ជាតិ
នយោបាយជាតិ
CPP នៅតែឈ្នះអាសនៈ១០០ភាគរយនៅឃុំ-សង្កាត់ជិត៤០ទូទាំងប្រទេស
× ទោះបីជាគណបក្សប្រជាជនកម្ពុជា បាត់បង់អាសនៈជាច្រើន បើប្រៀបធៀបទៅនឹងការបោះឆ្នោតឆ្នាំ២០១២ក៏ដោយ ប៉ុន្តែឃុំ-សង្កាត់ប្រមាណ៤០ទូទាំងប្រទេស នៅតែទទួលសំឡេងគាំទ្រដាច់ខាត ដែលនាំឲ្យគណបក្សមួយនេះ គ្រប់គ្រងតំណែងមេឃុំ ជំទប់ទីមួយ ជំទប់ទីពីរ និងសមាជិកក្រុមប្រឹក្សាទាំងអស់។
តាមលទ្ធផលបែងចែកអាសនៈផ្លូវការដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សប្រជាជនកម្ពុជាឈ្នះ១០០ភាគរយនៅឃុំចំនួន៣៨ ដែលក្នុងនោះ ១៧ឃុំនៅរតនគិរី ៥ឃុំនៅពោធិ៍សាត់ ៤ឃុំនៅកោះកុង ៤ឃុំនៅមណ្ឌលគិរី ៣ឃុំនៅស្ទឹងត្រែង ២ឃុំ-សង្កាត់នៅស្វាយរៀង ១ឃុំនៅបន្ទាយមានជ័យ ក្រចេះ និងព្រះវិហារ។
នៅខេត្តរតនៈគិរីដែលមាន៥០ឃុំ គណបក្សប្រជាជនកម្ពុជាឈ្នះ៤៨ឃុំ គណបក្សសង្គ្រោះជាតិឈ្នះ២ឃុំ។ ក្នុងនោះ ឃុំរហូតដល់ទៅ១៧ ត្រូវគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាទាំងស្រុង ដែលរួមមាន ឃុំតាឡាវ ស្រុកអណ្តូងមាស ឃុំលុងឃុង ស្រុកបរកែវ ឃុំសិរីមង្គល ស្រុកកូនមុំ ឃុំល្បាំង១ ស្រុកលំផាត់ ឃុំចារអ៊ុង ឃុំប៉ូយ ឃុំកាឡៃ ឃុំល្អក់ ស្រុកអូរជុំ ឃុំតាវែងលើ ឃុំតាវែងក្រោម ស្រុកតាវែង ឃុំប៉ុង ឃុំកាចូន ឃុំកោះប៉ង់ ឃុំកោះពាក្យ ឃុំកុកឡាក់ ឃុំប៉ាកាឡាន់ និងឃុំវើនសៃ ស្រុកវើនសៃ។
ចំណែកនៅខេត្តពោធិ៍សាត់ គណបក្សប្រជាជនកម្ពុជា ឈ្នះតំណែងមេឃុំ និងជំទប់ទីមួយ ទាំង៤៩ឃុំ។ ឃុំចំនួន៥ មានសមាសភាពដឹកនាំទាំងស្រុងពីគណបក្សប្រជាជនកម្ពុជា ក្នុងនោះមាន ឃុំរាំងទិល ស្រុកកណ្តៀង ឃុំអន្សាចំបក់ ឃុំកំពង់ពោធិ៍ ឃុំអូរសណ្តាន់ និងឃុំស្នាអន្សា ស្រុកក្រគរ ។
នៅខេត្តកោះកុង និងមណ្ឌលគិរី គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់នៅឃុំចំនួន៤ផងដែរ។ ខេត្តកោះកុងមាន ឃុំទួលគគីរ ក្នុងស្រុកមណ្ឌលសីមា ឃុំជីផាត និងថ្មដូនពៅ ក្នុងស្រុកថ្មបាំង រីឯខេត្តមណ្ឌលគិរី មាន មណ្ឌលគិរី ឃុំរយំ ឃុំសុខសាន្ត នៅស្រុកកោះញែក ឃុំសែនមនោរម្យ ស្រុកអូររាំង សង្កាត់រមនា ក្រុងសែនមនោរម្យ។
៣ឃុំនៅខេត្តស្ទឹងត្រែង ដែលគណបក្សប្រជាជនកម្ពុជាឈ្នះដាច់រួមមាន ឃុំសាមឃួយ ស្រុកសេសាន ឃុំសន្តិភាព ស្រុកសៀមប៉ាង និង ឃុំព្រះរំកិល ស្រុកថាឡាបរីវ៉ាត់ ។ រីឯនៅស្វាយរៀង មានឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។
ខេត្តបន្ទាយមានជ័យ មានឃុំតាបែន ក្នុងស្រុកស្វាយចេក រីឯខេត្តក្រចេះ មានឃុំបឹងចារ ក្នុងស្រុកសំបូរ។ គួរបញ្ជាក់ផងដែរថា ឃុំដែលគណបក្សប្រជាជនកម្ពុជាឈ្នះសំឡេងដាច់ សរុប៣៧ឃុំ សុទ្ធតែមាន៥អាសនៈ លើកលែងតែ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានរហូតដល់៧អាសនៈ៕
Tag:
បោះឆ្នោតឃុំ-សង្កាត់
CP
© រក្សាសិទ្ធិដោយ thmeythmey.com