ជាតិ
សម្តេចក្រុមព្រះ ធូរស្បើយពីជំងឺ រូបពីហ្វេសប៊ុកលោក ប៉ែន សង្ហា
× សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបានអ្នកម្នាងរបស់ព្រះអង្គយាងទៅព្យាបាលបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីជាតិស្ករនៅក្នុងព្រះកាយរបស់ទ្រង់ឡើងខ្ពស់។
លោក ញ៉េប ប៊ុនជិន អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ប្រាប់សារព័ត៌មានថ្មីៗថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានជំងឺទឹកនោមផ្អែម។ « ជាតិស្ករនៅក្នុងព្រះកាយទ្រង់ឡើងខ្ពស់ពេកទើបធ្វើទុក្ខ»។ លោក ប៊ុន ជិន បញ្ជាក់ដូច្នេះហើយ ក៏បន្ថែមថា ក្រោយពីមានជាការជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យខ្មែរ ជាតិស្ករនៅក្នុងព្រះកាយទ្រង់ បានថយចុះច្រើន និងបានធូរស្បើយពីជំងឺហើយ គិតត្រឹមថ្ងៃទី ២៦ ខែមិថុនា នេះ។
អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចរូបនេះ បានបួងសួងឲ្យព្រះអង្គឆាប់ជាដូចដើមវិញ ដើម្បីបំពេញតួនាទីជួយដល់ប្រជារាស្ត្រខ្មែរ។ លោកថ្លែងអាណិតទ្រង់យ៉ាងនេះថា៖«យើងអាណិតព្រះអង្គណាស់ ដែលនៅតែខំគិតពីប្រជារាស្ត្រទៀត ទោះបីព្រះអង្គមានជំងឺ និងមានព្រះជន្មច្រើនបន្តិចក៏ដោយ»។
ជាមួយគ្នានេះ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក អតីតអ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ប៉ែន សង្ហា ក៏បានថ្វាយព្រះពរឲ្យសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឆាប់បានជាសះស្បើយពីជំងឺផងដែរ។
បច្ចុប្បន្នសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានព្រះជន្ម ៧៤ ព្រះវស្សា៕
Tag:
នរោត្តម រណឫទ្ធិ
ញ៉េប ប៊ុនជិន
© រក្សាសិទ្ធិដោយ thmeythmey.com