ជាតិ
នយោបាយជាតិ
ខួប៥០ឆ្នាំនៃចំណងទូត៖ កម្ពុជា-វៀតណាម រំពឹងថាទំនាក់ទំនងទ្វេភាគី នឹងកាន់តែរឹងមាំ រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុន សែន
× ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម រំពឹងថាទំនាក់ទំនងទ្វេភាគី នឹងត្រូវពង្រឹង និងពង្រីកឲ្យកាន់តែរឹងមាំថែមទៀត ដោយឈរលើស្មារតី«ភាពជាអ្នកជិតខាងល្អ មិតភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ ក្តីរំពឹងនេះ ធ្វើឡើងក្នុងខួប៥០ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម ២៤ ខែមិថុនា ឆ្នាំ១៩៦៧-២៤ ខែមិថុនា ឆ្នាំ២០១៧ ។
ព្រះករុណា ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា រួមទាំងថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋមន្ត្រីការបរទេសកម្ពុជា បានផ្ញើព្រះរាជសារ និងលិខិតសាទរ ជូនដល់ថ្នាក់ដឹកនាំវៀតណាម ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥០ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ខ្លឹមសារនៃព្រះរាជសារ និងលិខិតសាទររបស់ថ្នាក់ដឹកនាំប្រទេសកម្ពុជា មិនត្រឹមតែគូសបញ្ជាក់ពីប្រវត្តិនៃទំនាក់ទំនងវវវាងកម្ពុជា និងវៀតណាម ដែលកើតមានយូរឆ្នាំមកហើយនោះទេ ប៉ុន្តែថែមទាំងបានសរសើរ ចំពោះសមិទ្ធផលជាច្រើន ដែលរដ្ឋាភិបាល និងប្រជាជនវៀតណាមសម្រេចបាន។
ថ្នាក់ដឹកនាំកម្ពុជា មានជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២ នឹងបន្តរីកចម្រើន និងពង្រីកថែមទៀត ដើម្បីជាប្រយោជន៍រួមនៃប្រជាជនប្រទេសទាំងពីរ ក៏ដូចជាភាពសម្បូររុងរឿង នៃសហគមន៍អាស៊ានទាំងមូល ដែលអាចរួមចំណែកដល់ការកសាងសន្តិភាព ស្ថិរភាពក្នុងតំបន់ និងក្នុងពិភពលោក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
នៅក្នុងឱកាសនេះ ថ្នាក់ដឹកនាំវៀតណាម ក៏បានផ្ញើលិខិតអបអរសាទរមកកាន់កម្ពុជាវិញដែរ ដោយបានសម្តែងការស្ងប់ស្ងែង និងអរសាទរចំពោះសមិទ្ធផលដ៏ធំធេង និងជាទីមោទក ដែលប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាសម្រេបាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលបន្តលើកឡើងពីខ្លឹមសានៃលិខិតសាទរនោះថា ថ្នាក់ដឹកនាំវៀតណាម ក៏កត់សម្គាល់ពីទំនាក់ទងរវាងកម្ពុជា និងវៀតណាម ដែលត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ក្នុងរយៈពេល៥០ឆ្នាំមកនេះ ទោះជាមានការរអាក់រអួលក៏ដោយ ដោយឈរលើស្មារតី«ភាពជាអ្នកជិតខាងល្អ មិតភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ៕
© រក្សាសិទ្ធិដោយ thmeythmey.com