អន្តរជាតិ
ឥណ្ឌូណេស៊ីពង្រាយយន្តហោះចម្បាំងទៅគាំទ្រការល្បាតផ្លូវអាកាសប្រឆាំងក្រុមភេរវជនលួចឆ្លងដែនពីហ្វីលីពីន
× ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីនចាប់ផ្តើមកិច្ចសហប្រតិបត្តិការល្បាតផ្លូវអាកាសទៀតបន្ថែមលើការល្បាតផ្លូវសមុទ្ររួមគ្នានៅថ្ងៃចន្ទទី ១៩ មិថុនានេះ ដើម្បីប្រឆាំងការឆ្លងដែនទៅវិញទៅមករបស់ក្រុមភេរវជន។ ឥណ្ឌូណេស៊ីក៏បានពង្រាយយន្តហោះចម្បាំង Sukhoi បីគ្រឿងទៅកាន់មូលដ្ឋានទ័ពខ្លួននាភាគខាងជើងកោះ Borneo ហើយ។ គេបារម្ភថា ក្រុមសកម្មប្រយុទ្ធដែលជាបណ្តាញភេរវជនដែស្ហ (Daesh) ឬក្រុមរដ្ឋឥស្លាម (IS) ដែលកំពុងប្រយុទ្ធនៅក្រុង Marawi នឹងលួចឆ្លងទៅតាមសមុទ្រទៅម៉ាឡេស៊ីឬទៅឥណ្ឌូណេស៊ីផងដែរ។
ការកើនឡើងនៃចលនាភេរវកម្មបង្កដោយបណ្តាញក្រុមភេរវជនដែស្ហនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានក្លាយជាកង្វល់ដ៏ធំមួយសម្រាប់បណ្តាប្រទេសក្នុងតំបន់។ បន្ថែមពីនេះ បរាជ័យផ្នែកសន្តិសុខរបស់រដ្ឋាភិបាលហ្វីលីពីនរហូតបណ្តោយឲ្យក្រុមភេរវជនដណ្តើមទីក្រុង Marawi បាននោះ ក៏ជាជួងដាស់ស្មារតីសមាជិកអាស៊ានថា ក្រុមភេរវជនរដ្ឋឥស្លាមនឹងបង្កើតមូលដ្ឋានខ្លួនក្នុងតំបន់នៅពេលណាមួយខាងមុខមិនខានឡើយ។
ក្រុមភេរវជនដែលវាយប្រហារនៅក្រុង Marawi មានទាំងជនជាតិម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងសិង្ហបុរីផង ហើយអ្វីដែលសំខាន់អាជ្ញាធរម៉ាឡេស៊ី និងឥណ្ឌូណេស៊ីបានទទួលស្គាល់ថាជានជាតិខ្លួនប្រហែលមួយពាន់នាក់បានលួចឆ្លងដែនទៅធ្វើសង្គ្រាមជាមួយក្រុមដែស្ហនៅស៊ីរីនិងអ៊ីរ៉ាក់។ ហើយក្រៅពីនោះ វាមានប្រជាជនផ្សេងទៀតដែលទទួលមនោគមន៍វិជ្ជាជ្រុលនិយមរួចទៅហើយនោះ។
ដើមខែមិថុនានេះ មេបញ្ជាការកងទ័ពឥណ្ឌូណេស៊ីបានបង្ហើបថា បណ្តាញក្រុមភេរវជនដែស្ហមាននៅស្ទើរគ្រប់ខេត្តទាំងអស់ទូទាំងប្រទេសឥណ្ឌូណេស៊ី ហើយពួកគេគ្រាន់តែលាក់ខ្លួននិងរង់ចាំបញ្ជាតែប៉ុណ្ណោះ។ វាច្បាស់ណាស់ថា សន្តិសុខតំបន់កាន់តែផុយស្រួយកាន់តែខ្លាំង ហើយការវាយប្រហារភេរវកម្មអាចនឹងកើតឡើងខ្លាំងនៅថ្ងៃណាមួយខាងមុខផង បើសិនជាគ្មានចំនាត់ការដុំកំភួននិងទាន់ពេលទេនោះ។
ក្នុងវេទិកាសន្តិសុខប្រចាំឆ្នាំ Shangri-La អគ្គលេខាធិកាអាស៊ានលោក Le Luong Minh ក៏បានលើកឡើងពីការបារម្ភនៃបញ្ហាសន្តិសុខតំបន់ដែលរងការគំរាមកំហែងដោយសារចលនាភេរវកម្ម ហើយលោកក៏អំពាវនាវឲ្យប្រទេសជាសមាជិកពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាផងដើម្បីប្រឆាំងភេរវកម្ម។
