អន្តរជាតិ
Brexit៖ ការចរចា​ចែកផ្លូវ​រវាង​អឺរ៉ុប​និង​អង់គ្លេស ចាប់ផ្ដើម​នៅ​ព្រុ​ច​សែ​ល
19, Jun 2017 , 3:36 pm        
រូបភាព
តំណាងចរចារបស់ចក្រភពអង់គ្លេស David Davis និងដៃគូអឺរ៉ុប Michel Barnier
តំណាងចរចារបស់ចក្រភពអង់គ្លេស David Davis និងដៃគូអឺរ៉ុប Michel Barnier
​ការចរចា​ចែកផ្លូវ​គ្នា​រវាង​សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស បានចាប់ផ្ដើម​ហើយ​នៅ​ថ្ងៃទី​១៩ ខែមិថុនា នៅឯ​ទីក្រុង​ព្រុ​ច​សែ​ល ដើម្បី​កំណត់​លក្ខខណ្ឌ​នៃ​ទំនាក់ទំនង​ថ្មី​រវាង​ភាគី​ទាំងពីរ​ក្រោយ​ការចាកចេញ​របស់​អង់គ្លេស​។ ដំណើរការ​ចរចា​នេះ នឹង​ធ្វើឡើង​រយៈពេល​២​ឆ្នាំ ហើយ​សហភាព​អឺរ៉ុប ក៏ដូចជា​អង់គ្លេស នឹងមាន​ឱកាស​និយាយ​គ្នា​ឲ្យ​បានច្បាស់លាស់​ពី​ទំនាក់ទំនង​ថ្មី ព្រោះ​មេដឹកនាំ​អឺរ៉ុប និង​អង់គ្លេស សុទ្ធតែ​បាន​អះអាងថា​នេះ​ជា​ដំណាក់​កាលដែល​មិនអាច​បក​ក្រោយ​បាន​។



​តំណាង​ចរចា​របស់​ចក្រភព​អង់គ្លេស បានចាប់ផ្ដើម​ការចរចា​ជាមួយ​ដៃគូ​សហភាព​អឺរ៉ុប​របស់ខ្លួន​ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​លើ​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​។ រដ្ឋមន្ត្រី​ទទួលបន្ទុក​ការចាកចេញ​របស់​អង់គ្លេស David Davis បាន​ទៅដល់​ទីក្រុង​ព្រុ​ច​សែ​ល ដើម្បី​ជួប​ជាមួយ​សម​ភាគី​អឺរ៉ុប​របស់លោក ក្នុង​ការកំណត់​លក្ខខណ្ឌ​ចាកចេញ​របស់​អង់គ្លេស និង​ទំនាក់ទំនង​ថ្មី​រវាង​ភាគី​ទាំងពីរ​ក្រោយ​ការ​លែងលះ​ចប់​ស្ថាពរ​។​

​ការចរចា​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៩ ខែមិថុនា ធ្វើឡើង​ជិត​មួយឆ្នាំ​ក្រោយ​ប្រជាជន​អង់គ្លេស​សម្រេចចិត្ត​បោះឆ្នោត​ជ្រើសរើស​ការចាកចេញ​ក្នុង​ប្រជាមតិ​កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ ។ ទាំង​អង់គ្លេស​ផ្ទាល់ ទាំង​សមាជិក​សហភាព​អឺរ៉ុប​ផ្សេងទៀត ភ្ញាក់ផ្អើល​ខ្លាំង​នឹង​លទ្ធផល​ប្រជាមតិ​នេះ ដែលជា​ការចាប់ផ្ដើម​កា​រ​កាត់ផ្ដាច់​រាល់​ទំនាក់ទំនង​ទាំងអស់​រវាង​អង់គ្លេស និង​អឺរ៉ុប​។ បើទោះជា​ពិបាក​ទទួលយក​ក​ក្ដី ភាគី​ទាំងពីរ​សុទ្ធតែ​បាន​សន្យា​អនុវត្តតាម​បំណង​របស់​ប្រជាជន​អង់គ្លេស​។​

​នៅ​ព្រុ​ច​សែ​ល លោក David Davis ជួប​ដៃគូ​ចរចា​ជនជាតិ​បារាំង Michel Barnier នៅ​ស្នាក់ការ​គណៈកម្មការ​អឺរ៉ុប​។ យ៉ាងណាក្ដី មន្ត្រី​មកពី​ភាគី​ទាំងពីរ​ក៏បាន​ប្រាប់​មុន​ដែរ​ថា កុំ​សង្ឃឹម​អ្វីៗ​សម្រេច​ក្នុងជំនួប​លើកទីមួយ​នេះ​ឲ្យ​សោះ​។ នេះ ក៏​ព្រោះតែ​ពេលវេលា​នៅ​ឆ្ងាយ​ទៀត​ទម្រាំ​ដល់​ឆ្នាំ​២០១៩ ដែលជា​កាលបរិច្ឆេទ​ចុងក្រោយ​នៃ​ការចរចា ហើយ​ម្យ៉ាងទៀត​នោះ ភាគី​ទាំងសងខាង​ត្រូវ​ចរចា​លើ​ចំណុច​ជាច្រើន​ចាប់ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការបង់ថ្លៃ​លែងលះ​របស់​អង់គ្លេស​ឲ្យ​អឺរ៉ុប​ជាដើម​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក David Davis ចាត់ទុក​ជំនួប​លើកដំបូង​នេះ គ្រាន់តែ​ជាការ​ចាប់ផ្ដើម​កា​ងារ​ដ៏​លំបាក​ប៉ុណ្ណោះ​។ ទោះជា​ការចរចា​មិន​ងាយស្រួល​ក្ដី តំណាង​របស់​អង់គ្លេស​រូបនេះ​នៅតែ​ចង់បាន​លទ្ធផល​ល្អប្រសើរ​ដែល​ភាគី​ទាំងពីរ​ទទួលយកបាន តាមរយៈ​ការពិភាក្សា​ប្រកប​គំនិត​ស្ថាបនា ខណៈ​អង់គ្លេស​ហាក់ដូចជា​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​កាលៈទេសៈ​ដ៏​លំបាក​នៅពេល​ខាងមុខនេះ​។​

​ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍ ដែល​ទើប​បង្កើត​រដ្ឋាភិបាល​ក្រោយ​ការបោះឆ្នោត​មុន​អាណត្តិ ក៏​នឹង​ជួប​ជាមួយ​បណ្ដា​មេដឹកនាំ​រដ្ឋ​សមាជិក​អឺរ៉ុប​នៅ​សប្ដាហ៍​នេះដែរ​។ ប៉ុន្តែ​លោកស្រី ម៉េ​យ៍ នឹងមិន​មានការ​ចរចា​ជាមួយ​ដៃគូ​អឺរ៉ុប​របស់លោក​ស្រី​ឡើយ​ពេល​ជួបគ្នា​នៅ​ព្រុ​ច​សែ​ល​។ នេះ​អាចជា​សញ្ញា​ល្អ​សម្រាប់​ការចរចា​លែងលះ ព្រោះ​អី​រយៈ​កន្លងមក​អង់គ្លេស និង​អឺរ៉ុប​ក៏​ធ្លាប់បាន​ឆ្លើយឆ្លង​គ្នា​ខ្លាំងៗ​លើ​បញ្ហា​នេះដែរ​៕  


Tag:
 Brexit
  អឺរ៉ុប​
  អង់គ្លេស​
© រក្សាសិទ្ធិដោយ thmeythmey.com