អន្តរជាតិ
ឥណ្ឌូណេស៊ី​ពង្រាយ​យន្តហោះ​ចម្បាំង​ទៅ​គាំទ្រ​ការ​ល្បាត​ផ្លូវអាកាស​ប្រឆាំង​ក្រុម​ភេរវជន​លួច​ឆ្លងដែន​ពី​ហ្វីលីពីន​
19, Jun 2017 , 5:11 pm        
រូបភាព
​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ហ្វីលីពីន​ចាប់ផ្តើម​កិច្ចសហប្រតិបត្តិការ​ល្បាតផ្លូវ​អាកាស​ទៀត​បន្ថែម​លើ​ការ​ល្បាតផ្លូវ​សមុទ្រ​រួមគ្នា​នៅ​ថ្ងៃ​ចន្ទ​ទី ១៩ មិថុនា​នេះ ដើម្បី​ប្រឆាំង​ការឆ្លង​ដែន​ទៅវិញទៅមក​របស់​ក្រុម​ភេរវជន​។ ឥណ្ឌូណេស៊ី​ក៏បាន​ពង្រាយ​យន្តហោះ​ចម្បាំង Sukhoi បី​គ្រឿង​ទៅកាន់​មូលដ្ឋានទ័ព​ខ្លួន​នា​ភាគ​ខាងជើង​កោះ Borneo ហើយ​។  គេ​បារម្ភ​ថា ក្រុម​សកម្មប្រយុទ្ធ​ដែលជា​បណ្តាញ​ភេរវជន​ដែ​ស្ហ (Daesh) ឬ​ក្រុម​រដ្ឋ​ឥស្លាម (IS) ដែល​កំពុង​ប្រយុទ្ធ​នៅ​ក្រុង Marawi នឹង​លួច​ឆ្លង​ទៅតាម​សមុទ្រ​ទៅ​ម៉ាឡេស៊ី​ឬ​ទៅ​ឥណ្ឌូណេស៊ី​ផងដែរ​។



​ការកើនឡើង​នៃ​ចលនា​ភេរវកម្ម​បង្កដោយ​បណ្តាញ​ក្រុម​ភេរវជន​ដែ​ស្ហ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​បានក្លាយ​ជា​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​បណ្តា​ប្រទេស​ក្នុង​តំបន់​។ បន្ថែម​ពីនេះ បរាជ័យ​ផ្នែក​សន្តិសុខ​របស់​រដ្ឋាភិបាល​ហ្វីលីពីន​រហូត​បណ្តោយ​ឲ្យ​ក្រុម​ភេរវជន​ដណ្តើម​ទីក្រុង Marawi បាន​នោះ ក៏​ជា​ជួង​ដាស់​ស្មារតី​សមាជិក​អាស៊ាន​ថា ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នឹង​បង្កើត​មូលដ្ឋាន​ខ្លួន​ក្នុង​តំបន់​នៅពេល​ណាមួយ​ខាងមុខ​មិនខានឡើយ​។

​ក្រុម​ភេរវជន​ដែល​វាយប្រហារ​នៅ​ក្រុង Marawi មាន​ទាំង​ជនជាតិ​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​សិង្ហ​បុរី​ផង ហើយ​អ្វីដែល​សំខាន់​អាជ្ញាធរ​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​បាន​ទទួលស្គាល់ថា​ជាន​ជាតិ​ខ្លួន​ប្រហែល​មួយ​ពាន់​នាក់​បាន​លួច​ឆ្លងដែន​ទៅធ្វើ​សង្គ្រាម​ជាមួយ​ក្រុម​ដែ​ស្ហ​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​។ ហើយ​ក្រៅពីនោះ វា​មាន​ប្រជាជន​ផ្សេងទៀត​ដែល​ទទួល​មនោគមន៍វិជ្ជា​ជ្រុលនិយម​រួចទៅហើយ​នោះ​។​