ឆ្លើយតបបញ្ហានេះ ប្រទេសមួយចំនួនក្នុងតំបន់ដូចជាម៉ាឡេស៊ី ហ្វីលីពីន និង ឥណ្ឌូនេស៊ី ក្រោមការជួយជ្រោមជ្រែងពីសិង្ហបុរីផងនោះកំពុងបង្កើនកិច្ចសហការគ្នាដើម្បីទប់ស្កាត់ចលនាភេរវកម្ម ការលួចឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយតាមផ្លូវសមុទ្រ។ប្រទេសទាំងបីបានចាប់ផ្តើមល្បាតផ្លូវសមុទ្ររួមគ្នារួចទៅហើយកាលពីឆ្នាំមុននៅសមុទ្រ Sulu ហើយនៅសប្តាហ៍នេះប្រទេសទាំងបីនឹងចាប់ផ្តើមការល្បាតផ្លូវអាកាសបន្ថែមទៀតដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រឆាំងរាល់ក្រុមប្រដាប់អាវុធដែលលួចឆ្លងដែនតាមផ្លូវសមុទ្រ។
ដើមខែមិថុនាកន្លងទៅ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីលោក Hishammuddin Hussein បានលើកឡើងផងដែរថា កិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មនេះចាប់ផ្តើមដោយប្រទេសបីសិន។ ការសម្រេចចេញចំណាត់ការនេះគឺដើម្បីចៀសវាងការចោទប្រកាន់ថា ប្រទេសទាំងនេះមិនធ្វើសកម្មភាពអ្វីបន្តិចសោះដើម្បីដោះស្រាយបញ្ហា។ ចំណាត់ការដំបូង គឺពង្រឹងការល្បាតផ្លូវសមុទ្រនិងផ្លូវអាកាសផងដែរ។
បើតាមសារព័ត៌មាន The Strait Times ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន នឹងចាប់ដៃគ្នាពង្រឹងការល្បាតតាមសមុទ្រ ដោយបន្ថែមការល្បាតផ្លូវអាកាសជាជំនួយផង។ ការល្បាតផ្លូវអាកាសរួមគ្នាជាផ្លូវការនេះចាប់ផ្តើមឡើងនៅថ្ងៃចន្ទទី ១៩ មិថុនានេះ។ វានឹងមានការប្រើប្រាស់យន្តហោះឈ្លបយកការណ៍ និងយន្តហោះគ្មានអ្នកបើកដើម្បីបង្កើនប្រសិទ្ធភាពដល់ការល្បាតនេះផងដែរ។ ចំណែកវិធានការផ្សេងទៀតមានដូចជា ការបង្កើនការត្រួតពិនិត្យ និងចែករម្លែករបាយការណ៍ចារកម្មនានាពាក់ព័ន្ធជនសង្ស័យក្នុងករណីភេរវកម្មនេះដែរ។
ឥណ្ឌូណេស៊ីពង្រាយយន្តហោះចម្បាំងទៅចូលរួមល្បាតប្រឆាំងក្រុមភេរវជនលួចឆ្លងដែន
ខណៈដែលមានការប្តេជ្ញាចិត្តចាប់ផ្តើមល្បាតផ្លូវសមុទ្ររវាងសមាជិកអាស៊ានបីនេះ ឥណ្ឌូណេស៊ីបានពង្រាយយន្តហោះចម្បាំងខ្លួនចំនួន បីគ្រឿងរួចទៅហើយទៅកាន់មូលដ្ឋានទ័ពជើអាកាសនាទីក្រុង Tarakan នៃខេត្ត កាលីម៉ាន់តាន់ភាគខាងជើង ។ យោងតាមទីភ្នាក់ព័ត៌មាន Reuters យន្តហោះចម្បាំងទាំងបីគ្រឿងនោះជាយន្តហោះរុស្ស៊ី Sukhoi ហើយវានឹងចូលរួមចំណែកសំខាន់ក្នុងប្រតិបត្តិការល្បាតផ្លូវអាកាសប្រឆាំងបណ្តាក្រុមប្រដាប់អាវុធដែលលួចឆ្លងដែននោះ។
ប្រធានមូលដ្ឋានទ័ពអាកាសក្រុង Tarakan លោក Didik Krisyanto បានបញ្ជាក់ថា យន្តហោះចម្បាំងទាំងបីគ្រឿងនឹងមានវត្តមាននៅមូលដ្ឋានទ័ពនេះរយៈពេលមួយខែដើម្បីបំពេញប្រតិបត្តិការល្បាត ក្នុងករណីដែលមានការលួចឆ្លងដែនរបស់ក្រុមភេរវជនពីក្រុង Marawi ចូលមកកាន់ឥណ្ឌូណេស៊ី។
បន្ថែមពីលើការល្បាតនេះ កងទ័ពអាកាសឥណ្ឌូណេស៊ីក៏បានណែនាំនិងស្នើសុំឲ្យបណ្តាប្រជាពលរដ្ឋខ្លួនដែលរស់នៅក្នុងតំបន់ខាងលើនិងមានរបររកស៊ីជាអ្នកនេសាទនៅតាមបណ្តាព្រំដែនសមុទ្រជាប់ហ្វីលីពីន ជួយផ្តល់ព័ត៌មានបើសិនជាឃើញជនគួរឲ្យសង្ស័យឆ្លងដែនចូលមកឥណ្ឌូណេស៊ីនោះ៕
Tag:
ឥណ្ឌូណេស៊ី
Marawi
ក្រុមដែស្ហ
ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com