អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អូ​បា​ម៉ា និង​ក្រុមគ្រួសារ​មក​លំហែកាយ​នៅ​កោះ​បាលី ឥណ្ឌូណេស៊ី​
23, Jun 2017 , 5:45 pm        
រូបភាព
លោក អូបាម៉ា បរិភោគទឹកដូងពេលលោកស្ថិតនៅប្រទេសឡាវកាលពីខែវិច្ឆិកាឆ្នាំ ២០១៦  (រូបភាព៖ Reuters)
លោក អូបាម៉ា បរិភោគទឹកដូងពេលលោកស្ថិតនៅប្រទេសឡាវកាលពីខែវិច្ឆិកាឆ្នាំ ២០១៦ (រូបភាព៖ Reuters)
 ​ប្រធានាធិបតី​អាមេរិក​ទី ៤៤ លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​អតីត​ស្ត្រី​ទីមួយ រួមជាមួយ​កូនៗ​នឹង​មក​លំហែកាយ​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​សុក្រ ទី ២៣ មិថុនា​នេះ​។ សន្តិសុខ​នៅ​ព្រលានយន្តហោះ និង​នៅ​កោះ​បាលី​ទាំងមូល​ត្រូវបាន​រឹតបន្តឹង​ខ្លាំង​ដើម្បី​រក្សា​សុវត្ថិភាព​ភ្ងៀ​វ​ពិសេស​ជា​អតីត​ប្រមុខរដ្ឋ​អាមេរិក​នេះ​។​

 
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ភរិយា​រួមជាមួយ​កូនស្រី​ទាំងពីរ​នឹង​ចំណាយពេល​ប្រាំ​ថ្ងៃ​ស្នាក់នៅ​កោះ​បាលី ក្នុង​វិស្សមកាល​រយៈពេល​ខ្លី​របស់ខ្លួន​។ យន្តហោះ​ក្រុមគ្រួសារ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា មកដល់​ព្រលានយន្តហោះ​បាលី នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី ២៣ មិថុនា​នេះ ហើយ​មានការ​រឹ​បន្តឹង​សន្តិសុខ​ជារួម​ផង​ដើម្បី​ការពារ​សុវត្ថិភាព​អតីត​ប្រមុខរដ្ឋ​អាមេរិក​រូបនេះ​។​
 
​យោងតាម​សារព័ត៌មាន​ថៃ The Nation មេទ័ព​ប្រចាំ​អាកាស​យាន្ត​ដ្ឋា​ន Ngurah Rai លោក I Wayan Superman បាន​បញ្ជាក់ថា យន្តហោះ​លោក អូ​បា​ម៉ា នឹង​ហោះ​មក​កោះ​ហ្កា​ម ហើយ​នៅពេល​មកដល់​បាលី វា​នឹងមាន​ការការពារ​សន្តិ​សុខ​ពិសេស​ផងដែរ​។​
 
« វា​មិនមាន​ការបិទ​ព្រលានយន្តហោះ​សម្រាប់​យន្តហោះ​ផ្សេងៗ​ទៀតឡើយ ប៉ុន្តែ​យើង​នឹង​ផ្តល់​អាទិភាព​សម្រាប់​យន្តហោះ​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Superman​។ 
 
​មេទ័ព​ឥណ្ឌូណេស៊ី​រូបនេះ​ក៏បាន​បន្ថែម​ផងដែរ​ថា លោក​បាន​ទាក់ទង​ជាមួយ​ភាគី​អាមេរិក​ជាមុន​រួចហើយ​មុន​មានដំណើរ​កម្សាន្ត​នេះ ហើយ​ភាគី​ឥណ្ឌូណេស៊ីស្នើ​សុំផ្តល់​ការស្វាគមន៍​ពិសេស​ចំពោះ​លោក ​អូបាម៉ា និង​ក្រុមគ្រួសារ​ក្នុងពេល​ស្នាក់នៅ​កោះ​បាលី​ផងដែរ​។ ប៉ុន្តែ​លោក អូ​បា​ម៉ា បាន​បដិសេធ​ការផ្តល់​ឲ្យ​នេះ​។ 
 
​ក្នុង​ដំណើរ​មកកាន់​កោះ បាលី នេះ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា អមដំណើរ​ដោយ​ភរិយា​លោកស្រី Michelle Obama កូនស្រី​ទាំងពីរ Malia និង Sasha រួមជាមួយ​សមាជិក​ក្រុមគ្រួសារ​ផ្សេងទៀត​ដែរ​។ ហើយ​អ្វីដែល​សំខាន់​លោក អូ​បា​ម៉ា អមដំណើរ​ដោយ​សមាជិក​ក្រុម​ភ្នាក់ងារ​សន្តិសុខ​របស់​លោក​ជាច្រើន​ផងដែរ ហើយ​យាន្ត​ជំនិះ​មួយចំនួន​ត្រូវ​នាំមក​ពី​អាមេរិក​ទៀត​ដើម្បី​ការពារ​សុវត្ថិភាព​លោក​ផងដែរ​។ 
 
​បន្ទាប់ពី​លំហែកាយ​នៅ​កោះ​បាលី លោក អូ​បា​ម៉ា​នឹង​បន្តដំណើរ​ទៅ​ក្រុង​ហ្សា​ការ​តា​នៅ​ថ្ងៃ ៣០ មិថុនា ហើយ​លោក​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក ចូ​កូ វី​ដូ​ដូ ដែរ​។ លោក​ក៏​នឹង​ផ្តល់​សុន្ទរកថា​នៅ​វេទិកា​ដែល​រៀបចំឡើង​ដោយ​បណ្តាញ​ប្រជាជន​ឥណ្ឌូណេស៊ី​នៅ​បរទេស (Diaspora Network Indonesia) ផងដែរ​នៅ​ថ្ងៃទី ១ កក្ដ​ដា​៕
 
 

Tag:
 ​បា​រ៉ា​ក់ អូ​បា​ម៉ា​
  បាលី​
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com