ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
អាដហុក ៖ ការដោះលែង​មន្ត្រី​អាដហុក និង​គ​.​ជ​.​ប ជា​ពន្លឺយុត្តិធម៌​សម្រាប់​ខ្លួន​
29, Jun 2017 , 9:49 pm        
រូបភាព
​ភ្នំពេញ​៖ មន្ត្រី​អាដហុក និង គ​.​ជ​.​ប ទាំង​៥​រូប ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​វិញ នៅ​យប់​ថ្ងៃទី​២៩ មិថុនា ។ គណបក្សនយោបាយ និង​សង្គម​ស៊ីវិល សាទរ​ចំពោះ​ការសម្រេច​របស់​តុលាការ ដោយ​ចាត់ទុកថា ការដោះលែង​ពួកគេ​នេះ គឺជា​សញ្ញា​ល្អ​មួយ​នៃ​ការគោរព​សិទ្ធមនុស្ស សម្រាប់​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨ ខាងមុខ​។​


 
​មន្ត្រីជាន់ខ្ពស់​សមាគម​អាដហុក លោក ស៊ឹង សែន​ករុណា ត្រេកអរ​យ៉ាងខ្លាំង​ដែល​សមាជិក​អាដហុក​ទាំ​ង​៤​រូប រួមទាំង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ជា​អតីតមន្ត្រី​អាដហុក​លោក នី ចរិយា ត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​។ លោក ស៊ឹង សែន​ករុណា ចាត់ទុក​ការដោះលែង​សមាជិក​ខ្លួន​ទាំងនេះ គឺជា​ពន្លឺយុត្តិធម៌​សម្រាប់​ស្ថាប័ន​អាដហុក ហើយក៏​ជាការ​លើកទឹកចិត្ត​ឲ្យ​សមាជិក​អង្គការ​លោក កាន់តែ​ខិតខំ​បំពេញការងារ​ជួយ​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធមនុស្ស និង​ភាពអយុត្តិធម៌​ក្នុងសង្គម​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ មន្ត្រីជាន់ខ្ពស់​សមាគម​អាដហុក បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​អបអរសាទរ​ចំពោះ​ការសម្រេច​ដោះលែង​ពួកគាត់​។ ខ្ញុំ​យល់ថា​វា​ជាស​ញ្ញា​ល្អ​មួយ ដែលជា​ពន្លឺយុត្តិធម៌​ដល់​អាដហុក​បើទោះជា​ពួកគាត់​ត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ស្ថិតនៅក្រោម​ការស៊ើបអង្កេត​របស់​តុលាការ​ក៏ដោយ​។ ហើយ​ខ្ញុំ​សង្ឃឹមថា​តុលាការ​នឹង​ផ្តល់​ភាពយុត្តិធម៌​បន្ថែមទៀត​ដល់​អាដហុក ដោយ​ទម្លាក់ចោល​ការចោទប្រកាន់​អ្នក​ទាំង​៥​នាក់​នេះ​ទាំងស្រុង​»​។​
 
​មិន​ខុសពី​លោក សែន​ករុណា ឡើយ​។ មន្ត្រីជាន់ខ្ពស់​អង្គការ​លីកាដូរ លោក អំ សំអាត យល់ថា ការដោះលែង​មន្ត្រី​អា​ហុក និង គ​.​ជ​.​ប នេះ គឺជា​សញ្ញា​ល្អ​មួយ ដែល​អាច​បន្ធូរ​ប​ន្ធ​យ​ភាព​តានតឹង​ក្នុងសង្គម មុន​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ ខាងមុខនេះ​។ «​យើង​អបអរសាទរ ព្រោះ​វា​ជាការ​ទទ្ទឹង​រង់ចាំ​ជាង​១​ឆ្នាំង​ហើយ​។ តែ​យើង​ក៏មាន​ការសោកស្ដាយ​ដែរ ព្រោះ​ការឃុំខ្លួន​ពួកគាត់​រយៈពេល​ជាង​១​ឆ្នាំនេះ វា​ធ្វើ​ឲ្យ​ពួកគាត់​មិនបាន​បំពេញការងារ​បម្រើ​ផលប្រយោជន៍​ជូន​ពលរដ្ឋ​។ ប៉ុន្តែ​វា​ក៏​ជាស​ញ្ញា​ល្អ​មួយ ដែល​ឈានទៅរក​ការបោះឆ្នោត​ខាងមុខនេះ​»​។​
 
​សម្រាប់​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ក៏​បង្ហាញ​អារម្មណ៍​សាទរ​មិន​ចាញ់​មន្ត្រីជាន់ខ្ពស់​សមាគម​អាដហុក និង​មន្ត្រីជាន់ខ្ពស់​អង្គការ​លីកាដូ​រដែរ​។ «​ខ្ញុំ​សប្បាយចិត្ត និង​ធូ​ទ្រូង​មែនទែន ដែល​មន្ត្រី​អា​ហុក និង​គជប ត្រូវបាន​ដោះលែង​។ ព្រោះ​កន្លងមក រាល់​ពេលដែល​កម្មករ​មាន​បញ្ហា ក្រុម​សហជីព និង​កម្មករ​តែងតែ​ទៅរក​ខាង​សង្គម​ស៊ីវិល​ទាំងនោះ ឲ្យ​ជួយ​ដោះស្រាយ​»​។ នេះ​ជាការ​បញ្ជាក់​ពី​អារម្មណ៍​ត្រេកអរ​របស់លោក ប៉ាវ ស៊ីណា​។​
 
