ជាតិ
បន្ទប់ស្ថានការណ៍៖ ការចាត់ចែងបោះឆ្នោតប្រសើរជាងមុន តែមានការរឹតត្បិតសេរីភាព
× បន្ទប់ស្ថានការណ៍ដែលជាយន្តការតាមដានការបោះឆ្នោតដែលប្រជុំគ្នាដោយអង្គការសង្គមស៊ីវិលជិត៣០ស្ថាប័ន បានវាយតម្លៃជាលើកចុងក្រោយថា ការចាត់ចែងនៃការបោះឆ្នោតមានភាពប្រសើរជាងមុន។ ទោះយ៉ាងក៏ដោយ ក្រុមតំណាងសង្គមស៊ីវិលទាំងនោះ នៅតែមើលឃើញអំពីកង្វះយុត្តិធម៌ និងសេរីភាពត្រូវបានរឹតត្បិត។
ក្រុមអង្គការសង្គមស៊ីវិលដែលតាមដានដំណើការបោះឆ្នោត ដែលហៅខ្លួនឯងថា ជាក្រុមបន្ទប់ស្ថានការណ៍បានអះអាងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអនុវត្តភារកិច្ចដោយមានតម្លាភាព ទាក់ទងនិងបញ្ជីឈ្មោះបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត និងការចុះបញ្ជីបេក្ខជនគណបក្សនយោបាយ ព្រមទាំងការរាប់សន្លឹកឆ្នោតផង។ សម្រាប់ក្រុមបន្ទប់ស្ថានការណ៍ «ការចាត់ចែង និងការអនុវត្តភារកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសញ្ញាវិជ្ជមាន និងប្រសើរជាងមុខ»។
នេះជាការវាយតម្លៃលើកចុងក្រោយរបស់ក្រុមបន្ទប់ស្ថានការណ៍ ខណៈដែលលទ្ធផលផ្លូវការត្រូវបានផ្សព្វផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ទោះយ៉ាងណា បញ្ហាមួយចំនួននៅតែត្រូវបានកត់សម្គាល់ដោយក្រុមអ្នកតាមដានដំណើរការបោះឆ្នោតនេះ។
សេចក្តីថ្លែងការណ៍របស់បន្ទប់ស្ថានការណ៍សរសេរយ៉ាងដូច្នេះថា៖«គ្មានអំពើហិង្សាធ្ងន់ធ្ងរបានកើតឡើងក្នុងសម័យបោះឆ្នោតឡើយ ប៉ុន្តែមានបញ្ហាមួយចំនួនកើតមុនថ្ងៃបោះឆ្នោតដូចជា៖ បរិយាកាសដែលមានការសង្កត់ខាងនយោយ ការប្រើប្រាស់ធនធានរដ្ឋដែលធ្វើឲ្យខ្វះសមធម៌នៅលើទីលានប្រកួតប្រជែងនយោបាយ»។ សេចក្តីថ្លែងការណ៍ដដែលបន្តលើកឡើងអំពីចំនុចខ្វះខាតមួយចំនួនទៀតដូចជា៖ ការខ្វះឯករាជ្យរបស់មន្ត្រីតុលាការ ការលំអៀងនយោបាយនៃមន្ត្រីជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធដែលដាក់សម្ពាធលើការបញ្ចេញមតិ និងគំរាមដល់សកម្មភាពគណបក្សប្រកួតប្រជែង និងអង្គការសមាគមមិនមែនរដ្ឋាភិបាល។
«ទាំងនេះ បាននាំឲ្យបរិយាកាសសម្រាប់ដំណើរការបោះឆ្នោតស្ថិតនៅក្នុងកម្រិតរឹតត្បិតសេរីភាព និងខ្វះយុត្តិធម៌ពេញលេញ»។ នេះជាការសន្និដ្ឋានរបស់ក្រុមបន្ទប់ស្ថានការណ៍ស្តីពីការពោះឆ្នោតឃុំសង្កាត់ថ្ងៃទី៤មិថុនាកន្លងទៅនេះ។
ក្រុមបន្ទប់ស្ថានការណ៍ក៏មានអនុសាសន៍ចំនួន១៥ចំនុចដែរ ដើម្បីធ្វើឲ្យការបោះឆ្នោតលើកក្រោយ កាន់តែមានតំណើរការល្អ។ អនុសាសន៍ទាំងនោះមានដូចជា ពង្រឹងគោលការណ៍សមធម៌ និងតម្លាភាពនៃហិរញ្ញវត្ថុឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ពង្រឹងអព្យាក្រឹតភាពខាងនយោបាយរបស់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីតុលាការ ជំរុញការចេញអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ និងដោះលែងអ្នកជាប់ឃុំទាំងឡាយដែលទាក់ទងនឹងនយោបាយ មនសិការ និងការពារសិទ្ធិមនុស្ស ដើម្បីពួកគេបានចូលរួមជីវិតនយោបាយ ជាដើម៕
Tag:
បោះឆ្នោតឃុំសង្កាត់
បន្ទប់ស្ថានការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com