កីឡាអន្តរជាតិ
អន្តរជាតិ
Confederations Cup៖ ស៊ីលីឡើងទៅជួបព័រទុយហ្គាល់ ខណៈអាល្លឺម៉ង់ត្រូវប៉ះម៉ិកស៊ិកនៅវគ្គ១/២
× ក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ ម៉ិកស៊ិក ស៊ីលី និងអាល្លឺម៉ង់ បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Confederations Cup ហើយក្រោយមានពិន្ទុលើសគេពីការប្រកួតជម្រុះតាមពូលរៀងៗខ្លួន។
ការប្រកួតក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់ Confederations Cup កន្លងមកក្រុមជម្រើសជាតិព័រទុយហ្គាល់អាចរកបាន៧ពិន្ទុឈរនៅចំណាត់ថ្នាក់លេខមួយ និង ម៉ិកស៊ិកមាន៧ពិន្ទុដែរតែចាញ់គ្រាប់បាល់បញ្ជូលទីព័រទុយហ្គាល់ស្ថិតនៅលេខ២ពូល A ខណៈម្ចាស់ផ្ទះរុស្ស៊ី និងនូវែលសេឡង់ត្រូវហាលអាវ។
ចំណែកពូល B វិញ អាល្លឺម៉ង់ឈរនៅលេខមួយមាន៧ពិន្ទុ និង ស៊ីលីបានលេខ២មាន៥ពិន្ទុ ហើយអូស្ត្រាលីជាមួយកាម៉េរ៉ូនអស់សិទ្ធិទៅវគ្គបន្ត។
ដូច្នេះក្នុងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ Confederations Cup ក្នុងលេខ១ពូលA ព័រទុយហ្គាល់ត្រូវជួបក្រុមលេខ២ពូល B ស៊ីលី ចំណែកអាល្លឺម៉ង់ដែលឈរនៅលេខ១ពូល B នឹងត្រូវប៉ះ ម៉ិកស៊ិក លេខ២ពូល A។ ក្រុមទាំង៤នឹងបន្តធ្វើការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃពុធ ទី២៨ ខែមិថុនានេះ។
សូមបញ្ជាក់ថា ការប្រកួតពាន Confederations Cup លើកទី១០ ដែលរុស្ស៊ីធ្វើជាម្ចាស់ផ្ទះនេះ មានប្រទេស៨ចូលរួម និងចែកជាពីរពូល ដោយពូល A មានម្ចាស់ផ្ទះរុស្ស៊ី ក្នុងនាមជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០១៨ខាងមុខ នូវែលសេឡង់ដែលជាជើងឯកប្រចាំតំបន់អូសេអានី(Oceania Nations Cup) ម្ចាស់ជើងឯកអឺរ៉ុបព័រទុយហ្គាល់(UERO 2016) និងម៉ិកស៊ិកម្ចាស់ពានប្រចាំតំបន់ការ៉ាអ៊ីប (CONCACAF)។
រីឯពូល B រួមមានអាល្លឺម៉ង់ក្នុងនាមជាម្ចាស់ជើងឯក World Cup ឆ្នាំ២០១៤ ស៊ីលីដែលម្ចាស់ជើងឯកតំបន់អាមេរិកឡាទីន (Copa America) អូស្ត្រាលីម្ចាស់ជើងពានតំបន់អាស៊ី (AFC Asian Cup) និងកាម៉េរូន ម្ចាស់ពានទ្វីបអាហ្វ្រិក(African Nation Cup)៕
Tag:
បាល់ទាត់
Confederations Cup
© រក្សាសិទ្ធិដោយ thmeythmey.com