ជាតិ
គ​.​ជ​.​ប ផ្សាយ​បញ្ជី​ឈ្មោះ​បេក្ខជន​ជាប់ឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ថ្មី​
28, Jun 2017 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ឈ្មោះ​បេក្ខជន​នៅ​ទូទាំង ២៥​រាជធានី​-​ខេត្ត ដែល​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ក្នុង​អាណត្តិ​ទី​៤​នេះ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បង្ហាញ​ហើយ នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២0១៧​។ លោកអ្នក អាច​ចូលទៅ​កាន់​តំណ​ភ្ជាប់​នេះ  ដើម្បី​ស្វែងរក​សមាសភាព​នៃ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ណាមួយ ដែល​លោកអ្នក​ចង់ដឹង​។



​ក្នុងចំណោម​គណបក្ស​ទាំង​១២ ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ក្នុង​អាណត្តិ​ទី​៤​នេះ មានតែ​គណបក្ស​៧​ប៉ុណ្ណោះ ដែល​ទទួលបាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​។

​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​សំឡេងឆ្នោត​ច្រើនជាងគេ​។ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​ចំនួន ៣.៥៤០.០៥៦ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​សំឡេងឆ្នោត​ចំនួន ៣.០៥៦.៨២៤​។ បើ​គិត​ជា​អាសនៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​៦៥០៣ (​បាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​ចំនួន​១១៥៦) ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​៥០០៧ (​បាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​ចំនួន​៤៨៩)​។​

​គណបក្ស​៥​ទៀត  គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​២៨ (​មិនបាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​) គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​២៤ (​បាន​តំណែង​ជា​មេឃុំ​១) គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​៥ (​មិនបាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​) គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​៤ (​មិនបាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​) និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​១ (​មិនបាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​)​។

​ចំណែកឯ​គណបក្ស​៥​ទៀត បានទទួល​ត្រឹម​សំឡេងឆ្នោត​ប៉ុណ្ណោះ តែ​មិនបាន​ទទួល​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ឡើយ​។ គណបក្ស​ទាំង​៥​នោះ គឺ​គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា គណបក្ស​អំណាច​ខ្មែរ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​៕


Tag:
 បោះឆ្នោត​ឃុំ​-​សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com