុំវិញការវាយប្រហារភេរវកម្មនៅអ៊ីរ៉ង់នេះថែមទៀត។ ដូច្នេះ តិច ឬក៏ច្រើន ការផ្ទុះឡើងនៃអំពើភេរវកម្មនៅអ៊ីរ៉ង់ ក៏នឹងបង្កឲ្យជម្លោះមជ្ឈិមបូព៌ាកាន់តែរីកធំ និងកើនកម្តៅខ្លាំងផងនៅពេលខាងមុខនេះ។
ច្បាស់ណាស់ថា ការបាញ់មីស៊ីលលើកនេះ គឺជាសារសម្រាប់សត្រូវរបស់អ៊ីរ៉ង់ទាំងអស់ ដែលមានគំនិតចង់វាយប្រហារលើអ៊ីរ៉ង់នោះ។ សកម្មភាពយោធាពេលនេះ ក៏បានបង្ហាញសមត្ថភាពរបស់យោធាអ៊ីរ៉ង់ដែលមានទាំងមីស៊ីលបាលីស្ទិកផង ហើយអាចឆ្លើយតបនឹងទង្វើព្រហើនណាមួយមកលើខ្លួននោះ។ ម្យ៉ាងទៀត នេះក៏ជាសារសម្រាប់អារ៉ាប៊ីសាអូឌីត ដែលគូប្រជែងក្នុងតំបន់ផងដែរ ដ្បិតអារ៉ាប៊ីសាអូឌីតមិននៅឆ្ងាយពីអ៊ីរ់ង់ឡើយ៕
Tag:
អ៊ីរ៉ង់
ស៊ីរី
ក្រុមរដ្ឋឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com