ជាតិ
ប៉ូលិស​បង្ហោះ​ឃ្លី​ប​វីដេអូ​ស្តីពី​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​បញ្ជល់មាន់​ខុសច្បាប់​នៅ​ឫស្សីកែវ​
19, Jun 2017 , 3:57 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​កម្ពុជា បញ្ជល់មាន់​គឺជា​ល្បែង​ខុសច្បាប់​។ កាលពី​ថ្ងៃទី​១៧ ខែមិថុនា កន្លងមក អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន   បាន​បង្ហោះ​ឃ្លី​ប​វីដេអូ​ទាក់ទង​នឹង​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ជល់​មាន់​ខុសច្បាប់​មួយកន្លែង​នៅក្នុង​ខណ្ឌឫស្សីកែវ ជាយ​រាជធានី​ភ្នំពេញ ក្រោយ​ការស៊ើបអង្កេត​អស់​រយៈពេល​៤​សប្តាហ៍​។​

​មនុស្ស​ជាច្រើន​នាក់​បាននាំគ្នា​រត់​កាត់ទឹក និង​ផ្លោះ​របង ដើម្បី​គេច​ពី​ការចាប់ខ្លួន​របស់​កង​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ ក្រោម​កិច្ចសហការ​ជាមួយ​ប៉ុស្តិ៍​មូលដ្ឋាន និង​កម្លាំង​ប្រជា​ការពារ​។ នេះ​បើតាម​ឃ្លី​ប​វីដេអូ​ដែល​បង្ហោះ​ដោយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​នា​អំឡុង​នៃប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​បញ្ជល់មាន់​ខុសច្បាប់​នៅ​ចំណុច​ក្រោម​ដើម​អំពិល​ទឹក​បារាំង ក្នុង​ដីឡូត៍​ទុកចោល ផ្លូវលំ ក្រុម​៤ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ សមត្ថកិច្ច​ដែល​ដឹកនាំ​ដោយ​លោក ទៀង ចាន់​សា អធិការ​ខណ្ឌឫស្សីកែវ បាន​ដកហូត​វត្ថុតាង រួមមាន​មាន់​៤​ក្បាល ខ្នាយ​ដែក​១​គូរ ក​ន្ក្រ​ក​ច្រក​មាន់​៥ និង​ម៉ូតូ​៧​គ្រឿង​។

​យោងតាម​ការផ្សាយ​រប​ស់អគ្គ​ស្នងការដ្ឋាន​ន​គ​របាល​ជាតិ ប្រតិបត្តិ​ការបង្ក្រាប​នេះ ធ្វើឡើង​ក្រោយ​ការស៊ើបអង្កេត​អស់​រយៈពេល​៤​សប្តាហ៍​។ នាពេលនោះ សមត្ថកិច្ច​ឃាត់ខ្លួន បាន​ជនសង្ស័យ​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​ឈ្មោះ យ៉ វ៉ាំ​ង​ជុគ ជនជាតិ​វៀតណាម វ័យ​៤៥​ឆ្នាំ​។ សមត្ថកិច្ច​បាន​អះអាងថា កត្តា​ភូមិសាស្ត្រ​មិន​អំណោយផល ផ្លូវ​ចូល​មាន​សភាព​តូច​អ​ង្អៀ​ត ឆ្ងាយ​ពី​ផ្លូវលំ​បត់​ចូល នឹងមាន​ជង្ហុក​ច្រើន ជុំវិញ​ទីតាំង​ប្រព្រឹត្ត​សកម្មភាព សុទ្ធ​ជា​ប្រឡាយ​អមដោយ​បឹង​មាន​ផុ​ក ងាយស្រួល​នឹង​អំណោយផល​សំរាប់​ការ​គេចខ្លួន ទើប​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​បានតែ​ជនសង្ស័យ​ម្នាក់​។​

​សំណុំ​រឿងនេះ នឹងត្រូវ​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​៕


Tag:
 បញ្ជល់មាន់​
  ឫស្សីកែវ​
© រក្សាសិទ្ធិដោយ thmeythmey.com