អន្តរជាតិ
ឥណ្ឌូណេស៊ី​រងគ្រោះ​ព្រោះ​ភេរវកម្ម​ជាថ្មី រដ្ឋាភិបាល​ត្រៀម​ពង្រឹង​វិធានការ​ប្រឆាំង​ភេរវកម្ម​
26, Jun 2017 , 9:39 pm        
រូបភាព
​ឥណ្ឌូណេស៊ី​រងគ្រោះ​ដោយ​ចលនា​ភេរវកម្ម​ជាថ្មីទៀត ដោយ​ក្រុម​ប្រដាប់អាវុធ​មាន​គ្នា​ពីរ​នាក់​បាន​កាប់សម្លាប់​មន្ត្រីប៉ូលិស​ម្នាក់​នៅ​ខេត្ត​ស៊ូ​ម៉ា​ត្រា​ខាងជើង​នៅ​ថ្ងៃអាទិត្យ​។ ជនបង្ក​ម្នាក់​ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់​ខណៈដែល​ម្នាក់ទៀត​ត្រូវបាន​ចាប់​ខ្លូន​ផងដែរ​។ សមត្ថកិច្ច​ឥណ្ឌូណេស៊ី​បាន​បញ្ជាក់ថា ពួកគេ​ជា​ក្រុម​ដែលមាន​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន​ដែ​ស្ហ (Daesh) ឬ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​ផង​។  បច្ចុប្បន្ន​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា​កំពុង​ព​ន្លឿ​ន​ការដាក់ចេញ​វិធានការ​ចំ​បាច់​ដើម្បី​ឆ្លើយតប​ចលនា​ភេរវកម្ម​ជាពិសេស​ការរត់​ឆ្លងដែន​របស់​ប្រជាជន​ខ្លួន​ទៅធ្វើ​សង្គ្រាម​ជី​ហាត​នៅ​មជ្ឈិមបូព៌ា​ផងដែរ​។​



​ក្រុម​ប្រដាប់អាវុធ​ដែលជា​បណ្តាញ​ក្រុម​ភេរវជន​ដែ​ស្ហ​ដែលមាន​គ្នីគ្នា​ពីរ​នាក់​បាន​វាយប្រហារ​លើ​ប៉ូលិស​ស្ថិតនៅ​ក្រុង Medan នៅ​ខេត្ត​ស៊ូ​ម៉ា​ត្រា​ខាងជើង​នៅ​ថ្ងៃអាទិត្យ​ទី ២៥ មិថុនា​។  បើតាម​មន្ត្រីប៉ូលិស​ស្ថិតនៅ​កន្លែងកើតហេតុ ជនប្រដាប់អាវុធ​ដែលជា​អ្នក​ប្រកាស​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​នោះបាន​លួច​ឆ្លង​ចូល​ប៉ុស្តិ៍​ប៉ូលិស​ហើយ​ស្រែកថា «Allahu Akbar»​ដែល​មានន័យថា «​ព្រះ​គឺ​អស្ចារ្យ​បំផុត​» មុនគេ​ចាប់ផ្តើម​កាប់​លើ​ប៉ូលិស​ម្នាក់​បណ្តា​ឲ្យ​រងរបួស​ធ្ងន់​។ ប៉ុន្តែ​អកុសល​ប៉ូលិស​នោះបាន​ស្លាប់​ដោយសារ​គេ​រងរបួស​ធ្ងន់ធ្ងរ​ពេក​។

​បើតាម​សារព័ត៌មាន Channel News Asia អ្នកនាំពាក្យ​ប៉ូលិស​ប្រចាំ​តំបន់ Rina Sari Ginting បាន​បញ្ជាក់ថា ជនបង្ក​ម្នាក់​ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់ ហើយ​ម្នាក់ទៀត​ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​នេះ​។ ប៉ូលិស​ក៏​សន្និដ្ឋានថា ក្រុម​ប្រដាប់អាវុធ​ទាំងនេះ​ធ្វើ​សកម្មភាព​តាម​បញ្ជា​របស់ Bahrun Naim ជនជាតិ​ឥណ្ឌូណេស៊ី​ដែលជា​សមាជិក​ក្រុម​ភេរវជន​ដែ​ស្ហ​នៅ​ស៊ី​រី​ផង​។ ហើយ​ពួកគេ​ទាក់ទង​គ្នា​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ផងដែរ​កន្លងមក​។​

