ជាតិ
អាជ្ញាធររារាំងក្បួនដង្ហែរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលចង់ដាក់ញត្តិទៅរដ្ឋសភា
× ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ មិថុនា នេះ អាជ្ញាធរ បានដាក់ពង្រាយកងកម្លាំងរាប់រយនាក់ នៅជិតទីតាំងវត្តពោធិយារ៉ាម ហៅវត្តចាស់ ដើម្បីរារាំងសកម្មភាពដង្ហែរក្បួនរបស់ពលរដ្ឋខ្មែរកម្ពុជា ដែលចង់យកញត្តិដាក់ជូនរដ្ឋសភា ពាក់ព័ន្ធនឹងការរំឮកថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឲ្យដឹងថា មូលហេតុដែលអាជ្ញាធររាជធានី ដាក់ពង្រាយកម្លាំងបែបនេះ គឺដើម្បីថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងបញ្ចៀសការកកស្ទះចរាចរណ៍។ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក មាសភក្តី បានបញ្ជាក់ដូច្នេះថា៖«ក្រោយពីទទួលបានលិខិតពីលោក ថាច់ ស៊ីថា នោះយើងបានប្រាប់គាត់វិញថា ការរៀបចំបួងសួងបែបព្រះពុទ្ធសាសនាក្នុងវត្តចាស់នេះ យើងមិនមានការជំទាស់ទេ។ ប៉ុន្តែចំពោះការហែក្បួនវិញគឺយើងមិនបានអនុញ្ញាតឡើយ។ ព្រោះយើងធ្វើបែបនេះ គឺការពារកុំឲ្យមានការដើរហែក្បួនប៉ះពាល់សណ្ដាប់ធ្នាប់ និងបញ្ចៀសការកកស្ទះចរាចរណ៍»។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា អាជ្ញាធរគ្រាន់តែហាមការដង្ហែក្បួននេះប៉ុណ្ណោះ ។ ប៉ុន្តែបើពួកគេចង់ដាក់ញត្តិនៅរដ្ឋសភា ពលរដ្ឋទាំងនោះអាចចាត់មនុស្សមួយចំនួនតូច ប្រើមធ្យោបាយធ្វើដំណើរតាមយានជំនិះទៅដាក់ជូនរដ្ឋសភាបាន ដោយមិនចាំដង្ហែក្បួនឡើយ។
តែយ៉ាងណាក្រុមព្រះសង្ឃ ដែលដឹកនាំពលរដ្ឋខ្មែរកម្ពុជាក្រោមដង្ហែញត្តិនេះ ចាត់ទុកសកម្មភាពរារាំងរបស់អាជ្ញាធរ ជារំលោភសិទ្ធិបញ្ចេញមតិ និងរិតត្បិតសិទ្ធិសេរីភាពពលរដ្ឋ។ ពលរដ្ឋខ្មែរកម្ពុជា ចង់យកញត្តិទៅដាក់ជូនរដ្ឋសភា ដើម្បីជំរុញឲ្យរដ្ឋាភិបាលកំណត់យកថ្ងៃទី៤ មិថុនា ជាថ្ងៃរំឮកដល់ការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលបារាំងកាត់ទឹកដីទៅឲ្យវៀតណាម កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩៕
© រក្សាសិទ្ធិដោយ thmeythmey.com