ជាតិ
នយោបាយជាតិ
លោក ញឹក ប៊ុនឆៃ អរគុណម្ចាស់ឆ្នោត ហើយបក្សលោកត្រៀមខ្លួនសម្រាប់ឆ្នាំ២០១៨
× លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ នាថ្ងៃទី២៦ ខែមិថុនា នេះ បានថ្លែងការអរគុណម្ចាស់ឆ្នោត ដែលបានគាំទ្រគណបក្សរបស់លោក នាអំឡុងនៃការបោះឆ្នោតឃុំសង្កាត់កន្លងមក ហើយទទួលបានកៅអីមេឃុំ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាសម្រាប់អាណត្តិទី៤នេះ។
ជាមួយនឹងការថ្លែងអំណរគុណ លោក ញឹក ប៊ុនឆៃ បានអះអាងថា គណបក្សខ្មែររួបរួមជាតិរបស់លោកប្តេជ្ញាចិត្តចូលរួមការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨ ខាងមុខនេះ។
យោងតាមលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គណបក្សខ្មែររួបរួមជាតិ គឺជាគណបក្សតែមួយគត់ក្រៅពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលឈ្នះតំណែងមេឃុំ មួយនៅឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លទ្ធផលសរុបបានបង្ហាញថា គណបក្សខ្មែររួបរួមជាតិ បានកៅអីមេឃុំ១ ជំទប់ទីមួយនៅ២ឃុំ ជំទប់ទីពីរ នៅ១៦ឃុំ និងសមាជិកក្រុមប្រឹក្សាចំនួន២៤នាក់។ គណបក្សខ្មែររួបរួមជាតិ ក៏បានប្រកាសទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតផងដែរ៕
Tag:
បោះឆ្នោតឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com