​ដើមខែ​មិថុនា​នេះ មេបញ្ជាការ​កងទ័ព​ឥណ្ឌូណេស៊ី​បាន​បង្ហើប​ថា បណ្តាញ​ក្រុម​ភេរវជន​ដែ​ស្ហ​មាននៅ​ស្ទើរ​គ្រប់​ខេត្ត​ទាំងអស់​ទូទាំងប្រទេស​ឥណ្ឌូណេស៊ី ហើយ​ពួកគេ​គ្រាន់តែ​លាក់ខ្លួន​និង​រង់ចាំ​បញ្ជា​តែប៉ុណ្ណោះ​។ វា​ច្បាស់​ណាស់​ថា សន្តិសុខ​តំបន់​កាន់តែ​ផុយស្រួយ​កាន់តែខ្លាំង ហើយ​ការវាយប្រហារ​ភេរវកម្ម​អាច​នឹង​កើតឡើង​ខ្លាំង​នៅ​ថ្ងៃ​ណាមួយ​ខាងមុខ​ផង បើសិនជា​គ្មាន​ចំនាត់ការ​ដុំកំភួន​និង​ទាន់ពេល​ទេនោះ​។

​ក្នុង​វេទិកា​សន្តិសុខ​ប្រចាំឆ្នាំ Shangri-La អគ្គលេខាធិកា​អាស៊ាន​លោក Le Luong Minh ក៏បាន​លើកឡើង​ពី​ការបារម្ភ​នៃ​បញ្ហា​សន្តិសុខ​តំបន់​ដែល​រង​ការគំរាមកំហែង​ដោយសារ​ចលនា​ភេរវកម្ម ហើយ​លោក​ក៏​អំពាវនាវ​ឲ្យ​ប្រទេស​ជា​សមាជិក​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ផង​ដើម្បី​ប្រឆាំង​ភេរវកម្ម​។​

​ឆ្លើយតប​បញ្ហា​នេះ ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​ដូចជា​ម៉ាឡេស៊ី ហ្វីលីពីន និង ឥណ្ឌូនេស៊ី ក្រោម​ការជួយជ្រោមជ្រែង​ពី​សិង្ហ​បុរី​ផង​នោះ​កំពុង​បង្កើន​កិច្ច​សហការគ្នា​ដើម្បី​ទប់ស្កាត់​ចលនា​ភេរវកម្ម ការ​លួច​ឆ្លងដែន​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​តាមផ្លូវ​សមុទ្រ​។​ប្រទេស​ទាំងបី​បានចាប់ផ្តើម​ល្បាតផ្លូវ​សមុទ្រ​រួមគ្នា​រួចទៅហើយ​កាលពី​ឆ្នាំមុន​នៅ​សមុទ្រ Sulu ហើយ​នៅ​សប្តាហ៍​នេះ​ប្រទេស​ទាំងបី​នឹង​ចាប់ផ្តើម​ការ​ល្បាត​ផ្លូវអាកាស​បន្ថែមទៀត​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំង​រាល់​ក្រុម​ប្រដាប់អាវុធ​ដែល​លួច​ឆ្លងដែន​តាមផ្លូវ​សមុទ្រ​។​

​ដើមខែ​មិថុនា​កន្លងទៅ រដ្ឋមន្ត្រី​ការពារជាតិ​ម៉ាឡេស៊ី​លោក Hishammuddin Hussein បានលើកឡើង​ផងដែរ​ថា កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​នេះ​ចាប់ផ្តើម​ដោយ​ប្រទេស​បី​សិន​។ ការសម្រេច​ចេញ​ចំណាត់ការ​នេះ​គឺ​ដើម្បី​ចៀសវាង​ការចោទប្រកាន់ថា ប្រទេស​ទាំងនេះ​មិន​ធ្វើ​សកម្មភាព​អ្វី​បន្តិច​សោះ​ដើម្បី​ដោះស្រាយ​បញ្ហា​។ ចំណាត់ការ​ដំបូង គឺ​ពង្រឹង​ការ​ល្បាតផ្លូវ​សមុទ្រ​និង​ផ្លូវអាកាស​ផងដែរ​។​
 
