កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន​៖ ពាក់កណ្តាល​ម៉ារ៉ាតុន​ភ្នំពេញ​អន្តរជាតិ​អាច​វិ​វត្ត​ទៅជា​ព្រឹត្តិការណ៍​ម៉ារ៉ាតុន​នៅ​ឆ្នាំក្រោយ​
19, Jun 2017 , 3:23 pm        
រូបភាព
ដោយ:
​ក្រោយ​មើលឃើញ​ពីស​ន្ទុះកើនឡើង​នៃ​ចំនួន​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​ចូលរួម​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​ភ្នំពេញ​អន្តរជាតិ ដែល​បានបញ្ចប់​យ៉ាង​ជោគជ័យ​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ម្សិលមិញ​។ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​គ្រោង​ប្រែក្លាយ​ព្រឹត្តិការណ៍​សប្បុរសធម៌​នេះ ទៅជា​ព្រឹត្តិការណ៍​ម៉ារ៉ាតុន​ភ្នំពេញ​អន្តរជាតិ​នៅ​ឆ្នាំក្រោយ​។



​ដើម្បី​ឆ្លើយតប​នឹង​គោលបំណង​របស់​ក្រសួងទេសចរណ៍​ដែល​ចង់​ប្រែក្លាយ​រាជា​ធានី​ភ្នំពេញ​ជា​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា​នាពេល​អនាគត លោក វ៉ា​ត់ ចំរើន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​នៃ NOCC គ្រោង​ប្រែក្លាយ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​ភ្នំពេញ​អន្តរជាតិ​ដែល​អាច​ទាក់ទាញ​អត្ត​ព​លិ​ក​រាប់ពាន់នាក់​ចូលរួម ជា​ព្រឹត្តិការណ៍​ម៉ារ៉ាតុន​ភ្នំពេញ​អន្តរជាតិ​នៅ​ឆ្នាំ​ក្រោយនេះ​។



​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា​៖«​យើង​កំពុង​រង់ចាំ​ការ Comment របស់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ក្នុងការ​ស្នើ​ឲ្យ​បង្កើត​ព្រឹត្តិការណ៍​ម៉ារ៉ាតុន ឥឡូវនេះ យើង​ទទួលបាន​ប្រមាណ​ជា​៣០​នាក់​ហើយ តែ​យើង​ចង់បាន​១០០​នាក់ បើ​គ្រប់​ចំនួន​ស្ថិតិ​ដែល​ចង់បាន យើង​នឹង​ប្រែក្លាយ​ព្រឹត្តិការណ៍​នេះ ទៅជា​ព្រឹត្តិការណ៍​ម៉ារ៉ាតុន​ភ្នំពេញ​អន្តរជាតិ​នៅ​ឆ្នាំក្រោយ​»​។



​បើ​យោងតាម​អគ្គលេខាធិការ NOCC រូបនេះ កត្តា​ដែល​ធ្វើ​ឲ្យ​លោក​គ្រោង​វិវត្តន៍​យ៉ាង​ឆាប់រហ័ស​នេះ ដោយសារ​ចំនួន​អ្នកចូលរួម​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​ភ្នំពេញ​អន្តរជាតិ​នៅ​ឆ្នាំនេះ​មានការ​កើនឡើង​ច្រើន ជាពិសេស​ក្នុង​វិញ្ញាសា​២១​គីឡូម៉ែត្រ​ដែលជា​វិញ្ញាសា​ស្នូល ដើម្បី​ឈានទៅ​ចូលរួម​រត់​ម៉ារ៉ាតុន​។

​លោក​បាន​អះអាងថា រឿង​បច្ចេកទេស​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ម៉ារ៉ាតុន​មិនមែនជា​បញ្ហា​ចោទ​សម្រាប់​កម្ពុជា​នោះទេ ព្រោះ​កម្ពុ​ជាមាន​មន្ត្រី​បច្ចេកទេស​ពោរពេញ​ដោយ​បទពិសោធន៍​ច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​។ ផ្ទុយទៅវិញ ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ផ្គត់ផ្គង់​ឲ្យ​ការរៀបចំ​ទើប​ជា​បញ្ហា​សម្រាប់​កម្ពុជា​ដែល​ត្រូវ​ដោះស្រាយ ព្រោះ​ម៉ារ៉ាតុន​ត្រូវការ​ផ្លូវ​ឆ្ងាយ​ដើម្បី​រត់​។

​ពាក់ព័ន្ធ​នឹង​គោលបំណង​នៃ​ការជ្រើសរើស​យក​រាជធានី​ភ្នំពេញ​ត្រង់​មុខ​ព្រះបរមរាជវាំង​ជាទី​តាំង​រៀបចំ​ព្រឹត្តិការណ៍​ម៉ារ៉ាតុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ​បាន​បញ្ជាក់ថា ដោយសារ​រាជធានី​ភ្នំពេញ​មាន​ទេសភាព​ល្អ និង​អំណោយផល​ដល់​ការរត់​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​។ ម្យ៉ាងទៀត ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ដើម្បី​អបអរ​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ មហាក្សត្រិយ៍​របស់​ប្រទេស​កម្ពុជា​។ លើសពីនេះ ដើម្បី​ប្រែក្លាយ​រាជធានី​ភ្នំពេញ​ជា​គោលដៅ​ទេសចរណ៍​ដ៏​សម្បូរបែប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។



