ជាតិ
នយោបាយជាតិ
មេបក្សយុវជនកម្ពុជា ដាក់ពាក្យប្តឹងមេបក្សសង្គ្រោះជាតិ
× លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២០ ខែមិថុនា នេះ បានដាក់ពាក្យបណ្តឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រឆាំងឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីបទញុះញង់ពលរដ្ឋឲ្យរើសអើងបក្សនយោបាយ និងពីបទរំលោភសិទ្ធិពលរដ្ឋខ្មែរក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់កន្លងមកផងដែរនោះ បានបង្ហាញពីការមិនពេញចិត្តរបស់ខ្លួនចំពោះការលើកឡើងរបស់ប្រធានគណបក្សសង្គ្រោះជាតិ នាវេទិកាអរគុណម្ចាស់ឆ្នោត កាលពីថ្ងៃទី១២ ខែមិថុនា។
ដោយភ្ជាប់ជាមួយឯកសារសារព័ត៌មាន និងវីដេអូ លោក ពេជ្រ ស្រស់ ថា ឯកឧត្តម កឹម សុខា បានប្រើសារនយោបាយញុះញង់ដល់ពលរដ្ឋខ្មែរឲ្យមានការរើសអើងបក្សនយោបាយ។ «ក្នុងនាមខ្ញុំជាប្រធានគណបក្សយុវជនកម្ពុជា ដែលបានរងគ្រោះដោយសារតែសារនយោបាយរបស់លោក កឹម សុខា ធ្វើឲ្យសកម្មភាពរាំងស្ទះ និងមានការរើសអើងពីប្រជាពលរដ្ឋខ្មែរ ដែលឆ្លុះបញ្ចាំងពីសិទ្ធិធ្វើនយោបាយមិនស្មើភាពគ្នា»។ នេះជាការអះអាងរបស់លោក ពេជ្រ ស្រស់ ដោយទាមទាររកយុត្តិធម៌ឲ្យបក្សខ្លួន និងឲ្យប្រធាន CNRP ទទួលទោសតាមផ្លូវច្បាប់៕
Tag:
ពេជ្រ ស្រស់
កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com