​ឥណ្ឌូណេស៊ី​ក្លាយជា​គោលដៅ​មួយ​ចម្បង​នៃ​ការវាយប្រហារ​របស់​ក្រុម​ភេរវជន​ជាពិសេស​ក្រុម​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ ហើយ​គេ​បារម្ភ​ខ្លាំង​ថា​ក្រុម​នេះ​នឹង​ពង្រីក​បណ្តាញ​និង​ពង្រឹងកម្លាំង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​ផង​។  ការវាយប្រហារ​កើត​ឡើងជា​បន្តបន្ទាប់ ហើយ​កាលពី​ខែ​មុ​នោះគេ​ឃើញ​មានការ​បំផ្ទុះ​គ្រាប់បែក​នៅ​ស្ថានីយ៍​រថយន្ត​មួយ​នៅ​កណ្តាល​រដ្ឋធានី​ហ្សា​ការ​តា​ផងដែរ​ដែល​បណ្តាល​ឲ្យ​ប៉ូលិស បីនាក់​ស្លាប់​។​

​ច្បាប់​ថ្មី​ដាក់គុក​សកម្មប្រយុទ្ធ​ឆ្លងដែន​ទៅធ្វើ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​ដល់ ១៥​ឆ្នាំ​

​ស្ប​ពេលដែល​ការគំរាមកំហែង​ដោយ​ក្រុម​ភេរវជន​កើនឡើង ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) បាន​ទទូច​ឲ្យ​សភាព​ន្លឿ​ន​ការអនុម័ត​បទបញ្ញត្តិ​ថ្មី​ដែល​សម្តៅ​ដល់​ការប្រឆាំង​ចលនា​ភេរវកម្ម​ក្នុងនោះ​មានការ​បន្ថែម​អំណាច​ដ​ល់​ប៉ូលិស​ចាប់​ឃុំ​មនុស្ស​បាន​ដោយ​មិនចាំបាច់​មានការ​កាត់ទោស​។ មួយទៀត​រដ្ឋាភិបាល​ក៏​អាច​ចាប់ខ្លួន​ជន​ណា​ដែល​ប្រើប្រាស់​សម្តី​រើសអើង​ឬ​ផ្សព្វផ្សាយ​មនោគមន៍វិជ្ជា​ជ្រុលនិយម​ជាដើម​។​

​មកដល់ពេលនេះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ក៏​ជំរុញ​ឲ្យ​មានការ​អនុម័ត​ច្បាប់​ថ្មី​ដែល​អនុញ្ញាត​អាជ្ញាធរ​អាចដាក់​គុក​ក្រុម​សកម្មប្រយុទ្ធ​ដែល​បាន​ឆ្លងដែន​ទៅ​ច្បាំង​ក្នុង​សង្គ្រាម​ជី​ហាត​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​ហើយ​ត្រឡប់មក​ស្រុក​វិញ​ដែរ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ជនជាតិ​ឥណ្ឌូណេស៊ី​ប្រហែល ៤០០​នាក់​ដែល​បាន​ឆ្លងដែន​ទៅ​ចូលរួម​ជាមួយ​ក្រុម​ភេរវជន​ដែ​ស្ហ ហើយ​វា​ជា​គ្រោះថ្នាក់​ធំ​នៅពេលដែល​ពួកគេ​ត្រឡប់មក​ស្រុក​វិញ​នោះ​។​

​ពាក់ព័ន្ធ​ការអនុម័ត​ច្បាប់​នេះ សមាជិកសភា​ឥណ្ឌូណេស៊ី Arsul Sani បាន​អះអាង​ដូច្នេះ​៖ «​ក្រមព្រហ្មទណ្ឌ​ថ្មី​នេះ​មានកំណត់​ពី​គោលការណ៍​ទូទៅ​ដែល​មានន័យថា​ពេលណា​ក៏ដោយ​ដែល​ជនជាតិ​ឥណ្ឌូណេស៊ី​ប្រព្រឹត្ត​បទឧក្រិដ្ឋ គេ​អាច​ត្រូវ​កាត់ទោស​នៅ​ឥណ្ឌូណេស៊ី​។ គេ​អាច​ប្រឈម​មុខការ​ជាប់ពន្ធនាគា​រ ១៥ ឆ្នាំ​»​។ សមាជិកសភា​រូបនេះ​បានបញ្ជាក់​បន្ថែម​ផងដែរ​ថា ច្បាប់​ថ្មី​នេះ​ប្រហែលជា​នឹងត្រូវ​អនុម័ត​នៅ​ខែកញ្ញា​ខាងមុខនេះ​។​

