អន្តរជាតិ
លោក អា​បេ ព្យាយាម​ព​ន្លឿ​ន​ការកែប្រែ​រដ្ឋធម្មនុញ្ញ​សន្តិភាព​ពង្រឹង​អំណាច​យោធា​ជប៉ុន​
25, Jun 2017 , 9:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ (Shinzo Abe) ចង់​ព​ន្លឿ​ន​ការធ្វើ​វិសោធនកម្ម​មាត្រា ៩​នៃ​រដ្ឋធម្មនុញ្ញ​សន្តិភាព​ដើម្បី​អាច​ផ្លាស់ប្តូរ​កង​ម្លាំ​ង​ស្វ័យការពារ​ទៅជា​កងកម្លាំង​យោធា​ជា​ផ្លូវការ​។ លោក​គ្រោង​នឹងដាក់​សំណើ​កែ​រដ្ឋធម្មនុញ្ញ​នេះ​ទៅកាន់​សភា​នៅ​ចុងឆ្នាំ​នេះ ហើយ​ការផ្លាស់ប្តូរ​មាត្រា​នេះ​អាច​សម្រេច​ត្រឹម​ឆ្នាំ ២០២០​។​



​មហិច្ឆតា​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ ក្នុងការ​កែប្រែ​មាត្រា ៩​នៃ​រដ្ឋធម្មនុញ្ញ​សន្តិភាព​ជប៉ុន មិន​បាត់បង់​ឡើយ​ទោះជា​មានការ​ប្រឆាំង​ពី​ប្រជាជន​ជប៉ុន និង​ប្រទេសជិតខាង​ក្តី​។ លោក​សន្យាថា លោក​នឹងដាក់​សំណើសុំ​វិសោធនកម្ម​មាត្រា​នេះ​ទៅកាន់​សភា​នៅ​ចុងឆ្នាំ​ខាងមុខ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ពេល​ថ្លែង​សុន្ទរកថា​នៅ​ក្រុង​កូ​បេ កាលពី​ថ្ងៃ​សៅរ៍​លោក អា​បេ​បាន​បញ្ជាក់ថា​លោក​មានបំណង​ដាក់​សំណើសុំ​ផ្លាស់ប្តូរ​មាត្រា​នៃ​រដ្ឋធម្មនុញ្ញ​ក្រោយ​សង្គ្រាមលោកលើកទី​២​នេះ​នៅក្នុង​អង្គប្រជុំ​វិសាមញ្ញ​របស់​សភា​ដែល​នឹងត្រូវ​រៀបចំ​នៅ​ចុងឆ្នាំ​នេះ​។​

​ការព្យាយាម​កែប្រែ​មាត្រា​៩ នៃ​រដ្ឋធម្មនុញ្ញ​សន្តិភាព​ជប៉ុន​របស់​រដ្ឋាភិបាល​ជប៉ុន​នេះ គឺ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការទទួលស្គាល់​កងកម្លាំង​ស្វ័យការពារ​ជា​យោធា​ជា​ផ្លូវ​ការដែល​ធ្វើសង្គ្រាម​នៅក្រៅ​ប្រទេស​និង​ការពារ​សម្ព័ន្ធមិត្ត​ជាដើម​។ ជប៉ុន​នឹង​អាច​ក្លាយជា​មហាអំណាច​យោធា​ថ្មី​មួយ​ក្រោម​ការកែប្រែ​រដ្ឋធម្មនុញ្ញ​នេះ​។ លោក អា​បេ សង្ឃឹមថា ការកែប្រែ​រដ្ឋធម្មនុញ្ញ​នេះ​អាច​សម្រេច​បានជា​ផ្លូវការ​នៅត្រឹម​ឆ្នាំ ២០២០​ខាងមុខនេះ​។​

