ជាតិ
ប៉ូលិសបង្ហោះឃ្លីបវីដេអូស្តីពីប្រតិបត្តិការបង្ក្រាបទីតាំងបញ្ជល់មាន់ខុសច្បាប់នៅឫស្សីកែវ
× នៅកម្ពុជា បញ្ជល់មាន់គឺជាល្បែងខុសច្បាប់។ កាលពីថ្ងៃទី១៧ ខែមិថុនា កន្លងមក អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានបង្ហោះឃ្លីបវីដេអូទាក់ទងនឹងប្រតិបត្តិការបង្ក្រាបទីតាំងជល់មាន់ខុសច្បាប់មួយកន្លែងនៅក្នុងខណ្ឌឫស្សីកែវ ជាយរាជធានីភ្នំពេញ ក្រោយការស៊ើបអង្កេតអស់រយៈពេល៤សប្តាហ៍។
មនុស្សជាច្រើននាក់បាននាំគ្នារត់កាត់ទឹក និងផ្លោះរបង ដើម្បីគេចពីការចាប់ខ្លួនរបស់កងកម្លាំងនគរបាលខណ្ឌឫស្សីកែវ ក្រោមកិច្ចសហការជាមួយប៉ុស្តិ៍មូលដ្ឋាន និងកម្លាំងប្រជាការពារ។ នេះបើតាមឃ្លីបវីដេអូដែលបង្ហោះដោយអគ្គស្នងការដ្ឋាននគរបាលជាតិ។
នាអំឡុងនៃប្រតិបត្តិការបង្ក្រាបទីតាំងបញ្ជល់មាន់ខុសច្បាប់នៅចំណុចក្រោមដើមអំពិលទឹកបារាំង ក្នុងដីឡូត៍ទុកចោល ផ្លូវលំ ក្រុម៤ ភូមិទួលគោក សង្កាត់ទួលសង្កែ សមត្ថកិច្ចដែលដឹកនាំដោយលោក ទៀង ចាន់សា អធិការខណ្ឌឫស្សីកែវ បានដកហូតវត្ថុតាង រួមមានមាន់៤ក្បាល ខ្នាយដែក១គូរ កន្ក្រកច្រកមាន់៥ និងម៉ូតូ៧គ្រឿង។
យោងតាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោយការស៊ើបអង្កេតអស់រយៈពេល៤សប្តាហ៍។ នាពេលនោះ សមត្ថកិច្ចឃាត់ខ្លួន បានជនសង្ស័យតែម្នាក់ប៉ុណ្ណោះ គឺឈ្មោះ យ៉ វ៉ាំងជុគ ជនជាតិវៀតណាម វ័យ៤៥ឆ្នាំ។ សមត្ថកិច្ចបានអះអាងថា កត្តាភូមិសាស្ត្រមិនអំណោយផល ផ្លូវចូលមានសភាពតូចអង្អៀត ឆ្ងាយពីផ្លូវលំបត់ចូល នឹងមានជង្ហុកច្រើន ជុំវិញទីតាំងប្រព្រឹត្តសកម្មភាព សុទ្ធជាប្រឡាយអមដោយបឹងមានផុក ងាយស្រួលនឹងអំណោយផលសំរាប់ការគេចខ្លួន ទើបសមត្ថកិច្ចយើងឃាត់ខ្លួនបានតែជនសង្ស័យម្នាក់។
សំណុំរឿងនេះ នឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់៕
Tag:
បញ្ជល់មាន់
ឫស្សីកែវ
© រក្សាសិទ្ធិដោយ thmeythmey.com