ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្ត្រី​អាដហុក និង គ​.​ជ​.​ប នឹងត្រូវ​ដោះលែង នៅ​ថ្ងៃទី​២៩ មិថុនា​នេះ​
29, Jun 2017 , 7:11 pm        
រូបភាព
​ភ្នំពេញ​៖ មន្ត្រី​អាដហុក និង​គជប ទាំង​៥​រូប ដែល​កំពុង​ជាប់ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ដោយសារ​រឿងស្រី​មុំ​តាំងពី​ឆ្នាំ​២០១៦​មក​នោះ នឹងត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ នៅ​ថ្ងៃទី​២៩ មិថុនា​នេះ​។​

 
​លោក សំ សុខ​គង់ មេធាវី​ការពារ​ក្តី​មន្ត្រី​ទាំង​៥​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តាំង ស៊ុន​ឡាយ បានចេញ​សេចក្តីសម្រេច​ដោះលែង​កូនក្តី​លោក​វិញ​នៅថ្ងៃនេះ​។ ប៉ុន្តែ​លោក មិនទាន់​ដឹងថា ការសម្រេច​ដោះលែង​នេះ គឺជា​ការដោះលែង​ឲ្យ​កូនក្តី​លោក​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ឫ​ជាការ​សម្រេច​ទម្លាក់ចោល​បទចោទប្រកាន់​កូនក្តី​ខ្លួន​ទាំងស្រុង​នោះទេ​។​
 
 «​ខ្ញុំ​មិនទាន់​បានដឹងថា តុលាការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ ឬ​ទម្លាក់​បទចោទប្រកាន់​ទេ​។ ទាល់តែ​ថ្ងៃស្អែក​(​ទី​៣០ មិថុនា​) ទើប​ដឹងថា តើ​ការសម្រេច​របស់​តុលាការ​នេះ ជាការ​សម្រេច​បែបណា​មួយ​»​។ នេះ​បើតាម​លោក សំ សុខ​គង់ ដែល​បាន​បន្ថែមថា នៅពេលនេះ​រូបលោក រួមទាំង​ក្រុមគ្រួសារ​មន្ត្រី​អាដហុក និង​គ​.​ជ​.​ប កំពុង​រង់ចាំ​ទទួល​មន្ត្រី​ទាំង​៥​នាក់​នេះ នៅ​ពន្ធនាគារ​ព្រៃ​ស​ដែរ ដើម្បី​អបអរសាទរ​ការដោះលែង​ចេញពី​ពន្ធនាគារ​របស់​ពួកគេ​។​
 
​ទាក់ទង​នឹង​ករណី​មន្ត្រី​អាដហុក និង​គជប ទាំង​៥​រូបនេះ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក តាំង ស៊ុន​ឡាយ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​Fresh News ថា «​ចៅក្រម​បានចេញ​ដីកា​ដោះលែង​ពួកគេ​ទាំង​៥​នាក់ ហើយ​ការដោះលែង​អាច​នឹង​ធ្វើឡើង​នៅថ្ងៃនេះ​»​។​
 
​កាលពី​ថ្ងៃទី​២៥ មិថុនា ចៅក្រម​ស៊ើ​សួរ បានបញ្ចប់​សំណុំរឿង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ដោយ​ទម្លាក់​ទៅ​ឲ្យ​ព្រះរាជអាជ្ញា ដើម្បី​ធ្វើ​សេចក្តីសន្និដ្ឋាន​ស្ថាពរ​។​
 
​បើ​គិត​រហូតមក​ដល់ពេលនេះ មន្ត្រី​អាដហុក​បួនរូប ដែល​រួមមាន លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី ព្រមទាំង​លោក នី ចរិយា អគ្គលេខាធិការរង​គ​.​ជ​.​ប បាន​ជាប់ឃុំ​ជាង​មួយឆ្នាំ​ហើយ​។ មន្ត្រី​អាដហុក ត្រូវបាន​ចោទ​ពីបទ «​សូកប៉ាន់​សាក្សី​» ហើយ​មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​ចោទ​ពីបទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»​។ តុលាការ រកឃើញថា អ្នក​ទាំង​ប្រាំ បាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​របស់​ស្រីមុំ និង​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្សប្រឆាំង​៕

Tag:
 អាដហុក
 ​នី​ចរិយា​
 ​គជប​
© រក្សាសិទ្ធិដោយ thmeythmey.com