​គួររំលឹកថា ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​ភ្នំពេញ​អន្តរជាតិ​ដើម្បី​អបអរសាទរ​បុណ្យចម្រើនព្រះជន្ម​សម្តេចព្រះ​វ​រាជមាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ និង​ប្រមូល​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​បានបញ្ចប់​យ៉ាង​ជោគជ័យ​កាលពី​ម្សិលមិញ មាន​អត្ត​ព​លិ​កជាង​៥​ពាន់​នាក់​មកពី​៣៣​ប្រទេស​ចូលរួម គឺ​កើនឡើង​ប្រមាណ​ជា​២០​ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។​

​អតីត​អភិបាល​រាជធានី​ភ្នំពេញ​ដែល​ទើប​ចូលនិវត្តន៍​កាលពីពេល​ថ្មីៗ លោក ប៉ា សុជាតិ​វង្ស បាន​បញ្ជាក់ថា ការកើនឡើង​នេះ​ដោយសារ​កម្ពុ​ជាមាន​ស្ថានភាព និង​ស្ថេរភាព​នយោបាយ​ល្អ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​មានការ​រីកចម្រើន​នាពេល​បច្ចុប្បន្ន​។ ម្យ៉ាងទៀត កត្តា​ជីវភាព និង​ការយល់ដឹង​ពី​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ​ក៏បាន​រួមចំណែក​នៃ​ការកើនឡើង​ចំនួន​អ្នកចូលរួម​នេះដែរ​។​



​លោក​អតីត​អភិបាល​រាជធានី​ភ្នំពេញ​រូបនេះ បានចាត់ទុក​ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​នេះ ជា​ព្រឹត្តិការណ៍​ដែលជា​ប្រជាពលរដ្ឋ​ត្រូវ​ចងចាំ​ទុកជា​ប្រវត្តិសាស្ត្រ​ទៅ​ថ្ងៃ​អនាគត ព្រោះ​វា​មិន​ត្រឹមតែ​បាន​ជួយ​ស្វែងរក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ជួយ​ថែរក្សា​បរិស្ថាន​រាជ្យ​ធានី​ទៀតផង​។ លើសពីនេះ វា​បាន​ចូលរួមចំណែក​អភិវឌ្ឍន៍ ក៏ដូចជា​ប្រែក្លាយ​រាជធានី​ភ្នំពេញ​ជា​គោលដៅ​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។



​ក្រោយ​ឆ្លងកាត់​ការប្រកួត​រយៈ​មួយ​ព្រឹក​ជា​លទ្ធផល កីឡាករ​ជនជាតិ​ជប៉ុន​សញ្ជាតិ​ខ្មែរ នី​កូ បាន​គ្រង​ដំណែង​ជើងឯក​លើ​វិ​ញ្ញា​ពាក់កណ្តាល​ម៉ារ៉ាតុន​ដោយ​ប្រើ​ថេរវេលា ១:១៦:៤៤​ម៉ោង រីឯ​កីឡាករ ម៉ា វី​រ៉ូ ទទួលបាន​លេខ​២​ជាមួយ​ថេរវេលា ១:២១:៣៧​ម៉ោង ខណៈ​កីឡាករ កាង ធឿន បាន​លេខ​៣​ដោយ​ប្រើ​ថេរវេលា ១:២២:៥៧​ម៉ោង​។ ចំណែក​ផ្នែក​នារី​លេខ​១​បាន​ទៅ​កីឡាការិនី Messina Veronique មកពី​បារាំង រីឯ​លេខ​២​បាន​ទៅ Herashchenko Nadlia មកពី​អ៊ុយ​ក្រែ​ន ខណៈ​លេខ​៣​បាន​ទៅ Straud Simone មកពី​អាមេរិក​។





​ចំណែក​វិញ្ញាសា ១០​គីឡូម៉ែត្រ​ផ្នែក​បុរស​លេខ​១​បាន​ទៅ​កីឡាករ វ៉ាន់ ភា​រ៉ា ជាមួយ​ថេរវេលា ៣៨:៣៤.៩១​នាទី រីឯ​លេខ​២​បាន​ទៅ​កីឡាករ សាត ឧ​ត្ត​ម  និង​លេខ​៣​បាន​ទៅ​កីឡាករ ជា សម្ផស្ស​។ ផ្នែក​នារី​លេខ​១​បាន​ទៅ​កីឡាការិនី​មកពី​អាមេរិក Shaina Corbin ខណៈ​លេខ​២ និង​លេខ​៣​បាន​ទៅ​កីឡាការិនី​កម្ពុជា ផៃ ឡូរី និង បូ សំណាង​៕    



Tag:
 ពាក់កណ្តាល​ម៉ារ៉ាតុន​ភ្នំពេញ​អន្តរជាតិ​
  វ៉ា​ត់ ចំរើន​
  ម៉ារ៉ាតុន​ភ្នំពេញ​អន្តរជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com