ជាតិ
នយោបាយជាតិ
លោក ឃួង ស្រេង ប្ដេជ្ញាលុបបំបាត់គ្រឿងញៀនក្នុងរាជធានីភ្នំពេញ រាប់ពីឆ្វេង លោក នួន ផារ័ត្ន អភិបាលរង,លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរង
× ភ្នំពេញ៖ ក្នុងពិធីចូលកាន់តំណែងជាអភិបាលរាជធានីភ្នំពេញនៅថ្ងៃទី២៨ មិថុនានេះ លោក ឃួង ស្រេង បានបង្ហាញការប្ដេជ្ញាចិត្តចំនួន៦ចំណុច ដើម្បីអបអរការឡើងតំណែងថ្មីរបស់ខ្លួន។
ក្នុងចំណោមគោលការណ៍៦ចំណុច ដែលត្រៀមដាក់បញ្ចូលក្នុងកិច្ចការដឹកនាំរាជធានីភ្នំពេញនេះ លោក ឃួង ស្រេង បានផ្ដោតទៅលើការទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀន ដើម្បីអនុវត្តឲ្យបានតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
ក្រៅពីនេះលោក ឃួង ស្រេង ក៏បានលើកពីការការពារសន្តិសុខ , ការគៀងគរអ្នកវិនិយោគជាតិ និងអន្តរជាតិ ដើម្បីការអភិវឌ្ឍក្នុងស្រុក, ការកែប្រែអត្តចរិកមន្ត្រីបម្រើសេវាសាធារណៈ និងការពង្រីកវិសាលភាពប្រទេសកម្ពុជា ក្នុងឆាកអន្តរជាតិជាដើម។
ទាក់ទងនឹងបញ្ហាគ្រឿងញៀននេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង ក៏ជំរុញឲ្យអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង សហការជាមួយអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់ និងលុបបំបាត់ឲ្យខាងតែបាននូវបទល្មើសនេះផងដែរ។ កាលពីថ្ងៃទី២៦ មិថុនា
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដុតបំផ្លាញគ្រឿងញៀន ចំនួនជាង១២៦ គីឡូក្រាម នៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
លោក ឃួង ស្រេង ចូលកាន់តំណែងអភិបាលរាជធានីភ្នំពេញជាផ្លូវការ ជំនួស
លោក ប៉ា សុជាតិវង្ស ដែលត្រូវចូលនិវត្តន៍ ហើយត្រូវបានព្រះមហាក្សត្រ តែងតាំងជាទីប្រឹក្សាផ្ទាស់សម្ដេច ហ៊ុន សែន មានឋានៈស្មើទេសរដ្ឋមន្ត្រី បន្ថែមលើមុខងាបច្ចុប្បន្ន។
ជាមួយគ្នានេះ
លោក កើត ឆែ អភិបាលរងខេត្តពោធិ៍សាត់ ប្រកាសចូលកាន់តំណែងអភិបាលរងរាជធានីភ្នំពេញ ខណៈដែលលោក នួន ផារ័ត្នសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជានៃខេត្តកំពង់ស្ពឺ ចូលកាន់តំណែងអភិបាលរងរាជធានីភ្នំពេញ ជំនួសលោក ប្រាក់ ថៃសៀង ដែលត្រូវទៅកាន់តួនាទីនៅក្រសួងមហាផ្ទៃ៕
Tag:
ឃួង ស្រេង
អភិបាល
គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com