ជាតិ
អាជ្ញាធរ​អប្សរា​នឹង​រៀបចំ​រម្លឹក​ខួប​២៥​ឆ្នាំ​ដែល​អង្គរ​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​
21, Jun 2017 , 7:19 pm        
រូបភាព
​សៀមរាប​៖ ក្រោយ​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា រមណីយដ្ឋាន​អង្គរ​ដែលមាន​ផ្ទៃក្រឡា ៤០១​គីឡូម៉ែត្រ  ត្រូវបាន​អង្គការ​យូណេស្កូ សម្រេច​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដែល​ត្រូវការពារ​ដោយ​អន្តរជាតិ​។ រមណីយដ្ឋាន​អង្គរ បាន​ក្លាយជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២ ហើយ​ឆ្នាំ​២០១៧​នេះ គឺ​ខួប​២៥​ឆ្នាំ​។​



​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា អ្នកនាំពាក្យ អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​កម្មវិធី​រម្លឹក​ខួប ២៥​ឆ្នាំ ដែល​រមណី​ដ្ឋា​ន​អង្គរ ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ដែល​ត្រូវ ការការពារ​ដោយ​អន្តរជាតិ​។​

​លោក ឡុង កុសល បញ្ជាក់ថា ការរៀបចំ​ពិធី​នេះ គឺ​ដើម្បី​បង្ហាញ​ពី​មោទកភាព​របស់​យើងទាំងអស់គ្នា ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ ជូន​ដល់​សកលលោក ឲ្យ​មាន​ស្មារតី​ស្រឡាញ់ ថែរក្សា និង​អភិរក្ស និង​ចូលរួម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា​មួយ​នេះ​។ យ៉ាងណា អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា មិនទាន់​បញ្ជាក់​ពី​ពេលវេលា និង​ទីកន្លែង​ធ្វើ​កម្មវិធី​នៅឡើយ​៕

Tag:
 អង្គរវត្ត​
  អប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com