ជាតិ
នយោបាយជាតិ
CPP ថា លទ្ធផលបោះឆ្នោតឃុំ-សង្កាត់ បានរារាំងការប៉ុនប៉ងផ្តួលរំលំខ្លួន
× គណបក្សប្រជាជនកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៥ ខែមិថុនា ដើម្បីប្រកាសទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤នេះ។ គណបក្សកាន់អំណាច អះអាងថា ខ្លួនទទួលបានជោគជ័យ ក្នុងការបោះឆ្នោតនេះ ហើយថាលទ្ធផលនេះ បានទប់ស្កាត់រាល់ការប៉ុនប៉ងផ្តួលរំលំខ្លួន។
គណបក្សប្រជាជនកម្ពុជាកាន់អំណាច មិនត្រឹមតែប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នោះឡើយ ប៉ុន្តែបានអះអាងថាខ្លួនទទួលបានជោគជ័យទៀតផង។ ជ័យជម្នះនេះ បើតាមការពន្យល់របស់គណបក្សប្រជាជនកម្ពុជា វាជាមូលដ្ឋាននៃជ័យជម្នះរបស់ខ្លួន នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅអាណត្តិទី៦ ក្រោយផង និងបានក្លាយជាឧបសគ្គចំពោះការប៉ុនប៉ងផ្តួលរំលំខ្លួនផង។
គណបក្សប្រជាជនកម្ពុជា បានចេញផ្សាយសេចក្តីថ្លែងការណ៍ នៅចំថ្ងៃដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលទ្ធផលផ្លូវការ នៅថ្ងៃទី២៥ខែមិថុនានេះ។
សេចក្តីថ្លែងការណ៍ដែលមានទាំងភាសាខ្មែរ និងភាសាអង់គ្លេស បានសរសេរយ៉ាងដូច្នេះ៖«ជ័យជម្នះនេះបានធានានូវមូលដ្ឋានយ៉ាងរឹងមាំសម្រាប់ឲ្យគណបក្សប្រជាជនកម្ពុជា ឈានទៅទទួលបានជ័យជម្នះ ដ៏ត្រចះត្រចង់ជាថ្មីទៀត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាខែកក្កដា ឆ្នាំ២០១៨ខាងមុខ»។ សេចក្តីថ្លែងការណ៍ដដែល បញ្ជាក់ថែមទៀតថា៖«ម្យ៉ាងទៀតជ័យជម្នះនេះ បានធ្វើឲ្យបរាជ័យទាំងស្រុង នូវការប៉ុនប៉ងរបស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអគតិនានា ដែលមានគោលបំណងផ្តួលរំលំគណបក្សប្រជាជនកម្ពុជា»។
តាមរយៈសេចក្តីថ្លែងការណ៍ដដែល គណបក្សកាន់អំណាចបានអរគុណគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋផង ដែលបានចូលរួមធ្វើឲ្យការបោះឆ្នោតកន្លងទៅនេះ មានដំណើរការរលូនល្អ សេរី និងយុត្តិធម៌។
ខណៈដែលមានគណបក្សនយោបាយចំនួន៧ ដែលបានឈ្នះនៅក្នុងការបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ រួមគ្នាបម្រើប្រជាជនតាមតួនាទីរបស់ខ្លួន ដើម្បីការអភិវឌ្ឍនៅតាមឃុំ-សង្កាត់របស់ពួកគេ។
តាមរយៈសេចក្តីសេចក្តីថ្លែងការណ៍ដដែល គណបក្សប្រជាជនកម្ពុជា ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ទោះពួកគេគាំទ្រគណបក្សនយោបាយណាក៏ដោយ ឲ្យពួកគេរួមគ្នាបន្តថែរក្សាសមិទ្ធផល សន្តិភាព ដើម្បីការអភិវឌ្ឍកម្ពុជាឲ្យកាន់តែជឿនលឿន ខ្លាំងក្លាឡើងថែមទៀត៕
Tag:
CCP
បោះឆ្នោតឃុំសង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com