​បើតាម​សារព័ត៌មាន The Strait Times ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ហ្វីលីពីន នឹង​ចាប់ដៃគ្នា​ពង្រឹង​ការ​ល្បាត​តាម​សមុទ្រ ដោយ​បន្ថែ​មការ​ល្បាតផ្លូវ​អាកាស​ជា​ជំនួយ​ផង​។ ការ​ល្បាត​ផ្លូវអាកាស​រួមគ្នា​ជា​ផ្លូវការ​នេះ​ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃ​ចន្ទ​ទី ១៩ មិថុនា​នេះ​។  វា​នឹងមាន​ការប្រើប្រាស់​យន្តហោះ​ឈ្លបយកការណ៍ និង​យន្តហោះ​គ្មាន​អ្នកបើក​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ដល់​ការ​ល្បាត​នេះ​ផងដែរ​។ ចំណែក​វិធានការ​ផ្សេងទៀត​មានដូចជា ការបង្កើន​ការត្រួតពិនិត្យ និង​ចែករម្លែក​របាយការណ៍​ចារកម្ម​នានា​ពាក់ព័ន្ធ​ជនសង្ស័យ​ក្នុងករណី​ភេរវកម្ម​នេះដែរ​។​

​ឥណ្ឌូណេស៊ី​ពង្រាយ​យន្តហោះ​ចម្បាំង​ទៅ​ចូលរួម​ល្បាត​ប្រឆាំង​ក្រុម​ភេរវជន​លួច​ឆ្លងដែន​

​ខណៈដែល​មានការ​ប្តេជ្ញា​ចិត្ត​ចាប់ផ្តើម​ល្បាតផ្លូវ​សមុទ្រ​រវាង​សមាជិក​អាស៊ាន​បី​នេះ ឥណ្ឌូណេស៊ី​បាន​ពង្រាយ​យន្តហោះ​ចម្បាំង​ខ្លួន​ចំនួន បី​គ្រឿង​រួចទៅហើយ​ទៅកាន់​មូលដ្ឋានទ័ព​ជើ​អាកាស​នាទី​ក្រុង Tarakan នៃ​ខេត្ត កាលី​ម៉ាន់​តាន់​ភាគ​ខាងជើង ។ យោងតាម​ទី​ភ្នា​ក់​ព័ត៌មាន Reuters យន្តហោះ​ចម្បាំង​ទាំងបី​គ្រឿង​នោះ​ជា​យន្តហោះ​រុស្ស៊ី Sukhoi ហើយ​វា​នឹងចូលរួម​ចំណែក​សំខាន់​ក្នុង​ប្រតិបត្តិការ​ល្បាតផ្លូវ​អាកាស​ប្រឆាំង​បណ្តា​ក្រុម​ប្រដាប់អាវុធ​ដែល​លួច​ឆ្លងដែន​នោះ​។​

​ប្រធាន​មូលដ្ឋាន​ទ័ពអាកាស​ក្រុង Tarakan លោក Didik Krisyanto បាន​បញ្ជាក់ថា យន្តហោះ​ចម្បាំង​ទាំងបី​គ្រឿង​នឹងមាន​វត្ត​មាននៅ​មូលដ្ឋានទ័ព​នេះ​រយៈពេល​មួយខែ​ដើម្បី​បំពេញ​ប្រតិបត្តិការ​ល្បាត ក្នុងករណី​ដែលមាន​ការ​លួច​ឆ្លងដែន​របស់​ក្រុម​ភេរវជន​ពី​ក្រុង Marawi ចូលមក​កាន់​ឥណ្ឌូណេស៊ី​។​

​បន្ថែម​ពីលើ​ការ​ល្បាត​នេះ កងទ័ពអាកាស​ឥណ្ឌូណេស៊ី​ក៏បាន​ណែនាំ​និង​ស្នើសុំ​ឲ្យ​បណ្តា​ប្រជាពលរដ្ឋ​ខ្លួន​ដែល​រស់នៅក្នុង​តំបន់​ខាងលើ​និង​មាន​របរ​រកស៊ី​ជា​អ្នកនេសាទ​នៅតាម​បណ្តា​ព្រំដែន​សមុទ្រ​ជាប់​ហ្វីលីពីន ជួយផ្តល់​ព័ត៌មាន​បើសិនជា​ឃើញ​ជន​គួរ​ឲ្យ​សង្ស័យ​ឆ្លងដែន​ចូលមក​ឥណ្ឌូណេស៊ី​នោះ​៕



Tag:
 ​ឥណ្ឌូណេស៊ី​
  Marawi
  ក្រុម​ដែ​ស្ហ​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com