បណ្តាញ​ក្រុម​ដែ​ស្ហ​មាន​ស្ទើរ​គ្រប់​ខេត្ត​ទូទាំងប្រទេស ហើយ​គេ​រង់ចាំតែ​បញ្ជា​

​ឥណ្ឌូណេស៊ី​ដែលជា​ប្រទេស​ម៉ូ​ស្លី​ម​ធំជាងគេ​លើ​ពិភពលោក​មាន​ប្រជាជន​ជាង ២០០​លាន​នាក់ ។ រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​នេះ​នឹង​ប្រឈមមុខ​ការគំរាមកំហែង​កាន់តែខ្លាំង​នៅពេល​បច្ចុប្បន្ន ព្រោះ​បណ្តា​ក្រុម​ភេរវជន​ដែ​ស្ហ​មាននៅ​ស្ទើរ​គ្រប់​ខេត្ត​ទាំងអស់​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​ផងដែរ​។​

​មេទ័ព​ឥណ្ឌូណេស៊ី លោក Gatot Nurmantyo បាន​ថ្លែង​នៅ​ដើមខែ​មិថុនា​ថា លោក​បារម្ភ​ខ្លាំង​ពី​ការកើនឡើង​ឥទ្ធិពល​ក្រុម​ភេរវជន​ដែ​ស្ហ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​បណ្តាញ​ក្រុម​ភេរវជន​នេះ​មាននៅ​ស្ទើរ​គ្រប់​ខេត្ត​របស់​ឥណ្ឌូណេស៊ី​រួចទៅហើយ ពួកគេ​ភាគច្រើន​នៅ​សម្ងំ​មិនទាន់​ធ្វើ​សកម្មភាព​ឡើយ​។

​លោក​បានបញ្ជាក់​ដូច្នេះ​៖ «​បន្ទាប់ពី​មាន​ស៊ើបអង្កេត​ជាក់ស្តែង យើង​រកឃើញថា វា​មាន​បណ្តាញ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស្ទើរតែ​គ្រប់​ខេត្ត​ពាសពេញ​ប្រទេស​ឥណ្ឌូណេស៊ី​។ ប៉ុន្តែ ពួកគេ​ជា​បណ្តាញ​ដែល​មិនទាន់​ធ្វើ​សកម្មភាព​និង​នៅ​រង់ចាំ​បញ្ជា (Sleeper Cells) »​។​

​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ រដ្ឋាភិបាល​នានា​ក្នុង​តំបន់​ប្រុង​ជើងការ​ខ្ពស់​ដោយសារ​ក្រុម​សកម្មប្រយុទ្ធ​ដែលជា​បណ្តាញ​ភេរវជន​រដ្ឋ​ឥស្លាម​វាយប្រហារ​បន្តបន្ទាប់​គ្នា​។ ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត​គឺ​ការកាន់កាប់​ទីក្រុង Marawi នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​កាលពី​ចុងខែ​ឧសភា​កន្លងទៅ​។  ប្រតិបត្តិ​ការដណ្តើម​ទីក្រុង​នេះ​មកវិញ​នៅតែ​បន្ត​មកដល់​ឥឡូវនេះ ហើយ​មនុស្ស​ប្រហែល​២០០​នាក់​ហើយ​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុងនោះ​មាន​ក្រុម​ភេរវជន​យ៉ាងហោចណាស់ ១២០​នាក់​ដែរ​។ អ្វីដែល​គួរ​ឲ្យ​បារម្ភ​គឺ ក្រុម​សកម្មប្រយុទ្ធ​ដែល​ធ្វើ​សកម្មភាព​នៅ​ហ្វីលីពីន​ទាំងនោះ​មាន​ទាំង​ជនជាតិ​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​ផងដែរ​។ វា​បង្ហាញ​ឲ្យ​ឃើញថា ក្រុម​ភេរវជន​ពង្រីក​បណ្តាញ​របស់ខ្លួន​ស្ទើរ​ពាសពេញ​តំបន់​ទាំងមូល​ផងដែរ​។​

​អាស៊ីអាគ្នេយ៍​ជា​ជម្រក​ធំ​មួយ​សម្រាប់​បណ្តាញ​ក្រុម​ភេរវជន​ដែល​ប្រកាស​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​នោះ ហើយ​ប្រទេស​ម៉ូ​ស្លី​ម​ធំៗ​ដូចជា​ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី​នោះបាន​ចាប់​និង​ឃុំខ្លួន​ក្រុម​ជនសង្ស័យ​ជា​បណ្តាញ​ក្រុម​ភេរវជន​នេះ​អស់​ជាច្រើន​នាក់​មកហើយ​ដែរ​កន្លងមក​៕


Tag:
 ភេរវកម្ម​
  ដែ​ស្ហ​
 ​ឥណ្ឌូណេស៊ី​
  ចូ​កូ វី​ដូ​ដូ​
© រក្សាសិទ្ធិដោយ thmeythmey.com