​ទាំង​លោក ស៊ឹង សែន​ករុណា ទាំង​លោក អំ សំអាត និង​លោក ប៉ាវ ស៊ីណា សុទ្ធតែ​មិនដឹង​ពី​ហេតុផល​នៃ​ការសម្រេច​ដោះលែង​មន្ត្រី​អាដហុក និង គ​.​ជ​.​ប នោះទេ​។ ប៉ុន្តែ​លោក ស៊ឹង សែន​ករុណា បានដាក់​ការ​សន្និដ្ឋានថា មូលហេតុ​ដែល​តុលាការ​ដោះលែង​សមាជិក​ខ្លួន និង​មន្ត្រី គ​.​ជ​.​ប នេះ អាច​ទំនង​មកពី​ការដាក់​សម្ពាធ​ពី​អង្គការ​អាដហុក សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បានចេញ​សេចក្ដីថ្លែងការណ៍​ទាមទា​ឲ្យ​តុលាការ​ដោះលែង​ពួកគេ ជា​បន្តបន្ទាប់​កន្លងមក​នេះ​។ 
 
​ងាក​មក​គណបក្សនយោបាយ​វិញ ចាត់ទុក​ការដោះលែង​អ្នក​ទាំង​៥​រូបនេះ ជាការ​ប​ន្ធ​យ​ភាព​តានតឹង​នយោបាយ​ផងដែរ​។ លោក ប៉ុល ហំ​ម អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ៖«​ខ្ញុំ​យល់ថា ការដោះលែង​នេះ គឺជា​សញ្ញាណ​វិជ្ជា​មាន​សម្រាប់​អ្នកនយោបាយ និង​សង្គម​ស៊ីវិល​។ ហើយ​ខ្ញុំ សុំ​ស្នើ​រដ្ឋាភិបាល កុំ​ឲ្យ​យក​ប្រព័ន្ធតុលាការ ទៅ​គំរាមកំហែង​សង្គម​ស៊ីវិល ឬ​គណបក្សនយោបាយ​»​។​
 
​ប៉ុន្តែ​សម្រាប់​លោក សាម អ៊ី​ន អគ្គលេខាបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​វិញ យល់ឃើញថា ការដោះលែង​មន្ត្រី​អាដហុក និង​គជប គឺអាច​ទាក់ទង​នឹង​ទឹកចិត្ត​ដោយឡែក​មួយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។ «​ខ្ញុំ​ដូចជា​ភ្ញាក់ផ្អើល​ដែរ ចំពោះ​ការដោះលែង​ពួកគាត់​។ ការដោះលែង​នេះ ទំនងជា​ទាក់ទង​នឹង​ពិធី​រម្លឹក​ខួប​៦៦​ឆ្នាំ​នៃ​ការបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​២៨ មិថុនា ។ ខ្ញុំ​តែងតែ​កត់សម្គាល់​ឃើញថា ឲ្យ​តែមាន​ការ​ប្រារព្ធ​ពី​ធិ​បុណ្យ​សំខាន់​ណាមួយ ដូចជា​ថ្ងៃបុណ្យ​៧​មករា ថ្ងៃ​បង្កើត​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​២ ធ្នូ និង​ការ​រម្លឹក​ខួប​នៃ​ការបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ជាដើម គឺ​តែងមាន​ការដោះលែង សកម្មជន ឬក៏​អ្នកនយោបាយ នៅក្រោយ​មួយថ្ងៃ​នៃ​ការ​ប្រារព្វ​ពី​ធី​របស់​គណបក្ស​ប្រជា​ជននេះ​»​។ នេះ​ជាការ​យល់ឃើញ​របស់លោក សាម អ៊ី​ន​។​
 
​បើ​គិត​រហូតមក​ដល់ពេលនេះ មន្ត្រី​អាដហុក​បួនរូប ដែល​រួមមាន លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី ព្រមទាំង​លោក នី ចរិយា អគ្គលេខាធិការរង​គ​.​ជ​.​ប បាន​ជាប់ឃុំ​ជាង​មួយឆ្នាំ (៤២៧​ថ្ងៃ​) ហើយ ។ មន្ត្រី​អាដហុក ត្រូវបាន​ចោទ​ពីបទ «​សូកប៉ាន់​សាក្សី​» ហើយ​មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​ចោទ​ពីបទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»​។ តុលាការ រកឃើញថា អ្នក​ទាំង​ប្រាំ បាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​របស់​ស្រីមុំ និង​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្សប្រឆាំង​៕
 

Tag:
 អាដហុក​
 ​គជប​
 ​នយោបាយ​
 NGO
© រក្សាសិទ្ធិដោយ thmeythmey.com