ជាតិ
សង្គមជាតិ
ពលករ​ខ្មែរ ៤២​នាក់ នឹងត្រូវ​បញ្ជូន​ឡើង​តុលាការ​ថៃ​
29, Jun 2017 , 9:54 am        
រូបភាព
ភ្នំពេញ៖​ អាជ្ញាធរ​ថៃ បាន​ឃាត់ខ្លួន​ពលករ​ខ្មែរ ចំនួន ២២៥ នាក់ នៅក្នុង​កន្លែង​ស្នាក់នៅ​របស់​ពលករ​សំណង់ ក្នុងស្រុក​បាង​ឡា​មុង ខេត្ត​ឈុន​បុរី កាលពី​ថ្ងៃទី​២២ មិថុនា​កន្លងមក​។ ក្នុងចំណោម​ពលករ​ខ្មែរ​ទាំង ២២៥​នាក់​នេះ មាន​ពលករ​៤២​នាក់ ដែល​ត្រូវ​ភាគី​ថៃ​បញ្ជូនទៅ​តុលាការ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​ទើប​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៨​មិថុនា​។​


 
​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ឲ្យ​ដឹងថា ក្រោយ​បាន​ទាក់ទង​ជាមួយ​អាជ្ញាធរ​ថៃ ហើយ​ទទួលបាន​ព័ត៌មាន​ថា ក្នុងចំណោម​ពលករ​ខ្មែរ​ចំនួន ២២៥​នាក់ ដែល​ត្រូវបាន​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន នៅក្នុង​កន្លែង​ស្នាក់នៅ​របស់​ពលករ​សំណង់ ប្រទេស​ថៃ មាន​ពលករ​ចំនួន ៤០​នាក់ មាន​បណ្ណ​ពណ៌​ស៊ី​ជម្ពូ​តែ​ធ្វើ​ការខុស​កន្លែង និង​ពលករ​១៨៣​នាក់ ពុំមាន​ឯកសារ​អ្វី​ទាំងអស់ រួមទាំង​ពលករ​២​នាក់ មាន​បណ្ណ​អនុញ្ញាត​ការងារ​ក្លែងក្លាយ​។​
 
​បើតាម​ក្រសួងការបរទេស​កម្ពុជា ពលករ​ខ្មែរ​ដែល​ពុំមាន​ឯកសារ ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូនទៅ​ការិយាល័យ​អន្តោប្រវេសន៍ ដើម្បី​រៀបចំ​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ​។ ចំណែក ពលករ​មាន​បណ្ណ​ពណ៌​ស៊ី​ជម្ពូ​តែ​ធ្វើ​ការខុស​កន្លែង​ចំនួន​៤០​នាក់ និង​ពលករ​មាន​បណ្ណ​អនុញ្ញាត​ការងារ​ក្លែងក្លាយ​ពីរ​នាក់ នឹងត្រូវ​បញ្ជូន​ឡើង​តុលាការ​។ ហើយ​នៅពេលនេះ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ក៏​កំពុង​តាមដាន​និង​ជួយ​ដោះស្រាយ​លើ​បញ្ហា​ខាងលើនេះ​៕

Tag:
 ពលករ​
 ​ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com