អន្តរជាតិ
បារាំង​ជំរុញ​ឲ្យ​បង្កើត​កងទ័ព​សហភាព​អឺរ៉ុប​នៅពេល​ចក្រភព​អង់គ្លេស​ភ័យខ្លាច​ត្រូវគេ​បោះបង់ចោល​
25, Jun 2017 , 8:19 am        
រូបភាព
ដោយ: VOA
​ទីក្រុង​ឡុង​ដ៍៖ ​សន្តិសុខ​របស់​តំបន់​អឺរ៉ុប​កំពុងមាន​ការផ្លាស់ប្តូរ​។ ដោយមាន​ការគំរាមកំហែង​ដោយ​ការឈ្លានពាន​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​និង​ពួក​សកម្មប្រយុទ្ធ ឥស្លាម​នៅ​ព្រំដែន​ភាគខាងត្បូង​និង​ខាងកើត ប្លុក​នេះ​ប្រហែល​ត្រូវ​បាត់បង់​មហាអំណាច​យោធា​ដ៏​សំខាន់​មួយ​របស់ខ្លួន​។ លោក Edwards Lucas បណ្ណាធិការ​ទស្សនា​វ​ដ្តី Economist និយាយថា​៖«​បន្ទាប់ពី​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស ប្រទេស​បារាំង​ក្លាយជា​មហាអំណាច​យោធា​ដ៏​សំខាន់​មួយ​នៅក្នុង​ទ្វីបអឺរ៉ុប​។ ហើយ​ខ្ញុំ​គិតថា ការរៀបចំ​សន្តិ សុខ​អឺរ៉ុប​នឹងត្រូវ​ឆ្លុះបញ្ចាំង​អំពី​បញ្ហា​ន‍េះ​»​។​



​បច្ចុប្បន្ននេះ កងទ័ព​បារាំង​ចំនួន​៤​ពាន់​នាក់​កំពុង​ប្រយុទ្ធ​ពួក​ជន​សកម្មប្រយុទ្ធរ​ដ្ឋ​ឥស្លាម​នៅក្នុង​តំបន់​អាហ្វ្រិក​ខាងជើង​។ លោក​ប្រធានាធិបតី​បារាំង Emmanuel Macron ចង់​ឲ្យ​សម្ព័ន្ធមិត្ត​សហភាព​អឺរ៉ុប​ធ្វើ​កិច្ច ការ​នេះ​ឲ្យ​បាន​កាន់តែ​ច្រើនឡើង​ទៀត​។ លោក​ប្រធានាធិបតី​បារាំង​មានប្រសាសន៍ថា​៖«​ខ្ញុំ​ចង់​ពង្រឹង​ភាពជា​ដៃគូ​រវាង​ប្រទេស​ទាំងនោះ​នៅ​អឺរ៉ុប ជាពិសេស ជាមួយ​ប្រ ទេស​អាល្លឺម៉ង់ ហើយ​ធ្វើ​ឲ្យ​ប្រាកដថា ការចូលរួម​របស់​អា​ល្លឺ​ម៉​ង់​នឹង​រីក​កាន់តែ​ធំ​ឡើ​ង‍​»​។​

​លោក Lucas និយាយទៀតថា លោកស្រី​អធិការ​បរ​តី​អាល្លឺម៉ង់ Angela Merkel មិន​ចង់បាន​សន្តិសុខ​អឺរ៉ុប​ទាក់ទិន​នឹង​សម្ព័ន្ធភាព​ខាង​យោធា​រវាង​បារាំង​និង​អាល្លឺម៉ង់​ទេ​។ លោក​និយាយ​បន្តទៀតថា​៖ «​ពី​ព្រោះតែ​លោកស្រី​Merkel​មានការ​ឆ្លៀ​សវៃ​ដើម្បី​ធ្វើ​ឲ្យ​អាមេរិក​នៅជាប់​ពាក់ព័ន្ធ​ក្នុង​វិស័យ​ការពារ​ប្រទេស​នៅ​អឺ​រ៉ុ​ប‍​»​។​

​សហភាព​អឺរ៉ុប​កំពុង​បង្កើត​មជ្ឈមណ្ឌល​ទីបញ្ជាការ​មួយ​ហើយនឹង​ផ្តល់​ថវិកា​ខាង​វិស័យ ការពារ​ប្រទេស​ចំនួន​៥៦០​លាន​ដុល្លារ ដែលជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​វិស័យ ការពារ​ប្រទេស​រួម​។ លោកស្រី Federica Mogherini ប្រធាន​គោលនយោបាយ​ការបរទេស​អឺរ៉ុប​បាន​មានប្រសាសន៍ថា​៖ «​យើង​មិនមែន​ស្នើរ​ឲ្យ​បង្កើត​អង្គការ​មួយ​ដើម្បី​ជំនួស​ឬ​ប្រកួតប្រជែង​ជាមួយ​អង្គការ​អូតង់​ទេ​។ នេះ​ជាការ​ច្បាស់លាស់​ណា​ស‍់​»​។​

​អង្គការ​អូតង់​បានដាក់​ពង្រាយ​កងទ័ព​រាប់ពាន់នាក់​នៅក្នុង​តំបន់​អឺរ៉ុប​ខាងកើត​ដើម្បី​កំ​ញ៉ើ​ញ​ប្រទេស​រុស្ស៊ី​។ លោក Michael Wolffson នៃ​សាកលវិទ្យាល័យ​កងកម្លាំង​ប្រដាប់អាវុធ​អាល្លឺម៉ង់​ក្នុង​ទីក្រុង Munich បាន​និយាយប្រាប់ VOA តាម​ប្រព័ន្ធ Skype​ថា សហភាព​អឺរ៉ុប​មិន​ជំនួស​អង្គការ​អូតង់​ទេ​។ លោក​និយាយថា​៖«​កងទ័ព​ភាគច្រើន​នៅ​ទ្វីបអឺរ៉ុប​មិនបាន​ប្រុងប្រៀប​សម្រាប់​អន្តរាគមន៍​ខាង​យោធា​ទេ លើកលែងតែ​កង ទ័ពបារាំង​។ ក៏ប៉ុន្តែ កងកម្លាំងប្រដាប់អាវុធ​អាល្លឺម៉ង់​ទទួលបន្ទុក​ច្រើន​ហួស មាន​ថវិកា​មិន​គ្រប់គ្រាន់​និង​ឧបករណ៍​មិន​គ្រប់​គ្រា​ន‍់​»​។​

​ចក្រភព​អង់គ្លេស បាន​ប្រឆាំង​ជំទាស់​កងកម្លាំង​យោធា​សហភាព​អឺរ៉ុប​នេះ​ជា​យូរ​មកហើយ​។ ក៏ប៉ុន្តែ នៅពេលដែល​ការចរចា​ពី​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស​ចាប់ផ្តើម ការបញ្ចូល​យោធា​ដ៏​ស្អិតរ​មួ​ត​កាន់តែខ្លាំង​ឡើង​កំពុង​ធ្វើឡើង​រួចហើយ ហើយ​ប្រទេស​បារាំង​កំពុង​នាំមុខ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com