អន្តរជាតិ
កាតាប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយអ៊ីរ៉ង់ ទោះប្រឈមជម្លោះការទូតជាមួយរដ្ឋអារ៉ាប់ផ្សេងទៀត
× ស្តេចកាតា Sheikh Tamim bin Hamad Al Thani បានជជែកតាមទូរសព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន រ៉ូហានី (Hassan Rouhani)។ ក្សត្រអង្គនេះបានបង្ហាញព្រះទ័យចង់ពង្រឹងទំនាក់ទំនងជាមួយអ៊ីរ៉ង់ ទោះបីជាត្រូវមានបញ្ហាប្រឈមជាមួយបណ្តារដ្ឋអារ៉ាប់ក៏ដោយ។
មេដឹកនាំកាតា និងអ៊ីរ៉ង់ប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ ស្របពេលដែលជម្លោះរវាងកាតា និងរដ្ឋអារ៉ាប់ផ្សេងទៀតនៅមិនទាន់ថមថយកម្តៅនោះ។ ជំហរកាតាប្រហែលជានឹងធ្វើឲ្យបណ្តាឲ្យប្រទេសអារ៉ាប់បក្សពួកអារ៉ាប៊ីសាអូឌីតខឹងសម្បារកាន់តែខ្លាំងថែមទៀត។
យោងតាមសារព័ត៌មានកាតា Al Mayadeen មហាក្សត្រកាតារូបនេះបានលើកឡើងក្នុងពេលសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន រ៉ូហានី កាតាកំពុងស្វះស្វែងគាំទ្រការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីដែលស្មុគស្មាញជាមួយអ៊ីរ៉ង់ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាប្រឈមក្នុងពិភពអារ៉ាប់ផងដែរ។
ការលើកឡើងពីជំហរស្តារទំនាក់ទំនងជាមួយអ៊ីរ៉ង់នេះ កើតឡើងប្រហែលពីរថ្ងៃប៉ុណ្ណោះក្រោយពេលដែលគុយវ៉ែតបញ្ចេញ លក្ខខណ្ឌចំនួន ១៣ ដែលអារ៉ាប៊ីសាអូឌីតនិងរដ្ឋអារ៉ាប់ទាមទារឲ្យឲ្យកាតាធ្វើដើម្បីអាចចំណងការទូតជាមួយពិភពអារ៉ាប់ឡើងវិញ ។ លក្ខខណ្ឌសំខាន់ៗមានដូចជា បិទទ្វារឈប់ទទួលកងទ័ពតួកគី បិទសារព័ត៌មាន Al Jazeera នៅកាតានិងរាល់សាខារបស់ខ្លួននៅបរទេស រួមទាំង បន្ថយកម្រិតទំនាក់ទំនងជាមួយអ៊ីរ៉ងផងដែរ។
ចំណែកលក្ខខណ្ឌផ្សេងទៀតមានដូចជា អនុវត្តគោលនយោបាយដែលថ្កោលទោសទំនាក់ទំនងរវាងកាតាមានជាមួយបណ្តាក្រុមប្រដាប់អាវុធឥស្លាមជ្រុលនិយម ឈប់ផ្តល់លុយគាំទ្រភេរវជន និងប្រគល់រាល់មនុស្សទាំងឡាយណាដែលត្រូវបានអារ៉ាប៊ីសាអូឌីត, អារ៉ាប់រួម អេមីរ៉ាត់, បារ៉ែន និងអេហ្ស៊ីប កំណត់ថាជាភេរវជនផង។
ដោយឡែកក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយក្សត្រកាតា ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន រ៉ូហានី វិញក៏បានប្រាប់ពីជំហររបស់អ៊ីរ៉ង់ក្នុងការបន្តគាំទ្រកាតាទល់នឹងទណ្ឌកម្មរបស់រដ្ឋអារ៉ាប់ផ្សេងទៀត។ អ៊ីរ៉ង់ ក៏បន្តបើកចំហផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសរបស់ខ្លួនសម្រាប់កាតាប្រើប្រាស់ផងដែរ ខណៈអ៊ីរ៉ង់កំពុងផ្គត់ផ្គង់ទំនិញចាំបាច់ជាច្រើនរយតោនឲ្យកាតាស្រេចហើយនោះ។
ចាប់តាំងពីជម្លោះកើតឡើងអ៊ីរ៉ង់បានដើរតួនាទីសំខាន់ក្នុងការជួយផ្គត់ផ្គង់បន្លែបង្កនិងសាច់ទៅកាន់កាតាផងដែរ។ ហើយរៀងរាល់ថ្ងៃ អ៊ីរ៉ង់បញ្ជូនស្បៀងអាហារដែលមានទំហំច្រើនជាង ១០០០តោនទៅកាន់កាតាផងដែរ ។
Tag:
កាតា
ហាសាន រ៉ូហានី
Sheikh Tamim bin Hamad Al Thani
អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com