ជាតិ
គ្រូគណិតវិទ្យាជើងចាស់ ប្រាប់គន្លឹះ៧ចំណុចឲ្យសិស្សអនុវត្ត ពេលប្រឡងបាក់ឌុប
× ភ្នំពេញ៖ ខណៈការប្រឡងបាក់ឌុបកាន់តែខិតជិតមកដល់ លោកគ្រូ សិង ស៊ីថុន ដែលបង្រៀនគណិតវិទ្យាជាង៣០ឆ្នាំមកហើយ បានប្រាប់ពីគន្លឹះចំនួន៧ចំណុច ឲ្យសិស្សអនុវត្តនៅពេលប្រឡង ដើម្បីយកពិន្ទុគណិតវិទ្យាបានខ្ពស់។
ជានាយកសាលាមហាសាស្ត្រា និងអតីតនាយកវិទ្យាល័យទួលទំពូងផង លោកគ្រូ សិង ស៊ីថុន រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះតាមលំដាប់លំដោយដូចខាងក្រោម៖
១. ពេលមេប្រយោគចែកវិញ្ញាសាមកដល់ដៃ បេក្ខជន/បេក្ខនារី ត្រូវមើលវិញ្ញាសាយឺតៗ ឲ្យបានមួយចប់យ៉ាងតិច។
២. ជ្រើសរើសយកលំហាត់ណា ដែលងាយស្រួល និងអាចធ្វើបានមកធ្វើមុនគេ។
៣. លំហាត់ដែលងាយស្រួល ត្រូវសរសេរចូលទៅក្នុងសន្លឹកកិច្ចការតែម្តង ដោយមិនចាំបាច់សរសេរដាក់ក្រដាសព្រាងនោះទេ។
៤. ត្រូវធ្វើលំហាត់ ដោយមិនចាំបាច់គោរពតាមលេខរៀងរបស់វានោះទេ គ្រាន់តែពេលធ្វើលំហាត់ណា ត្រូវដាក់លេខលំហាត់នោះ នៅពីមុខឲ្យបានត្រឹមត្រូវជាការស្រេច។
៥. ក្នុងលំហាត់នីមួយៗ ត្រូវធ្វើដាក់ក្នុងក្រដាសព្រៀង និងត្រូវស្រង់សម្មតិកម្មសំខាន់ៗឲ្យអស់ សម្រាប់យកមកដោះស្រាយ។ ដោះស្រាយរួចសិន ទើបសរសេរចូលក្នុងសន្លឹកកិច្ចការ។
៦. លទ្ធផលដែលរកឃើញក្នុងសំណួរនៃលំហាត់នីមួយៗ ត្រូវគូសរង្វង់វាឲ្យបានត្រឹមត្រូវ ជៀសវាងការងារខ្ជីខ្ជា។
៧. ចុងបញ្ចប់ ទុកពេលវេលាប្រហែល១០នាទី មើលវាសារឡើងវិញ មុនដល់ម៉ោងកំណត់។
ដោយឡែក នៅមុនថ្ងៃប្រឡងមួយថ្ងៃ បានប្រាប់ឲ្យសិស្សសម្រាកឲ្យគ្រប់គ្រាន់ និងតាំងអារម្មណ៍ឲ្យល្អ ដើម្បីកុំឲ្យភិតភ័យក្នុងពេលប្រឡង ព្រមទាំងត្រៀមសម្ភារចាំបាច់សម្រាប់ប្រើប្រាស់ក្នុងពេលប្រឡងឲ្យរួចរាល់៕
សំឡេង៖
© រក្សាសិទ្ធិដោយ thmeythmey.com