កីឡាជាតិ
ជាតិ
ឆៃ សារ៉ា ទទួលស្គាល់ ឃីម ឌីម៉ា ជាជើងខ្លាំងក្រោយចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រ
× អ្នកលេងគុនខ្មែរ ឆៃ សារ៉ា មកពីសមាគមប្រដាល់ក្រសួងការពារជាតិ ទទួលស្គាល់ថា ឃីម ឌីម៉ា ជាកីឡាករមានសមត្ថភាព និងបច្ចេកទេសប្រយុទ្ធខ្ពស់មួយរូបនៅកម្ពុជា បន្ទាប់ពី រូបគេ បានប្រកួតចាញ់ ឃីម ឌីម៉ា ដោយពិន្ទុ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី២៤ មិថុនា។
កីឡាករ ឃីម ឌីម៉ា បានក្លាយជាម្ចាស់ជើងឯកទម្ងន់៦៣,៥គីឡូក្រាម របស់សង្វៀន CNC ជាមួយទឹកប្រាក់២០លានរៀល និងខ្សែករមាស៣ជី។ អ្នកលេងគុនខ្មែរ មកពីសមាគមប្រដាល់ក្រសួងការពារជាតិ ឆៃ សារ៉ា ទទួលស្គាល់ថា កីឡាករ ឃីម ឌីម៉ា ជាជើងខ្លាំងមួយរូបរបស់កម្ពុជា ដូចទៅនឹងការគិតរបស់រូបគេ ក៏ដូចជាទស្សនិកជនពិតប្រាកដមែន។ ការទទួលស្គាល់បែបនេះ បន្ទាប់ពី ឃីម ឌីម៉ា បានយកឈ្នះ ឆៃ សារ៉ា ដោយពិន្ទុជាឯកច្ឆន្ទ ក្នុងវគ្គផ្តាច់ព្រ័ត្រជើងឯកគោជល់ វគ្គទី៧ ទម្ងន់៦៣,៥គីឡូក្រាម របស់សង្វៀន CNC កាលពីយប់ថ្ងៃទី២៤ ខែមិថុនា។
តាមរយៈការប្រកួត៥ទឹកពេញ គេសង្កេតឃើញ ឆៃ សារ៉ា បានសម្រុកដើរចូលទៅរកគូប្រកួត ស្ទើរទាំង៥ទឹក ខណៈ ឃីម ឌីម៉ា ហាក់ខ្លាចជាមួយកម្លាំងដ៏ខ្លាំងរបស់ សារ៉ា បានត្រឹមថយ ដើម្បីរកឱកាសចន្លោះប្រហោង សម្រាប់វាយបកតែប៉ុណ្ណោះ។ នៅក្នុងទឹកទី១ ដែលជាទឹកស្ទាបស្ទង់កម្លាំង ឌីម៉ា បានប្រើកែងឆ្វេងទៅលើផ្ទៃមុខ សារ៉ា ដែលព្យាយាមដើរចូលបានយ៉ាងល្អ។ មួយកែងរបស់ ឌីម៉ា បានធ្វើឲ្យ សារ៉ា ក្តៅស្លឹកត្រចៀក បន្តដើរចូលដោយប្រើជើងទាត់ជាច្រើន ទៅលើ ឌីម៉ា ដែលព្យាយាមថយ តែហាក់មិនបានផល ព្រោះត្រូវបាន ឌីម៉ា គេចផុត។ ផ្ទុយទៅវិញ សម្រាប់ការដើរចូលរបស់ សារ៉ា ក្នុងទឹកទី២ បែរជាត្រូវផ្លែកែងឆ្វេង-ស្តាំពេញៗរបស់ ឌីម៉ា។ នៅទឹកទី៣ និងទី៤ កីឡាករទាំងពីរបានប្តូរកែង និងកណ្តាប់ដៃគ្នាទៅវិញទៅមក តែ ឌីម៉ា ហាក់ប្រើចំគោលដៅច្រើនជាង។ នៅពាក់កណ្តាលទឹកទី៤ ឌីម៉ា ប្រើជើងទាត់ទៅលើជើង សារ៉ា ធ្វើដួលនៅលើសង្វៀន។
នៅទឹកទី៥ដែលជាទឹកផ្តាច់ព្រ័ត្រ សារ៉ា នៅប្រកាន់គោលជំហរដើរចូលសំដៅទៅ ឌីម៉ា ដែលប្រកាន់ជំហរថយដដែល។ តែយ៉ាងណា ការថយជាមួយបច្ចេកទេស ឌីម៉ា បានប្រើកណ្តាប់មួយទំហឹង ទៅលើផ្ទៃមុខ សារ៉ា ដើម្បីកាត់បន្ថយការសម្រុក។
ទោះបីយ៉ាងនេះក្តី សារ៉ា មិនបោះបង់ជំហរនោះឡើយ ពោលគឺបន្តចូលរហូតត្រូវ ឌីម៉ា ទាត់មួយជើងវិលមួយជុំខ្លួន។ ឌីម៉ា បន្តថយឯ សារ៉ា បន្តចូលរហូតចប់ទឹកទី៥ ដែលជាទឹកអាជ្ញាកណ្តាលកាត់សេចក្តីឲ្យ ឌីម៉ា ឈ្នះដោយពិន្ទុ។
តាមរយៈបទសម្ភាសក្រោយការប្រកួត ឌីម៉ា បានបញ្ជាក់ពីការថយ និងការមិនហ៊ានប្តូរកណ្តាប់ដៃជាមួយ សារ៉ា យ៉ាងដូច្នេះថា ដោយសាររូបគេមានរបួសដៃ និងម្យ៉ាងទៀតដោយសារការចាញ់កម្លាំងកីឡាករ ឆៃ សារ៉ា បានជារូបគេត្រូវបង្វឹកចិត្ត ដកថយរហូតចប់ទឹកទី៥ ។
ជ័យជម្នះនៅវគ្គផ្តាច់ព្រ័ត្រ ធ្វើឲ្យកីឡាករ ឃីម ឌីម៉ា ក្លាយជាម្ចាស់ជើងឯកសមរភូមិភេសជ្ជៈគោជល់ លើកទី៧ ទម្ងន់៦៣,៥គីឡូក្រាម របស់សង្វៀន CNC ជាមួយប្រាក់រង្វាន់លើកទឹកចិត្ត២០លានរៀល និងខ្សែកមាស៣ជី។ ចំណែកកីឡាករ ឆៃ សារ៉ា ជាម្ចាស់ម្ចាស់ជើងឯករង ជាមួយប្រាក់រង្វាន់លើកទឹកចិត្ត១០លានរៀល និងខ្សែកមាស៣ជី រីឯលេខ៣បានទៅកីឡាករថៃ ដោយបានថវិកា៦លានរៀល និងខ្សែក៣ជី ខណៈលេខ៤កីឡាករ ឌុម កែវដា បានប្រាក់រង្វាន់លើកទឹកចិត្ត៤លានរៀល៕
Tag:
ប្រដាល់គុនខ្មែរ
ឃីម ឌីម៉ា
ឆៃ សារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com