ជាតិ
ក្រសួងបរិស្ថាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​សហការ​រៀបចំ​ការអភិវឌ្ឍ​រមណីយដ្ឋាន​ភ្នំ​គូលែន​
23, Jun 2017 , 9:39 am        
រូបភាព
​សៀមរាប​៖ រយៈពេល​ជិត​២​ឆ្នាំ​មកហើយ ដែល​រមណីយដ្ឋាន​ភ្នំ​គូលែន ត្រូវបាន​រាជរដ្ឋាភិបាល សម្រេច​បញ្ចប់​អាណត្តិ​គ្រប់គ្រង​ពី​ក្រុមហ៊ុន នគរ​គោកធ្លក មក​ឲ្យ​ក្រសួងបរិស្ថាន គ្រប់គ្រង​ជំនួស​។ ការស្នើសុំ​របស់​ក្រសួងបរិស្ថាន​នៅពេលនោះ ដោយ​រំពឹងថា ខ្លួន​នឹង​អាច​ស្តារ​ព្រៃឈើ​នៅ​ឧទ្យាន​ភ្នំ​គូលែន​បាន​ឡើងវិញ ក្រោយ​សកម្មភាព​កាប់​ទន្ទ្រានព្រៃ មាន​សភាព​ខ្លាំងក្លា ដែល​ពិបាក​នឹង​ទប់ស្កាត់​។ របាយការណ៍​របស់​អង្គការ​អន្តរជាតិ​មួយ ដែល​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​នេះ បានបង្ហាញ​ឲ្យ​ឃើញថា ព្រៃឈើ​ទាំងមូល​នៅលើ​ភ្នំ​គូលែន​នៅសល់​មិន​ដល់​២០%​ផង​។​



​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ អាយ​ស៊ី​ស៊ី​-​អង្គរ ដែល​រៀបចំ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី​២១ មិថុនា នៅ​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បានបង្ហាញ ដល់​គណៈកម្មាធិការ​អំពី​សក្កា​នុព​ល​នានា​នៅលើ​ភ្នំ​គូលែន ក្នុងនោះ​មាន​ទាំង​បុរាណ​ដ្ឋា​ន និង​ព្រៃឈើ​។ លោក​រដ្ឋមន្ត្រី បាន​រម្លឹក​ពី​ការងារ​មួយចំនួន ដែល​ក្រសួង​បាន​ខិតខំ​ប្រឹងប្រែង ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​លុប​ក្រុមហ៊ុន​ឯកជន ដែល​កំពុង​គ្រប់គ្រង​នៅ​ទីនោះ​។

​តាម​លោក សាយ សំ​អាល់ ក្រសួង​គ្រោង​នឹង​រៀបចំ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ទៀត ដើម្បី​បញ្ចៀស ចរាចរណ៍​ឡើង​ចុះ​លើ​ភ្នំ​គូលែន​។ ផ្លូវ​មួយ​ខ្សែ​នោះ មាន​ទីតាំង​ចាប់ពី​ព្រះអង្គ​ធំ ចុះទៅ​ស្រុក ស្វាយ​លើ​។ កន្លងមក ចរាចរណ៍​ឡើង​ចុះ​នៅ​ភ្នំ​គូលែន​មានតែ​មួយ​ខ្សែ និង​កំណត់ពេល​ឡើង ចុះ​ផ្សេងគ្នា​ផងដែរ​។ លោក សាយ សំ​អាល់ ក៏បាន​បញ្ជាក់​ពី​ការ​ផ្តាស់​ប្តូរ​ការ​តាំងទី​របស់ ប្រជាពលរដ្ឋ ដែល​កំពុង​រស់​នៅលើ​ភ្នំ​គូលែន​នេះ​ផងដែរ ដោយ​ក្រសួង និង​គណៈកម្មការ ដោះស្រាយ នឹង​រៀបចំ​កន្លែង​ថ្មី​មួយ​នៅ​ជើងភ្នំ ដើម្បី​ឲ្យ​ពួកគេ​ងាយស្រួល​ក្នុងការ​ប្រកប​រប​ររ​ក ស៊ី​នៅលើ​ភ្នំ​។​



​ទោះជា​ការអភិវឌ្ឍ​ភ្នំ​គូលែន​មាន​ភាពយឺតយ៉ាវ​បន្តិច​ក្តី ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានស្នើ​សុំ ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ជួយ​ការងារ​អភិរក្ស​ភ្នំ​គូលែន ដែលមាន​បុរាណ​ដ្ឋា​ន​ប្រមាណ ៥៦​កន្លែង ព្រៃឈើ ជាពិសេស​ជា​ប្រភពទឹក​ដ៏​សំខាន់​ក្នុង​ខេត្តសៀមរាប​។​

​គួររម្លឹកថា បញ្ហា​ភ្នំ​គូលែន ត្រូវបាន​យកមក​ជជែក​ជាច្រើន​ចំណុច ក្នុង​កិច្ចប្រជុំ​បច្ចេកទេស អាយ​ស៊ី​ស៊ី​-​អង្គរ លើក​ទី​២៨​នេះ​។ បញ្ហា​ទាំងនោះ មាន​ទាំង​បុរាណ​ដ្ឋា​ន ព្រៃឈើ ការរីក​រាលដាល​នៃ​សំណង់ ដែល​សង់​កៀក​បុរាណ​ដ្ឋា​ន ដែល​ការណ៍​នេះ​អាច​នឹង​ប៉ះពាល់ នាពេល​អនាគត​៕


Tag:
 ភ្នំ​គូលែន
© រក្សាសិទ្ធិដោយ thmeythmey.com