ជាតិ
អង្គការភ្លែនអន្តរជាតិរកឃើញថា មានជំនាញ១២ ដែលឆ្លើយតបនឹងតម្រូវការការងារនៅខេត្តសៀមរាប រូបភាពពីអង្គការភ្លែនអន្តរជាតិកម្ពុជា
× សៀមរាប៖ ការស្រាវជ្រាវរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា បានរកឃើញថា មានការងារចំនួន១២ជំនាញ ដែលឆ្លើយតបនឹងតម្រូវការការងារ នៅក្នុងខេត្តសៀមរាប។ ការស្រាវជ្រាវនេះ បានផ្តោតគោលដៅលើស្រុកចំនួន៤ ក្នុងខេត្តនេះ មានស្រុកអង្គរធំ អង្គរជុំ បន្ទាយស្រី និងស្រុកស្រីស្នំ។
ការស្រាវជ្រាវនៅក្នុងស្រុកចំនួន៤ នៃខេត្តសៀមរាប របស់អង្គការភ្លែនអន្តរជាតិកម្ពុជា បានរកឃើញថា មានជំនាញចំនួន១២ ដែលឆ្លើយតបនឹងតម្រូវការងារនៅក្នុងខេត្តទេសចរណ៍វប្បធម៌មួយនេះ។ នេះបើតាម លោក យី គឹមថាន ប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ជាតិរបស់អង្គការភ្លែនអន្តរជាតិ បានថ្លែងនៅក្នុងកម្មវិធីបញ្ចប់គម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនងាយរងគ្រោះ នាថ្ងៃទី២៣ ខែមិថុនា។
បើតាម លោក យី គឹមថាន ជំនាញទាំង១២នោះ រួមមាន ជាងជួសជុលម៉ាស៊ីនធុនតូច ជួសជុលម៉ូតូ ជួសជុលទូរស័ព្ទ ជួសជុលម៉ាញេ វិទ្យុ និងទូរទស្សន៍ ជំនាញជួសជុលកុំព្យូទ័រ ចុងភៅ កាត់ដេរសំលៀកបំពាក់ សំអាងការ ជាងសំណង់ និងជាងទឹក ភ្លើង(អគ្គិសនី) ការចិញ្ចឹមសត្វ និងដាំបន្លែ និងជួសជុលម៉ាស៊ីនត្រជាក់។
តាមរយៈកម្មវិធីបញ្ចប់គម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនងាយរងគ្រោះ អង្គការភ្លែនអន្តរជាតិកម្ពុជា បានជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនងាយរងគ្រោះ ជាង២ពាន់ ដែលរួមមានយុវជនដែលបោះបង់ការសិក្សា ស្ត្រី និងជនពិការ ដើម្បីផ្តល់ជំនាញវិជ្ជាជីវៈឲ្យស្របនឹងតម្រូវការងារទីផ្សារការងារ។
ប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ជាតិរបស់អង្គការភ្លែនអន្តរជាតិ បានបញ្ជាក់ថាមុនផ្តល់ជំនាញដល់ពួកគេ អង្គការភ្លែនអន្តរជាតិកម្ពុជា បានស្រាវជ្រាវបែបវិទ្យាសាស្ត្រ ពីទីផ្សារការងារនៅខេត្តសៀមរាប ដើម្បីចៀសវាងការបណ្តុះបណ្តាលរួច ហើយគ្មានការងារធ្វើ។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖«ពេលខ្លះការបណ្តុះបណ្តាល គឺមានច្រើនកន្លងមក តែពេលរៀនចប់ គាត់រកការងារធ្វើមិនបាន ពីព្រោះការបណ្តុះបណ្តាលនោះ មិនបានឆ្លើយតបនឹងតម្រូវទីផ្សារ»។
លោក យី គឹមថាន បានអះអាងថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល៤ខែ មានយុវជនប្រមាណ៧០ភាគរយ ទទួលបានការងារធ្វើ ហើយក្នុងនោះខេត្តសៀមរាប ទទួលបានការងារច្រើនជាងគេ។ សូមបញ្ជាក់ថា អង្គការភ្លែនអន្តរជាតិកម្ពុជា បានបង្កើតគម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន ចាប់ពីតាំងពីឆ្នាំ២០១៣ ដោយកំណត់គោលដៅក្នុងខេត្តចំនួន៤ គឺខេត្តសៀមរាម កំពង់ចាម ត្បូងឃ្មុំ និងខេត្តរតនគិរី។ រហូតមកដល់ពេលនេះ មានយុវជនចំនួន២,២០០នាក់ បានទទួលបានការបណ្តុះបណ្តាលជំនាញ៕
Tag:
អង្គការភ្លែន
ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com