​យ៉ាងណាមិញ រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ត្រូវ​រង់ចាំ​រហូតដល​ឆ្នាំក្រោយ​ទម្រាំ​អាច​សុំ​ការអនុញ្ញាត​លើ​សំណើរ​សុំ​កែ​រដ្ឋធម្មនុញ្ញ​ពីស​ភា​បាន ហើយ​បន្ទាប់មក​លោក​ត្រូវ​ស្វែងរក​ការគាំទ្រ​ពីស​ភា​ទាំងពីរ​ក្នុង​សំឡេង​ពីរភាគបី​ហើយ និង​ភាគច្រើន​ច្រើនជាង​៥០​ភាគរយ​ក្នុង​ប្រជាមតិ​នៅ​ទូទាំងប្រទេស​ផង​។​

​លោក អា​បេ តែងតែ​ចាត់ទុកថា ការ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​នេះ​សំខាន់​សម្រាប់​សន្តិភាព និង​ស្ថិរភាព​របស់​ជប៉ុន​ទាំងមូល ប៉ុន្តែ​ចិន​និង​កូរ៉េខាងត្បូង​មិនបាន​សប្បាយចិត្ត​ឡើយ​ចំពោះ​សកម្មភាព​នេះ​។ ប្រទេស​ទាំងពីរ​នឹកឃើញ​ដល់​អតីតកាល​ជូរចត់​ដែល​ធ្លាប់​ត្រូវ​ទាហាន​ជប៉ុន​ធ្វើទុក្ខបុកម្នេញ​និង​កាប់សម្លាប់​នោះ​។​

​ក្រៅពី​កូរ៉េខាងត្បូង​និង​ចិន សូម្បី​អ្នកនយោបាយ និង​ប្រជាជន​ជប៉ុន​ខ្លួនឯង​ក៏បាន​រិះគន់​មហិច្ឆតា​គ្រោះថ្នាក់ របស់លោក អា​បេ ដែរ​។ ពួកគេ​នៅតែ​យល់ថា រដ្ឋធម្មនុញ្ញ​ដែលមាន​ស្រាប់​នេះ​វា​ល្អ​ណាស់ ទៅហើយ​ដែល​ជួយ​សាង​សន្តិភាព​ដល់​ជប៉ុន​ដល់​សព្វថ្ងៃ​។ សម្រាប់​អ្នក​រិះគន់​នយោបាយ លោក អា​បេ បាន​រំលឹកថា ការកែ​មាត្រា​រដ្ឋធម្មនុញ្ញ​សន្តិភាព មិនមែន​មានតែ​រឿង​យោធា មួយ​មុខ​ឡើយ វា​ក៏​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលការណ៍​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដែរ​។ ដូច្នេះ​ការឈាន​ទៅ​កែ​មាត្រា​រដ្ឋធម្មនុញ្ញ​មិនមែនជា​សញ្ញា​ល្អ ដែល​គ្រប់គ្នា​ត្រូវ គាំទ្រ​នោះឡើយ​។

​សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញ​ជប៉ុន​ត្រូវបាន​សរសេរ​ឡើង​នៅក្នុង​ឆ្នាំ ១៩៤៦ ដោយ​ស្ថិតក្រោម គោលការណ៍​សន្តិភាព​ស្នើឡើង​ដោយ​ឧ​ត្ត​ម​សេនីយ៍ Douglas MacArthur មេបញ្ជាការ កំពូល​ក្រុម​សម្ព័ន្ធមិត្ត​ប្រចាំ​ជប៉ុន​។ រដ្ឋធម្មនុញ្ញ​កំណត់​ហាមឃាត់​សិទ្ធិ​បង្ក​សង្គ្រាម និង​រក្សា កម្លាំងយោធា ព្រមទាំង​តម្រូវ​ឲ្យ​ជប៉ុន​អនុវត្ត​គោលនយោបាយ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​៕


Tag:
 ស៊ីន​ហ្សូ អា​បេ​
  ជប៉ុន​
  រដ្ឋធម្មនុញ្ញ​សន្តិភាព​
© រក្សាសិទ្ធិដោយ thmeythmey.com